កីឡាករ​អា​ល្លឺ​ម៉ង់ Rosberg ឈ្នះ​​ជើង​ឯក​ប្រ​ណាំង​រថយន្ត​F1 លើ​ទឹក​ដី​កំណើត​ ​​

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ទទួល​បាន​កុងត្រា​ថ្មី​ជា​មួយ​ក្រុម Mercedes កីឡាករ​អា​ល្លឺ​ម៉ង់ Nico Rosberg បាន​ជូន​កា​ដូ​មួយ​​ជា​ទី​ពេញ​ចិត្ត​ដល់​​ក្រុម​នេះ​ ដោយ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​នៅ​លើ​ទឹក​ដី​កំណើត​ German Grand Prix ។ ​ជ័យ​ជម្នះ​ការ​ប្រ​ណាំង​កាល​ពី​ថ្ងៃ​អា​ទិត្យ​ ទី​២០​ កក្ក​ដា​នោះ​ គឺ​ពិត​ជា​មាន​ន័យ​បំ​ផុត​ដ្បិត​សម្រាប់ Rosberg ​វា​ទើប​ជា​លើក​ទី​១ ​ប៉ុណ្ណោះ​ដែល​គេ​យក​ឈ្នះ​ការ​ប្រ​ណាំង​នៅ​ចំពោះ​មុខ​អ្នក​គាំ​ទ្រ​ជា​ជន​រួម​ជាតិ ។ ការ​ប្រ​ណាំង​ដែល​មាន​៦៧​ជុំ​ទី​លាន កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​ប្រើ​អស់​ថិរវេលា១​ម៉ោង ៣៣​នា​ទី​និង៤២.៩១៤​វិ​នា​ទី​ នាំ​មុខ​កីឡាករ​ហ្វាំង​ឡង់ Valtteri Bottas​បើក​បរ​ឱ្យ​ក្រុម Williams ដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង២០.៧៨៩​វិ​នា​ទី ។

ចំណែក​កីឡាករ​អង់​គ្លេស​ Lewis Hamilton បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៣ ​បន្ទាប់​ពី​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​មិត្តរួម​ក្រុម Rosberg ២២.៥៣០​វិ​នា​ទី ។ ថ្លែង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​ណាំង Rosberg​បាន​បញ្ជាក់​ថា ៖ «វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អា​រម្មណ៍​រក​ថា​មិន​ត្រូវ​ដែល​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ដូច្នេះ ។ នេះ​ជាថ្ងៃ​ដ៏​ពិ​សេស​បំ​ផុត»។ គួរ​កត់​សម្គាល់​ថា នេះ​ជា​លើក​ទី​៤​ហើយ​ដែល​កីឡាករ Rosberg ដណ្តើម​បាន​ជ័យ​ជម្នះ​ជូន​ក្រុម Mercedes សម្រាប់​រដូវ​កាល​នេះ ។ បើ​និយាយ​សម្រាប់​អា​ជីព​គេ​វិញ វា​ជា​ជ័យ​ជម្នះ​លើក​ទី​៧ ។

​ដោយ​ឡែក​ នៅ​លើ​តារាង​ជើង​ឯក​ពិភព​លោក​វិញ បន្ទាប់​ពី​បញ្ចប់​​ការ​ប្រ​ណាំង​ជុំ​នេះ​ Rosberg ស្ថិត​នៅ​ជា​អ្នក​នាំ​មុខ​គេ​ជា​ដដែល ។ គេ​សន្សំ​បាន១៩០​ពិន្ទុ​ នាំ​មុខ​កីឡាករ​មិត្តរួម​ក្រុម Lewis Hamilton ដែល​សន្សំ​បាន១៧៦​ពិន្ទុ ។ ស្ថិតនៅ​ជា​អ្នក​នាំ​មុខ​លំ​ដាប់​ទី​៣ ​គឺ​កីឡាករ Daniel Ricciardo ។ អ្នក​បើក​បរ​ឱ្យ​ក្រុម Red Bull រូប​នេះ​សន្សំ​បាន១០៦​ពិន្ទុ នាំ​មុខ​កីឡាករ​អេស្ប៉ាញ ​Fernando Alonso ដែល​មាន​តែ​៩៧​ពិន្ទុ ៕