ពលរដ្ឋ​​ខ្មែរ​​បារាំង​​ច្រើន​​សិប ទាមទារ​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា គោរព​​កិច្ច​​ព្រម​​ព្រៀង​​ក្រុង​​ប៉ារីស


ក្នុងនាមជាហត្ថលេខី នៃសន្ធិសញ្ញាមួយ មិនអាចធ្វើមិនដឹងមិនឮ ពីការគោរពសន្ធិសញ្ញានោះ ឲ្យបាន​ខ្ជាប់​ខ្ជួន​បាន​ឡើយ។ ជាពិសេស នៅពេលដែលពលរដ្ឋដើមកំណើតខ្មែរ ជាច្រើនសិបនាក់ បានថ្លែងឡើងវិញ ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ១៩៩១ ស្ដីពីសន្ដិភាព នៅប្រទេសកម្ពុជា។
ពលរដ្ឋ​​ខ្មែរ​​បារាំង​​ច្រើន​​សិប ទាមទារ​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា គោរព​​កិច្ច​​ព្រម​​ព្រៀង​​ក្រុង​​ប៉ារីស

ការឡើងថ្លែង របស់បាតុករ ដែលជាពលរដ្ឋមានដើមកំណើតខ្មែរ នៅលើទីលានត្រូកាដេរ៉ូ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង។ (រូបថតដារ៉ា)

«ថ្ងៃនេះ ជាថ្ងៃទី២៤ (ខែតុលា ឆ្នាំ២០១៥) នៃឆ្នាំទី២៤ នៃសន្និសីទទីក្រុងប៉ារីស ដែលជាកេរ្ត៍មរតកមួយ យ៉ាង​មានតម្លៃ» នេះជាសម្ដីអះអាង របស់លោក ហម ប៊ុនឆាយ តំណាងឲ្យគណៈកម្មការព្រំដែនកម្ពុជា នៅក្រៅ​ប្រទេស ដែលជាអ្នករៀបចំបាតុកម្ម នៅលើទីលាន ត្រូកាដេរ៉ូ ក្បែរនឹងតួអេហ្វែល កណ្ដាលរដ្ឋធានីប៉ារីស ប្រទេស​​បារាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា និងបណ្ដាប្រទេសហត្ថលេខី មានជាអាថ៌ប្រទេសវៀតណាម គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវសន្ធិសញ្ញា​កិច្ចព្រមព្រៀងសន្ដិភាព កាលពីឆ្នាំ១៩៩១។

នៅចំពោះអ្នកចូលរួម ជាច្រើនសិបនាក់ ដែលធ្វើដំណើរពីតំបន់ជុំវិញរដ្ឋធានីប៉ារីស ពីបណ្ដាខេត្តនានា នៅក្នុង​ប្រទេសបារាំង និងពីប្រទេស ជាប់ព្រំដែនបារាំងផងនោះ លោក ប៊ុនឆាយ បានបន្តទៀតថា៖ «ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១នេះហើយ ដែលប្រទេសខ្មែរ មានបូរណភាពទឹកដី មានឯកភាពជាតិ មានសិទ្ធិមនុស្ស (...) ហើយ​ទី​បញ្ចប់ មានការកសាងប្រទេសកម្ពុជាឡើងវិញ»។

«ហ៊ុន សែន ចុះចេញ»

ប៉ុន្តែក្រុមបាតុករ ដែលបានមកចូលរួម ហាក់មិនបាន នៅត្រឹមតែការទាមទារ សុំឲ្យមានការគោរព កិច្ចព្រម​ព្រៀង​ទីក្រុង ប៉ារីស ប៉ុណ្ណោះទេ។ ជាមួយនឹងបដា ដែលសរសេរថា «Hun Sen dégage» ឬ «ហ៊ុន សែន ចុះ​ចេញ» បាតុករជាច្រើននាក់ បានបរិហាពីអំពើពុករលួយ បក្សពួកនិយម អយុត្តិធម៌សង្គម ការបំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ និងបានស្រែក​ទាមទារ ឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា ឲ្យ​ចុះ​ចេញ​ពីតំណែង។

មិនអាចទាក់ទងស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង ដើម្បីធ្វើប្រតិកម្មពីការទាមទារ នៃបាតុកម្មនេះបាន​ឡើយ ដោយសារថ្ងៃសៅរ៍ ជាថ្ងៃឈប់សម្រាក។ ប៉ុន្តែបាតុកម្ម ដែលរៀបចំ ដោយគណៈកម្មការព្រំដែនកម្ពុជា​នៅ​បរទេសនេះ បានរៀបចំធ្វើមុនមួយថ្ងៃ នៃដំណើរអញ្ជើញមកដល់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវការ ក្រោមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែតុលា នៅក្នុងប្រទេសបារាំង។ នៅក្នុងរយៈពេល នៃដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន ទំនងជាត្រូវស្វាគមន៍ ដោយបាតុកម្មជាច្រើនទៀត របស់​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ ដែល​មិន​ពេញ​​ចិត្ត នឹងការ​ដឹកនាំ​ប្រទេស របស់លោក។

សូមរំលឹកជូនថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ ត្រូវបានចុះហត្ថលេខាដោយ​អង្គការ​សហ​ប្រជាជាតិ ប្រមុខ​ការទូតនៃប្រទេសចំនួន ១៨ និងភាគីជម្លោះខ្មែរទាំងបួន រួមមានសម្តេចព្រះបាទ នរោត្តម សីហនុ លោក សឺន សាន លោក ប៉ុល ពត (តំណាងដោយលោក ខៀវ សំផន) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយកាល​នោះ ​មាន​ប្រទេសបារាំង និង​ឥណ្ឌូនេស៊ីជាសហប្រធាន៕


» ខាងក្រោមនេះ ជារបាយការណ៍រូបភាព និងវីដេអូ មួយចំនួន នៃបាតុកម្មថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥៖

ពលរដ្ឋ​​ខ្មែរ​​បារាំង​​ច្រើន​​សិប ទាមទារ​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា គោរព​​កិច្ច​​ព្រម​​ព្រៀង​​ក្រុង​​ប៉ារីស


ពលរដ្ឋ​​ខ្មែរ​​បារាំង​​ច្រើន​​សិប ទាមទារ​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា គោរព​​កិច្ច​​ព្រម​​ព្រៀង​​ក្រុង​​ប៉ារីស


ពលរដ្ឋ​​ខ្មែរ​​បារាំង​​ច្រើន​​សិប ទាមទារ​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា គោរព​​កិច្ច​​ព្រម​​ព្រៀង​​ក្រុង​​ប៉ារីស