កូរ៉េខាងត្បូង ត្រូវគេ​ចាត់ទុកជា សាធារណរដ្ឋ Samsung

បច្ចុប្បន្ននេះ ក្រុមហ៊ុន សាំ​ស៊ុ​ង (Samsung) ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​កូរ៉េ​ឯទៀត​ដែល​ត្រូវបានគេទទួលស្គាល់​លើ​ពិភពលោក​និង​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង។ ក្រុមហ៊ុនធំៗដូចជា Samsungនេះ​មិន​ត្រឹមតែ​ល្បីល្បាញ​ខ្លាំង​ប៉ុណ្ណោះ​ទេ វា​ក៏មាន​ឥទ្ធិពល​ខ្លាំង​លើ​ស្ថាប័ន​នយោបាយ ដើរតួរ​ជា​ក្រុម​បញ្ចុះ​ប​ញ្ចួ​ល​ស្ថាប័ន​នីតិបញ្ញត្តិ  ហើយ​វា​ក៏​រួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ច​ប្រទេស​កូរ៉េ​ខ្លាំង​ផងដែរ។

ក្រុមហ៊ុន Samsungមាន​ឥទ្ធិពល លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ ប្រជាជន​កូរ៉េខាងត្បូង​ទាំង។ ប្រជាជន​ភាគច្រើន​និយម​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​ទំនើប​របស់ Samsung ហើយ​ក្នុង​ដៃ​កាន់​កាត​ក្រេ​ឌី​ត Samsungដើម្បី​ទិញ​សម្ភារៈប្រើប្រាស់​របស់​ក្រុមហ៊ុន Samsungដែលមាន​តាំងពី​គ្រឿង​អេឡិចត្រូនិក ទូរទស្សន៍ សម្ភារៈ​សំណង់ កីឡា​ជាដើម។ ក្រៅពីនេះ​ពួកគេ​ក៏​រស់នៅក្នុង​អា​ផាត​មិន ដែល​សាងសង់​ដោយ​ក្រុមហ៊ុន Samsungថែមទៀត។ 

ក្រៅពី​មានអំណាច​គ្របដណ្តប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន ក្រុមហ៊ុន​មួយ​នេះ​មាន​ឥទ្ធិពល​ខ្លាំង និង​ពេលខ្លះ​មានអំណាច​ខ្លាំង​ជាង​រដ្ឋាភិបាល​ទៅទៀត។ តាមពិតទៅ​ក្រុមហ៊ុន​នេះ មិន​ខុសពី​ក្រុមហ៊ុនធំៗនៅក្នុង​ប្រទេស​កូរ៉េ​ដូចជា LG , Lotte, Hyundia, KIA ឡើយ ហើយ​វា​បាន​ត្រូវគេ​ចាត់ទុកជា​ជំនួញ​មួយបែប​ដែល​គ្រប់គ្រង​លក្ខណៈ​គ្រួសារ (Family control business) ដែលជា​ភាសា​កូរ៉េ​ហៅថា  Chaebol ។ 

ក្រុមហ៊ុន Samsungនេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៣៨ ដោយ​អ្នកជំនួញ​កូរ៉េ​ម្នាក់​គឺ​លោក Byung-Chul Lee។ ក្រុមហ៊ុន​នេះ ដើមឡើយ​ជា​ដៃគូ​របស់​រដ្ឋាភិបាល ព្រោះ​កាល​បង្កើតឡើង​ដោយ​មានការ​ជ្រោមជ្រែង​និង​ទំនុកបម្រុង​ពី​រដ្ឋាភិបាល។ ប៉ុន្តែ​ក្រោយ​នៅ​ទសវត្ស​ទី៩០ ជាពិសេស​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​អាស៊ី​ឆ្នាំ ១៩៩៧ បរិបទ​សេដ្ឋកិច្ច​កូរ៉េ​ប្រែប្រួល ហើយ​ជំនួញ​ដែល​គ្រប់គ្រង​បែប​គ្រួសារ​ដូចជា Samsungនេះ​ចាប់ផ្តើម​ផ្លាស់​ប្តួ​រ​ជំហរ ដូចគ្នា។ ជំនួញ​ទាំងឡាយ​ដែល​មិន​ក្ស័យធន​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច ចាប់ផ្តើម​ទាញយក​ប្រយោជន៍ ហើយ​ត្រលប់មក​ដើរតួរ​ជា​អ្នក​បញ្ចុះបញ្ចូល​និង​ប្រើ​ឥទ្ធិពល​លើ​អ្នកនយោបាយ​ឲ្យ​បង្កើត​គោលនយោបាយ​បម្រើ​ប្រយោជន៍​ក្រុមហ៊ុន​ខ្លួន​វិញ។ ដើម្បី​សម្រេច​ជោគជ័យ ស្ថាប័ន​ជំនួញធំៗទាំងនេះ​រួមទាំង Samsungប្រើប្រាស់​លុយ​ដើម្បី​សូកប៉ាន់ និង​ប្រើប្រាស់​សកម្មភាព​ពុករលួយ​ផ្សេងទៀត​ផងដែរ។

ទោះ​ចង់​មិន​ចង់​ក៏ដោយ រដ្ឋាភិបាល​កូរ៉េ​ចាំបាច់​តម្រូវ​ចិត្ត​ក្រុមហ៊ុនធំៗដូចជា Samsungនេះ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ​មាន​ទុន​ធំ​កប់​ក្តោង និង​មាន​ចំណែក​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​កូរ៉េខាងត្បូង​មិនអាច​អាច​ខ្វះ​បានឡើយ​តាម​ការបង់ពន្ធ បង្កើត​ការងារ និង​ជំរុញ​ការនាំចេញ។ បើតាម​របាយការណ៍​ស្ថាប័ន​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​ឆ្នាំ ២០១៣ គ្រាន់តែ​ក្រុមហ៊ុន Samsungមួយ​មាន​ចំណែក​ស្មើនឹង១៧ភាគរយ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កូរ៉េខាងត្បូង​ទាំងមូល (១០៨២ពាន់​លាន​ដុល្លារ)។ នេះ​បញ្ជាក់ថា បើសិន​ក្រុមហ៊ុន​ទាំងនេះ​មាន​បញ្ហា វា​ជា​រឿង​ចៀស​មិន​ផុត​ឡើយ ដែលថា ប្រទេស​កូរ៉េ​ទាំងមូល​នឹងត្រូវ​ប្រឈម​បញ្ហា​ធំ​ដូចគ្នា​នោះ។

ក្រៅ​ថា ពី​មានអំណាច​ស្ទើរ​ស្មើ​រដ្ឋាភិបាល ក្រុមហ៊ុន​នេះ ក៏​ប្រើប្រាស់​អំណាច​លុយកាក់​របស់ខ្លួន​ដើម្បី​គ្រប់គ្រង​ស្ថាប័ន​សារព័ត៌មាន​ផងដែរ។ ជា​រឿង​សំខាន់បំផុត​ដែល​ក្រុមហ៊ុនធំៗទាំងនេះ​ត្រូវមាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារព័ត៌មាន ព្រោះ​វា​នឹងមិន​មានរឿង​អាក្រក់​ណាមួយ​ទាក់ទិន​នឹង​ក្រុមហ៊ុន​ទាំងនេះ​ត្រូវ​លាតត្រដាង​ឡើង​ទេ។ អ្នកកាសែត​ជាច្រើន​មិន​ហ៊ាន​សរសេរ​រិះគន់​ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដូចជា Samsungនេះឡើយ​ព្រោះ​បើ​សរសេរ មិន​ខុសពី​បំផ្លាញ​ឆ្នាំងបាយ​ខ្លួន​ឡើយ​ឡើ។ ប៉ុន្តែ​នៅមាន​ស្ថាប័ន​

សារព័ត៌មាន​ខ្លះ​ដែលមាន​និន្នាការ​សេរី ព្យាយាម​រិះគន់​ជំនួញធំៗដូចជា Samsungប៉ុន្តែ​ពួកគេ​ប្រឈម​ការលំបាក និង​មិនមាន​ប្រាក់​បៀរ​វត្ស​ន៍​ច្រើន​ដូច​អ្នកសារព័ត៌មាន​ដែល​បម្រើ​ការងារ​ឲ្យ​ស្ថាប័ន​មាន​និន្នាការ​អភិរក្ស​ដែល​គាំទ្រ​ក្រុមហ៊ុន​ដូចជា Samsungនោះឡើយ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​