កីឡាករ Rosberg ទទួល​បាន​កុងត្រា​ថ្មី​ជា​មួយ​ក្រុម​​ F1 Mercedes ​​​​​​​​

​កីឡាករ​អា​ល្លឺ​ម៉ង់ Nico Rosberg កាល​ពី​ថ្ងៃ​ពុធ ​សប្តាហ៍​កន្លង​ទៅ​បាន​ចុះ​ហត្ថ​លេ​ខា​លើ​កុង​ត្រា​ថ្មី​មួយ​ជា​មួយ​ក្រុម Mercedes ។ កុងត្រា​ថ្មី​នេះ​មានន័យ​ថា Rosberg​ នឹង​បន្ត​បើក​បរ​ឱ្យ​ក្រុម​ Mercedes រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ។

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ចេញ​ផ្សាយ​តាម​គេ​ហទំ​ព័រ​ផ្លូវ​ការ​របស់​ខ្លួន ក្រុម Mercedes​បាន​បញ្ជាក់​ថា ៖ «ក្រុម Mercedes​ មាន​សេចក្តី​រីក​រាយ​ដោយ​សូម​ប្រ​កាស​ថា ក្រុម​បាន​ចុះ​ហត្ថ​លេ​ខា​បន្ត​កុងត្រា​ដែល​មាន​រយៈ​ជាច្រើន​ឆ្នាំ​ជា​មួយ​កីឡាករ Nico Rosberg កាល​ពី​ថ្ងៃ​ទី​១៤​កក្ក​ដា» ។

លោក​ Toto Wolff ប្រ​ធាន​ក្រុម Mercedes បាន​ថ្លែង​ថា​ ៖ «កុងត្រា​ថ្មី​នេះ​នាំ​មក​ឱ្យ​យើង​នូវ​ភាព​ស្ថិត​ស្ថេរ និង​និរន្តរភាព​ទៅ​ថ្ងៃ​ខាង​មុខ ហើយ​ខ្ញុំ​មាន​ក្តី​សោមនស្ស​ដែល​អាច​ធ្វើ​សេចក្តី​ប្រ​កាស​ព័ត៌​មាន​នេះ​ទាន់​ពេល​ការ​ប្រណាំង​នៅ​លើ​ទឹក​ដី​កំណើត» ។

ឯកីឡាករ Rosberg​ វិញ​បាន​ថ្លែង​ថា ​៖ «វា​ជា​ផ្លូវ​ដ៏​លំ​បាក​មួយ​ក្នុង​ការ​ឈាន​ទៅ​ដល់​ចំណុច​ដែល​យើង​ចង់​បាន​ ប៉ុន្តែ​គ្រប់​ៗគ្នា​បាន​រក្សា​ជំ​នឿ​ចិត្ត​ជា​ដរាប ។ អរគុណ​ចំពោះ​ការ​គាំ​ទ្រ​ពី​ក្រុម​ Mercedes ។ បច្ចុប្បន្ន​ យើង​កំ​ពុង​នាំ​មុខ​លើ​តារាង​ជើង​ឯក​ពិភព​លោក​ F1 ។ យើង​មាន​ការ​រីកចម្រើន​ខ្លាំង​រដូវ​កាល​ប្រ​ណាំង​ឆ្នាំ​កន្លង​ទៅ ។ ​ការ​រីក​ចម្រើន​នោះ​បាន​នាំ​ឱ្យ​យើង​បង្កើត​បាន​នូវ​រច្ច​នា​សម្ព័ន្ធ និង​សមត្ថ​ភាព​សម្រាប់​ថ្ងៃ​អនា​គត ។ យើង​ជា​ក្រុម​ខ្លាំង​មួយ​ ហើយ​ខ្ញុំ​មាន​ជំ​នឿ​ចិត្ត​ថា យើង​នឹង​នៅ​តែ​ប្រើ​មនុស្ស​ត្រូវ​ជំ​នាញ​គ្រប់​កម្រិត​ការ​ងារ​ទាំង​អស់​ក្នុង​ក្រុម» ។

Rosberg បច្ចុប្បន្ន​កំពុង​តែ​នាំ​មុខ​នៅ​លើ​តារាង​ជើង​ឯក​ពិភព​លោកជា​មួយ​កីឡាករ​អង់​គ្លេស Lewis Hamilton ដែល​បាន​ចូល​រួម​ក្នុង​ក្រុម​កាល​ឆ្នាំ​២០១៣ ។ គេ​បាន​នាំ​មុខ Hamilton​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ ។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​បើក​បរ​ឱ្យ​ក្រុម Mercedes តាំង​ពី​ឆ្នាំ​២០១០​ មក​ម៉្លេះ​ ។ រយៈ​ពេល​៥​រដូវ​កាល​ គេ​បាន​យក​ឈ្នះ​ជើង​ឯក​ចំ​នួន​៦​លើក​ ខណៈ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​ គឺ​មាន​៨​លើក ៕