ប៉ាក់គី​អាវ​ជួប​កីឡាករ​ប្រដាល់​មិន​ធ្លាប់​ចាញ់​អា​មេរិក Algieri ថ្ងៃ​ទី​​ 22វិច្ឆិកា​នៅ​ម៉ា​កាវ​​​​​​​​

យោង​តាម​លោក​បប់ អា​រ៉ាំ​ ដែល​ជា​អ្នក​រៀប​ចំ​ការ​ប្រ​កួត​បាន​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា កីឡាករ​របស់​ខ្លួន​គឺ​ម៉ា​នី ប៉ាក់​គី​អាវ​ នឹង​ជួប​ជា​មួយ​ Christopher Algieri ​​កីឡាករ​ប្រដាល់​មិន​ធ្លាប់​​​​​ចាញ់​​របស់​អា​មេរិក​ សម្រាប់​ការ​ឡើង​សង្វៀន​របស់​គេ​នៅ​ម៉ា​កាវ​ជា​លើក​ទី​២​ នា​ខែ​វិច្ឆិ​កា​ខាង​មុខ ។

ប្រ​ធាន​ក្រុម​ហ៊ុន​រៀបចំ​ការ​ប្រ​កួត Top Rank Promotions រូប​នេះ​បាន​បន្ត​ថា ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២២​ វិច្ឆិកានោះ​ ប៉ាក់​គី​អាវ​ នឹង​ត្រូវ​យក​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBO របស់​ខ្លួន​មក​ដាក់​ឱ្យ​ Algieri វាយ​ដណ្តើម ។  ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន​នៅ​ក្រុង​ម៉ា​នីល​ ប្រ​ទេស​ហ្វ៊ី​លី​ពីន ​តាម​រយៈ​ទូ​រស័ព្ទ​ កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​កន្លង​ទៅ លោក​អា​រ៉ាំ​ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ៖«អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​រៀបចំ​រួច​រាល់​អស់​ហើយ។ ប៉ាក់​គី​អាវ​ នឹង​ត្រូវ​ឡើង​ប្រ​កួត​ជា​មួយ​កីឡាករ Algieri» ។

ប៉ាក់​គី​អាវ​ វ័យ​៣៥​ឆ្នាំ​មាន​ឯតទគ្គកម្ម​ប្រ​កួត​ ៦៣​លើក ឈ្នះ​៥៦លើក ចាញ់​៥​ ស្មើ២ និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​៣៨​លើក ។ បើ​ទោះ​ គេ​ជា​កីឡាករ​ដែល​ល្បី​ឈ្មោះ​បំ​ផុត​លំ​ដាប់​ពិភព​លោក​ក្តី ប៉ុន្តែ​ការ​បរា​ជ័យ​២លើក​ផ្ទួន​ៗ​គ្នាក្រោម​ថ្វី​ដៃ​កីឡាករអា​មេរិក​ ធី​ម៉ូ​ធី ប្រែ៊តលី​ និង​កីឡាករ​ម៉ិក​ស៊ិក​ម៉ាក​ហ្គេស​ នៅ​ឆ្នាំ​២០១២​ ហាក់​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​គេ​ស្រ​អាប់​ ។ ឆ្នាំទៅ​មិញ​ កីឡាករ​​ហ្វ៊ី​លី​ពីន​រូប​នេះ​បាន​ទាញ​ប្រ​ជា​ប្រិយ​ភាព​បាន​មក​វិញ​ខ្លះ​ៗ​បន្ទាប់​ពី​ឈ្នះកីឡាករ​អា​មេរិក​២រូប​ គឺ​​ប៊្រែតលី​ក្នុង​ខែ​មេសា និង​ប្រែ៊ន​ដុន រី​យ៉ូស​ ក្នុង​ខែ​វិច្ឆិកា ។

ដោយ​ឡែក សម្រាប់ Algieri វ័យ៣០​ឆ្នាំ​ នៅ​ក្នុង​ការ​ប្រ​កួត​២០​លើក​ គឺ​មិន​ដែល​បរា​ជ័យ​ម្តង​ណា​ឡើយ ។ កាល​ពី​ខែ​មុន គេ​បាន​ផ្តួល​កីឡា ករ​រុស្ស៊ី Ruslan Provodnikov អតីត​មិត្តភក្តិ​ហាត់​សម​របស់​ប៉ាក់​គី​អាវ​ ក្នុង​លទ្ធផល​ពិន្ទុ​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ពិភព​លោក​ស្ថា​ប័ន WBO ។ មជ្ឈ​ដ្ឋាន​ទូ​ទៅ​មើល​ឃើញ​ថា ការ​ជួប​ជា​មួយ​ប៉ាក់​គី​អាវ​លើក​នេះ​ គឺ​ជា​ឱកាស​មាស​ដែល​កម្រ​មាន​កីឡាករ​ណា​ម្នាក់​ទទួល​បាន ៕