ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូ​ណេ​ស៊ី​ស្លាប់​10​នាក់​ថ្មី​ទៀត​ហើយ​កំពុង​តែ​ឆេះ​រាលដាល​ខ្លាំង​ដាក់​កងទ័ព​ឱ្យ​ជួយ​ពន្លត់

អ្នកនាំពាក្យ​រដ្ឋាភិបាល​ម្នាក់​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១០​នាក់​ទៀត​បាន​ត្រូវ​ស្លាប់ កាលពី​ថ្ងៃ​ទី​២៤ តុលា ដោយសារ​ភ្លើង​ឆេះ​ព្រៃ ដែល​រាលដាល​ខ្លាំង​ចាប់តាំងពី​ខែ​មុន​មក​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​ញ៉ាំង​ឱ្យ​មាន​ផ្សែង​ដាស​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ថៃ​នាំ​ឱ្យ​ប៉ះពាល់​ជា​ពិសេស​ដល់​ការ​ហោះហើរ​របស់​យន្តហោះ ។

អ្នក​ស្លាប់​ទាំងនេះ​ធ្វើ​ឱ្យ​ចំនួន​នៃ​អ្នក​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូ​ណេ​ស៊ី​ឡើង​ដល់​សរុប​១៧​នាក់ ។

ភ្លើង​ឆេះ​ព្រៃ​ដែល​ចាប់ផ្តើម​ពី​ខែ​មុន​មក​ពុំ​អាច​ពន្លត់​ឈ្នះ​មុន​ដំណាច់ខែ​នេះ​ឡើយ ។ នេះ​ជា​ការ​អះអាង​របស់​លោក SUTOPO PURWO NUGROHO អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា មនុស្ស​១០​នាក់​បាន​ត្រូវ​ស្លាប់​នៅ​កោះ​ស៊ូ​ម៉ា​ត្រា និង​កោះ​ប័​រ​ណូ ។ ចំណែក​មនុស្ស​៧​នាក់​ទៀត​ជា​អ្នក​ដើរ​ភ្នំ​បាន​ត្រូវ​ស្លាប់​នៅ​កោះ​ឡា​វ៉ូ និង​កោះ​ជ្វា​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​កាលពីដើម​ខែតុលា​នេះ ។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ធ្វើ​ប្រតិបត្តិការ​ធំ​ៗ​តស៊ូ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​ជាមួយ​ជំនួយ​មក​ពី​បណ្តា​ប្រទេស​ក្រៅ ហើយ​បាន​ដាក់​ពង្រាយ​កង​ទាហាន និង​ប៉ូលិស​២២.០០០​នាក់ ដើម្បី​ឱ្យ​ជួយ​ពន្លត់ភ្លើង ដែល​ឆេះ​រាលដាល​ពី​ភាគ​ខាង​លិចទៅ​ភាគ​ខាងកើត​ប្រទេស ។

ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក​ហ្សូ​កូ​វី​ដូ​ដូ កាលពី​ថ្ងៃ​ទី​២៣ តុលា កន្លង​មកនេះ បាន​ចេញ​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​កងទ័ព​បន្ថែម​ទៀត​នៅ​តាម​ចំណុចក្តៅ​នានា ។

ទោះបី​យ៉ាងណា ដោយសារ​ផ្ទៃដី​ព្រៃ​មាន​ទំហំ​ធំធេង និង​ដោយ​ពុំ​មាន​មធ្យោបាយ​គ្រប់គ្រាន់ ពិសេស​មក​ពី​ផល​ប៉ះពាល់​នៃ​បាតុភូត EL NINO ផង​ឥណ្ឌូ​ណេ​ស៊ី​ពុំ​អាច​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ឈ្នះ​ក្នុង​រយៈពេល​មួយ ឬ​ពី​រស​ប្តា​ហ៍​បាន​ឡើយ ។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ជា​អ្នក​ផលិត​ដូងប្រេង​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ។ ប្រជា​កសិករ​ឥណ្ឌូ​ណេ​ស៊ី​មាន​ទម្លាប់​ដុត​ព្រៃ​វាទ​ដី​ដាំ​ដុះ និង​ដុត​បណ្តា​កាក​សំណល់​ក្រោយ​ការ​ប្រមូល​ផល​រួច​ហើយ សម្រាប់​ដាំ​ដំណាំ​ថ្មី​ៗ​ដែល​បែប​នេះ​ជា​រឿយ​ៗ​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ។ សភាពការណ៍​កាន់តែ​ធ្ងន់ធ្ងរ​នា​ឆ្នាំ​នេះ​ដោយសារ​ឥទ្ធិពល​នៃ​បាតុភូត EL NINO ៕