កីឡាករ​ប៉ូ​ឡូញ Majka ឈ្នះដំណាក់ទី​14 ប្រណាំងកង់ Tour de France 2014 នៅ​បា​រាំង​

Rafal Majka បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​មាន​​ក្តី​រីក​រាយ​ជា​ខ្លាំង​ បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះទាំង​​ដំ​​ណាក់​​ទី១៤​ នៅ​ទី​ក្រុង Risoul ប្រទេស​បា​រាំង​ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៩​ ខែ​កក្ក​ដា។ ​

Majka ដែល​ជា​អ្នក​ជិះ​កង់ឱ្យ​ក្រុម Tinkoff-Saxo បាន​បញ្ចប់​ដំ​ណាក់មាន​ចម្ងាយ​ផ្លូវ១៧៧​គី​ឡូ​ម៉ែត្រ​​​ ចេញ​ដំ​ណើរ​​​ពី​ទី​ក្រុង​ ​Grenoble ឆ្ពោះ​​ទៅ​កាន់​ទី​ក្រុង​ ​​Risoul ​​ប្រ​ទេស​បា​រាំង​​​ ​​​ដោយ​ប្រើ​អស់​ថិរវេលា៥​ម៉ោង ៨​នាទី​ និង២៧​​វិនាទី​យក​ឈ្នះ​កីឡាករអុីតា​លី​ Vincenzo Nibali ​ជិះ​ឱ្យ​ក្រុម Astana Pro Team ដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​២៤​​វិ​នា​ទី ។ ចំណែកម្ចាស់​ផ្ទះ​បា​រាំង Jean-Christophe Péraud​ ជិះ​ឱ្យ​ក្រុម AG2R La Mondiale ស្ថិត​នៅ​លំ​ដាប់​ទី​៣​ក្រោយ​ពី​ប្រើ​ថិរវេលា​ច្រើន​ជាង Majka ២៦​វិនា​ទី ។​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ ​​Majka​បាន​បញ្ជាក់​ថា​ ៖ «​នេះ​ជា​ជោគជ័យ​លើក​ដំ​បូង​ក្នុង​អា​ជីព​របស់​ខ្ញុំ ។​ ជាច្រើន​ដំ​ណាក់​ និង​ជា​ច្រើន​កម្ម​វិធី​ប្រ​ណាំង​ ខ្ញុំ​ដណ្តើម​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ​២​ ឬ​លេខ៣​ប៉ុណ្ណោះ ។ ខ្ញុំ​គិត​ថា ពេល​នេះ​ ភាព​ខ្លាំង​របស់​ខ្ញុំ​កំពុង​លេចចេញ​ជា​បណ្តើរ​ៗ​ហើយ ។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​ណាំង​នៅ​ Tour of Italy ខ្ញុំ​បាន​ឈប់​សម្រាក​មួយ​រយៈ​ពេល​ ហើយ​កម្លាំង​របស់​ខ្ញុំ​ក៏​ចាប់​មាន​ឡើង​វិញ​ ។ ដូច្នេះសម្រាប់​ការ​ប្រ​ណាំង​នៅ​ដំ​ណាក់​បន្ទាប់​ ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម ។ ខ្ញុំក៏​​សូម​ថ្លែ​ង​អំ​ណរ​គុណ​ដល់​មិត្ត​រួម​​ក្រុម​ទាំង​អស់​​ផងដែរ​ដែល​បាន​ចូល​រួម​ចំណែក​​ក្នុង​ជ័យ​ជម្នះ​លើក​នេះ» ។​

ទោះ​ជា​យ៉ាង​ណា ជ័យ​ជម្នះ​លើក​នេះនៅ​ពុំ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​​ ដ្បិត​វា​​មិន​បាន​ជួយឱ្យ​​រូប​គេ​​​សន្សំ​​ពិន្ទុ​បាន​គ្រប់​គ្រាន់​ដើម្បី​​​​នាំ​មុខលើ​​តារាង​ពេល​វេលា​សរុបឡើយ​ ។ ​សូម​បញ្ជាក់​ថា ​នៅ​លើ​តារាង​ថិរវេលា​សរុប​ពេល​នេះ​ គឺ​កំពុង​នាំ​មុខ​ដោយ​កីឡាករអុីតា​លី​ Vincenzo Nibali​ ។​

​បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រណាំង​អស់​១៤​ដំណាក់​មក​នេះ​ ​​កីឡាកររូប​នេះ​​​បាន​ប្រើ​អស់​ថិរ​វេលា​​តិច​ជាង​គេ​បំផុត​ គឺ​៦១​ម៉ោង៥២​​​នា​ទី​ និង​៥៤​​​វិនាទី​ នាំ​មុខ​កីឡាករអេស្ប៉ាញ​​ Alejandro Valverde​ ដែល​បាន​ប្រើ​ពេល​ច្រើន​ជាង៤នា​ទី​និង​៣៧​វិ​នា​ទី​ ​។​ចំណែក​កីឡាករម្ចាស់​ផ្ទះ​បា​រាំង​​Romain Bardet របស់​​​ក្រុម AG2R La Mondiale ស្ថិត​នៅ​លំ​ដាប់​ទី​៣ ​បន្ទាប់​ពី​បាន​​​​ប្រើ​ថិរ​វេលា​ច្រើន​ជាង​៤នា​ទី​និង៥០​​​វិ​នា​ទី​ ។​​

ព្រឹត្តិ​ការ​ណ៍​​ប្រណាំង​កង់​កម្ម​វិធី​ Tour de France ​​​ឆ្នាំ​នេះ​​ចែក​ចេញ​ជា​​២១​​ដំណាក់​លើ​ចម្ងាយ​ផ្លូវ​សរុប​៣៦៦៣​,៥គីឡូ​ម៉ែត្រ ​។ ដោយ​ឡែក​ដំ​ណាក​​់​ទី​១៥ ​នៅ​ថ្ងៃ​ស្អែក​​មាន​ចម្ងាយ​ផ្លូវ២២២គីឡូ​ម៉ែត្រ ។ ការ​ប្រ​ណាំង​​​នឹង​ចេញ​ដំណើរ​ពី​ទី​ក្រុង​ Tallard ​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង ​Nîmes ប្រ​​ទេស​បា​រាំង​ ៕