មិន​គួរ​ឱ្យ​ជឿ​ជើង​ខ្លាំង​កម្ពុជា​ទាំង​4​រូប​ចាញ់​ថៃ​ទាំងអស់​នៅ​លើ​សង្វៀន​អន្តរជាតិ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍ ទី​២៤ តុលា នៅ​លើ​សង្វៀន​ទូរទស្សន៍​២​ផ្សេង​គ្នា​គឺ​ប៉ុស្ដិ៍​អាស៊ី​អាគ្នេយ៍ និង​ប៉ុស្ដិ៍​លេខ​៥ មានការ​ប្រកួត​អន្តរជាតិ​ចំនួន​៣​គូ ដែល​ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​សុទ្ធតែ​ត្រូវ​គេ​មើលឃើញ​ថា​មានការ​ចាប់អារម្មណ៍​ទាំងអស់​ក្នុង​ក្រសែភ្នែក​អ្នក​ទស្សនា​។ នៅ​ថ្ងៃ​នោះ​ដែរ ក្នុង​ប្រទេស​វៀតណាម​ឯណោះ​វិញ ក៏​មានការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​ផង​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​គេ​កត់​សម្គាល់ថា​មិន​គួរ​ឱ្យ​ជឿ​នោះ គឺ​កីឡាករ​កម្ពុជា​ចាញ់​កីឡាករ​ថៃ​ទាំង​៤​គូ បើ​ទោះជា​ពួក​គេ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ល្បីឈ្មោះ​នៅ​ក្នុង​សហព័ន្ធ​ប្រដាល់​កម្ពុជា​ក្តី ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មានការ​ប្រកួត​អន្តរជាតិ​ចំនួន​២​គូ ដោយ​មាន​វត្តមាន​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ឈឿ​ន ឆៃ​ដែន និង​កីឡាករ​ផា​ន់ គ្រាន់ ជា​អ្នក​ស្វាគមន៍​កីឡាករ​ថៃ​។ ឈឿ​ន ឆៃ​ដែន ត្រូវ​គេ​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phach Nam Ek ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ដែរ ។ អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ច្រើន​កុះករ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ ដោយ​សឹង​មិន​មាន​កន្លែង​អង្គុយ ឬ​ឈរ​ទស្សនា​បាន​ដោយ​ស្រួល​។ ការ​ប្រកួត​របស់​គូ​នេះ មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​នោះ​ទេ ដោយសារ​តែ​ឈឿ​ន ឆៃ​ដែន មក​ពី​ក្លិប​និរោធ​មាន​ជ័យ ប្រើ​អស់​សមត្ថភាព ហើយ​កីឡាករ​ថៃ Pach Nam Ek ក៏​បញ្ចេញ​អស់​បច្ចេកទេស ។ ពេញ​រយៈពេល​៥​ទឹក គេ​ឃើញ​កីឡាករ​ថៃ​ដែល​ឆ្លងកាត់​ប្រកួត​បាន​៧០​លើក ឈ្នះ​៥៨​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក មាន​ប្រៀប​ជាង​ប៉ុន្តែ​មិនមែន​ឈ្នះ​ដាច់​នោះ​ទេ ដោយសារ​តែ​កីឡាករ​កម្ពុជា​ដែល​ធ្លាប់​ប្រកួត​បាន​៧១​លើក ឈ្នះ​៥៩​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក​ក៏​មិន​អន់​ក្នុង​ការ​វាយ​សន្ធាប់​ដែរ​។ យ៉ាងណា​ក៏​ដោយ កីឡាករ​ថៃ​នៅ​តែ​ឈ្នះ​ពិន្ទុ​ចុង​ក្រោយ ដោយសារ​តែ​មានឱកាស​វាយ​សន្ធាប់​បាន​ត្រូវ​ល្អ​ជាង ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ កីឡាករ​ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា រឹតតែ​យ៉ាប់យ៉ឺន​ជាង​ឈឿ​ន ឆៃ​ដែន ទៅ​ទៀត ។ គេ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phlay Noy ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ ក្នុង​ទឹក​ទី​១ ភាគី​កម្ពុជា​ល្អ​ជាង ប៉ុន្តែ​នៅ​ទឹក​ទី​២ ភាគី​ទាំង​ពីរ​ចាប់ផ្ដើម​មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា ។ ប៉ុន្តែ​ក្នុង​ពេល​ការ​ប្រកួត​កាន់តែ​ឡើង​កម្ដៅ កីឡាករ​ថៃ​បែរជា​មានឱកាស​ម៉ាត់​ត្រូវ​ពេញទំហឹង​ចំ​សៀតផ្កា​កីឡាករ​ផា​ន់ គ្រាន់ ធ្វើ​ឲ្យ​គេ​ដួល​សន្លប់​ក្រោក​មិន​រួច​តែ​ម្ដង ។ ទោះជា​មាន​សំឡេង​លើកទឹកចិត្ត​របស់​អ្នក​ទស្សនា​ឲ្យ​ក្រោក ក៏​កីឡាករ​ផា​ន់ គ្រាន់ ដែល​ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥៨​ដង ចាញ់​៨​ដង និង​ស្មើ​៤​ដង មិន​អាច​ទៅ​រួច ហើយ​សុខចិត្ត​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២  ។ អ​ញ្ចឹ​ង​ហើយ​ទើប​គេ​ឃើញ​កីឡាករ​ថៃ Phlay Noy ដែល​ធ្លាប់​ប្រកួត​បាន​៨៨​ដង ឈ្នះ​៧៧​ដង ចាញ់​៨​ដង និង​ស្មើ​៣​ដង លោត​កញ្ជ្រោល​ស្ទើរ​បាក់​រេញ នៅ​ពេល​មានការ​ប្រកាស​ឱ្យ​ឈ្នះ ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ឯណោះ​វិញ ក៏​មានការ​ប្រកួត​ដ៏​កក្រើក​ណាស់​ដែរ​។ កីឡាករ​២​រូប​បាន​ឡើង​ប្រកួត​គ្នា​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ផង និង​គូ​ជម្រុះ​ឆ្ពោះទៅ​យក​លេខ​១ និង​លេខ​២​ផង ។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​ជ្រោយចង្វា​ប៉ុស្ដិ៍​លេខ​៥ ជាប់​សាកលវិទ្យាល័យ​ន័​រ​តុ​ន​នោះ ត្រូវ​គេ​ឃើញ​មាន​អ្នក​ទស្សនា​កកកុញ​មិនដឹង​មកពីណា​ទេ​។ អ្នក​ទស្សនា​មក​ច្រើន​បែប​នេះ ដោយសារ​តែ​ពួក​គេ​ចង់​ដឹង​ថា​កីឡាករ​ណាខ្លះ​ឆ្លង​ផុត​វគ្គ​ខ្វែង ហើយ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ កីឡាករ​ឈាន ហុង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​ថៃ Meerachai Menayuthin គឺជា​គូ​អន្តរជាតិ​ដែល​មានការ​ចាប់អារម្មណ៍​ជាងគេ ដោយសារ​តែ​ពួក​គេ​គឺជា​ជើង​ខ្លាំង​ដូច​គ្នា​ប្រចាំ​ពូ​ល​រៀងខ្លួន មុន​ពេល​ប៉ះ​គ្នា ។ ម្យ៉ាង​មក​ពី​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ បើ​អ្នក​ណា​ឈ្នះ​នឹង​ក្លាយជា​ជើងឯក​នោះ​ផង ទើប​លទ្ធផល​ចាញ់​ឈ្នះ​របស់​គូ​នេះ អ្នក​ណា​ក៏​ចង់​ដឹង ។ ក្នុង​ទឹក​ទី​១ កីឡាករ​ឈាន ហុង បាន​វាយ​កីឡាករ​ថៃ​ឲ្យ​បាក់​ខ្ទង់ច្រមុះ​ភ្លាម​ៗ ដោយ​សូ​ម្បី​តែ​កីឡាករ​ថៃ​ត្រូវ​គេ​ស្គាល់​រួច​មក​ហើយ​ថា​មិន​អន់ ហើយ​មិន​ងាយ​ឲ្យ​ជើង​ខ្លាំង​ណា​ម្នាក់​ចូល​ចុះ ។ ក្នុង​ទឹក​ទី​២ កីឡាករ​កម្ពុជា​នៅ​តែ​គ្រប់គ្រង​ឱកាស​បាន​ច្រើន​ជាង​ដដែល ដោយសារ​តែ​កីឡាករ​ថៃ​បារម្ភ​ពី​ការ​បាក់​ខ្ទង់ច្រមុះ ហើយ​មិនសូវ​ហ៊ាន​សម្រុក ។ ប៉ុន្តែ​នៅ​ទឹក​ទី​៣ កីឡាករ​កម្ពុជា​ចាប់ផ្ដើម​ទ័ល​ស្នៀត ក្នុង​ពេល​កីឡាករ​ថៃ​ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ចាប់ផ្ដើម​ប្រើ​ជើង​ទាត់​ឆ្មក់ ហើយ​មិនសូវ​ចូល​កៀក​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ពិបាក​វាយ​ត្រូវ ។ នៅ​ទឹក​ទី​៤ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​កាន់តែ​ល្អមើល​ថែម​ទៀត ដោយសារ​តែ​ឈាន ហុង ប្រឹង​ស្ទុះ​វាយ​កែង​ប្ដូរ​ដើម្បី​ដណ្ដើម​យកជ័យ​ជម្នះ ប៉ុន្តែ​ត្រូវ​កីឡាករ​ថៃ​វាយ​សង​វិញ​ក្ដៅ​ៗ ។ នៅ​ក្នុង​ទឹក​នេះ គ្រាន់តែ​កីឡាករ​កម្ពុជា​វាយ​ម៉ាត់​ត្រូវ​ចំ​មុខ​កីឡាករ​ថៃ​ភ្លាម ក៏​ត្រូវ​ជើង​ខ្លាំង​ជា​គូប្រកួត​ទាត់​សង​វិញ​មួយ​ទំហឹង​ចំ​ចុងដង្ហើម​ជា​ថ្មី​បណ្ដាល​ឲ្យ​សន្លប់​ក្រោក​លែង​រួច​តែ​ម្ដង ។ ការ​ប្រកួត​របស់​ពួក​គេ​មាន​សភាព​ជក់ចិត្ត​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ពេល​កីឡាករ​កម្ពុជា​មាន​ប្រៀប​លើ​កីឡាករ​ថៃ គឺ​សំឡេង​ទះដៃ​លាន់​ស្ទើរ​រហែក​ដំបូល​សង្វៀន ។ ប៉ុន្តែ​នៅ​ពេល​លទ្ធផល​មានការ​ប្រែប្រួល​ព្រោះតែ​កីឡាករ​ថៃ​វាយ​ឲ្យ​កីឡាករ​កម្ពុជា​សន្លប់​ត្រឹម​ទឹក​ទី​៤​វិញ ក៏​មាន​អ្នក​ទះដៃ​គាំទ្រ​លាន់ឮ​បែប​នេះ​ផង​ដែរ ។ ១​គូ​ដណ្ដើម​ខ្សែក្រវាត់​ទៀត កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត មក​ពី​ក្លិប​គី​សែ​មាន​ឫទ្ធិ​អាជ្ញាធរ​ជាតិ​គីមី បាន​វាយ​ឲ្យ​កីឡាករ​ថៃ ប៊ុ​ន​ហាន មក​ពី​ក្លិប​ឫ​ទិ្ធ​ពោធិ៍​សែន​ជ័យ​បាក់ដៃ​ឆ្វេង ហើយ​មានឱកាស​ឡើង​ទៅ​យក​លេខ​១ និង​លេខ​២​ជាមួយ​កីឡាករ​ថៃ ។

មិន​ខុស​ពី​លទ្ធផល​របស់​កីឡាករ​កម្ពុជា​៣​រូប​ក្នុងស្រុក​នោះ​ដែរ កីឡាករ​កែវ រំ​ចង់ ឯណោះ​វិញ ក៏​ស្ពាយ​លទ្ធផល​បរាជ័យ​នៅ​ក្នុង​ព្រឹត្តិការណ៍ Thai Fight ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម កាលពី​រាត្រី​ថ្ងៃ​សៅរ៍​នោះ​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ ជ័យជម្នះ​ដោយ​ពិន្ទុ​របស់​កីឡាករ​ថៃ Iquezang Kor.Rung Thanakeat មិន​មានការ​កោតសរសើរ​នោះ​ទេ ដោយ​អ្នក​ទស្សនា​ភាគច្រើន​សុទ្ធតែ​រិះគន់​ថា​ជា​លទ្ធផល​បែប​លម្អៀង ។ អ្នកគាំទ្រ​កីឡាករ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា នោះ​ជា​ការ​កាត់ក្ដី​មិន​យុត្តិធម៌ ដោយសារ​តែ​កីឡាករ​កម្ពុជា​វាយលុក​បាន​ល្អ​ពេញ​រយៈពេល​៣​ទឹក ប៉ុន្តែ​បែរជា​ឲ្យ​ចាញ់​ពិន្ទុ ដោយ​គ្រាន់តែ​កែវ រំ​ចង់ វាយ​ថៃ​មិន​បាន​សន្លប់ ។ យោង​តាម​ការ​ប្រកួត កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ Iquezang Kor.Rung Thanakeat ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ខ្លាំង​ទាំង​ក្បាច់​ប្រដាល់សេរី និង​សាកល មាន​សភាព​មិន​ស៊ីសង​គ្នា​នោះ​ទេ សម្រាប់​ការ​ប្រកួត​ទាំងមូល​។ កីឡាករ កែវ រំ​ចង់ ត្រូវ​គេ​ឃើញ​មាន​ប្រៀប​ព្រោះតែ​បាន​វាយ​ឲ្យ​ថៃ​ឈាម​ច្រមុះ និង​ដេញ​វាយ​ថៃ​ពេញ​រយៈពេល​ទាំង​៣​ទឹក​នោះ​ផង បើ​ទោះជា​គេ​វាយ​ច្រឡោត​បន្តិច ហើយ​បាន​វាយ​ថែម​បន្តិច​ទៅ​លើ​កីឡាករ​ថៃ​ក្នុង​ពេល​ស្នូរ​ជួង​តម្រូវ​ឲ្យ​ឈប់​ទៅ​ហើយ​ក្នុង​ទឹក​ទី​១ ។ អុ​ី​ចឹ​ង​ហើយ​ទើប​លទ្ធផល​ចាញ់​ពិន្ទុ​របស់​កីឡាករ​កម្ពុជា ធ្វើ​ឲ្យ​មានការ​រិះគន់ ។

សរុប​មក ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​ទាំង​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ទាំង​នៅ​ប៉ុស្ដិ៍​លេខ​៥ និង​នៅ​ប្រទេស​វៀតណាម​គឺ​កីឡាករ​ល្បីឈ្មោះ​ទាំង​៤​រូប​រួម​មាន ឈឿ​ន ឆៃ​ដែន​, ផា​ន់ គ្រាន់​, ឈាន ហុង និង​កីឡាករ កែវ រំ​ចង់ សុទ្ធតែ​ចាញ់​កីឡាករ​ថៃ​ទាំងអស់ ដោយ​២​នាក់​ចាញ់​សន្លប់ និង​២​នាក់​ទៀត​ចាញ់​ពិន្ទុ​កាលពី​ថ្ងៃ​សៅរ៍ ទី​២៤ តុលា​នោះ ៕