ជនសង្ស័យ៣នាក់​លួចកាបូប​​លុយ​អ្នកភូមិជាមួយគ្នាអស់ជាង​៣ពាន់​ដុល្លារ​

ខេត្តកណ្ដាល ​៖ ​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់ខ្លួន​យុវជន៣​នាក់ កាលពីរសៀល​ថ្ងៃ​ទី​២៤ ​តុលា បន្ទាប់​ពីយុវជន​ទាំង​នេះ​​​លួច​កាបូប​លុយ​អ្នក​ភូមិ​ជា​មួយ​គ្នា​ កាលពីវេលា​ម៉ោង​២និង​៣០​នាទី​រសៀលថ្ងៃ​ទី​២២ ​តុលា នៅ​ផ្ទះ​​ម្ចាស់កាបូប ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ​ហើយ​យក​លុយ​ទៅ​ដើរ​ស៊ីចាយ​អស់​ ។

ម​ន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​​ចាប់ខ្លួន​ទាំង​៣​នាក់​​ខាង​លើនេះ ​មាន​ ១-​ឈ្មោះ ច្រឹ​ក មក​រា ហៅ​ខ្លា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ២-​ឈ្មោះ សិន សុ​ផាត ហៅ​ហើម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​និង​​៣-​ឈ្មោះ វុ​ធ ដា​វិត ​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ ​ទាំង​៣​មាន​ទីលំនៅភូមិឃុំ​កើតហេតុ​ខាងលើ​ មុខរបរ​មិន​ពិតប្រាកដ ។​ ចំណែក​​ម្ចាស់​កាបូប​ឈ្មោះ អ៊ឹង​ វិបុល ភេទ​ស្រី អាយុ​៣០​ឆ្នាំ ទីលំនៅ​ចំណុច​កើតហេតុ ​ជា​​ជាងកាត់ដេរ​​សម្លៀក​បំពាក់​ ។ ត្រូវ​ជនសង្ស័យ​លួច​យក​កាបូប​លុយ​ ដែល​មាន​ ប្រាក់​​​ខ្មែរ​ចំនួន ២.២០០.០០០​រៀល​ ​ប្រាក់​អាមេរិក​​​ចំនួន២.២០០​ដុល្លារ ​និង​ខ្សែ​.ក​​ប្លា​ទី​ន១ខ្សែទម្ងន់​៣​ជី​ សរុប​អស់​ជាង​៣ពាន់ដុល្លារ​ ។

លុះដល់​ថ្ងៃ​ទី​២៤​​ តុលា​ ​ម្ចាស់​កាបូប​លុយ​មានការ​សង្ស័យ​ទៅ​លើជន​​៣​នាក់​​ខាង​លើ​ ក៏​បាន​​ទៅ​​ប្តឹង​នគរបាល​ទើប​ឈាន​ទៅ​ឃាត់ខ្លួន​ជនទាំង​៣​នាក់​យក​មក​សួរនាំ​ ​។ ​នៅ​ចំពោះ​មុខសមត្ថកិច្ច ​ជន​សង្ស័យ​ទាំង​៣នាក់បាន​​សារភាព​​ថា​ ​ពួក​គេ​ទាំង​៣​នាក់​បាន​បបួល​គ្នា​ទៅ​លួច​​​នៅផ្ទះ​ខាង​លើ លុះ​ពេល​ទៅ​ដល់​ឃើញ​​ម្ចាស់​កំពុង​ដេក​លក់ ក៏​បាន​លូចយក​​កាបូប​លុយ​បាន​សម្រេច និង​​នាំ​គ្នា​​យក​ទៅ​ដើរ​លេង​ស៊ីចាយអស់​​ពិត​ប្រាកដ​​មែន ។

ជនសង្ស័យ​​ទាំង​៣នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​ ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕