ស្ត្រី​ម្នាក់​ចាញ់បោក​ក្រុម​ទម្លាក់យោង​អស់​ក្រវិល​មាស​១​ជីនៅ​ក្រោយ​ផ្សារ​កាណា​ស៊ី​ធី

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​បាន​ចាញ់បោកក្រុម​ចោរ​ទម្លាក់យោង​មួយ​ក្រុម​ដែល​បាន​ប្រើ​ល្បិចល្បួង​ដោះ​យកក្រវិល​មាស​១​គូ ទម្ងន់​១​ជី​ជា​ថ្នូរ​នឹង​ដីខ្សាច់​១​ថង់ ប៉ុន្តែ​នៅ​​​ខណៈនោះនាង​បានដឹង​ខ្លួន​ថា ​ចាញ់បោក ជន​ខិលខូច​នោះ​ហើយបាន​ពឹង​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុម​សន្តិសុខ​ជួយ​ដេញ​តាម​ទើប​ចាប់ខ្លួន​បាន​ម្នាក់ ចំណែកបក្សពួក​៣​នាក់​ទៀតបាន​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​ និង​បាន​នាំ​យក​ក្រវិល​មាស​នោះ​ទៅ​ជាមួយ​ផង​ដែរ​។

ហេតុ​ការណ៍នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង៩ ​និង​៣៥​នាទីព្រឹក ​ថ្ងៃ​ទី២៥ តុលា​ ២០១៥​ នៅចំណុច​ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​ក្នុង​ភូ​កិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ រឿ​ន ស្រីរ​ត្ន័ អាយុ១៩ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ មានស្រុកកំណើត​ភូមិ​កន្លោង ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ​ខេត្តព្រៃវែង ​​។ ​ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​​ឈ្មោះ ផុ​ន ឃី​ម អាយុ១៨ឆ្នាំ ស្នាក់​នៅភូមិ​ថ្មគោល ​សង្កាត់​ចោម​ចៅ​ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រគៀត ឃុំ​សុ​ភី ស្រុក​បាទី ​ខេត្តតាកែវ​។ ​រីឯ​បក្សពួក​៣​នាក់​ទៀត​មានប្រុស​ម្នាក់​និង​​ស្ត្រី​២​នាក់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ នាង​បាន​ដើរ​ចេញពី​បន្ទប់​ផ្ទះ​ជួល​ទៅ​ផ្សា​រកា​ណាស៊ី​ធី ដើម្បី​រក​ទិញ​អី​វាន់ លុះ​ពេល​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏លេច​មុខ​​ជនសង្ស័យ​ជា​បុរស​ម្នាក់ ហើយ​ជន​នោះ បាន​ដើរចូល​ទៅ​ជិត ​​សួរ​នាង​ថា​តើ​មាន​រើស​បាន​ខ្សែ​.ក​មាស​របស់ខ្ញុំ​ទេ?

ពេល​នោះ​នាង​បាន​ឆ្លើយថា ​អត់​ឃើញ​ទេ​។ បន្ទាប់​ពី​និយាយ​រួច បាន​បន្តិច​ក្រោយមក ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ទៀត ដើរទៅ​ជិត​នាង​ និង​បាន​និយាយ​ទៅ​កាន់​បុរស​នោះ​ថា បើ​មាន​គេ​រើស​បានគេ​យក​ហើយ​គ្មាន​អ្នក​ណា​ឱ្យពូ​ឯង​ទេ ​កុំ​សង្ឃឹមឲ្យ​សោះ​។ ភ្លាម​ៗ​នោះ ​​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​បាន​ទៅ​ដល់​ និង​បានប្រាប់​ថា​ រើស​បាន​មាស​១​កញ្ចប់​ដាក់ក្នុង​កូន​ថង់​ក្រណាត់​ ព​ណ៌​ក្រហម ​និង​បាន​លាត​ឲ្យ​មើល​ថែម​ទៀត​ផង​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​បាន​បបួល​នាង​ទៅ​ចែក​គ្នា និង​បាន​នាំ​ទៅ​រក​កន្លែង​ស្ងាត់​ៗ​ដើម្បីកុំ​ឲ្យ​គេ​ដឹង រួច​ក៏​បាន​ហៅ​ម៉ូតូឌុប​មួយ​គ្រឿង​ដែល​សង្ស័យ​ថា ​ជា​បក្សពួក​គេ​ម្នាក់​ទៀតឲ្យ​ឌុ​ប​នាង (​នារី​រងគ្រោះ​)​ទៅ​កាន់​ខាង​ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ដែល​ជា​កន្លែង​ស្ងាត់​។​ លុះ​ពេល​ទៅ​ដល់ពួកគេ​បាន​ប្រាប់​ឲ្យ​នារី​រង​គ្រោះ ដោះក្រវិល​ពី​ត្រចៀក​ឲ្យ​ពួក​គេ ហើយ​ប្រគល់​កញ្ចប់​មាស​ដែល​អះអាង​ថា ​រើស​បាន​នោះមក​ឲ្យ​នាង​ដោយ ប្រាប់​ថា មិនបាច់​ចែក​គ្នានាំ​វែង​ឆ្ងាយ​យូរ​នោះ​ទេ​ ព្រោះ​ខ្លាច​ម្ចាស់​គេ​តាម​ទាន់ ។

ខណៈនោះ​ដោយសារ​បានឃើញ​ពី​ដំបូង​នៅ​ក្នុង​កញ្ចប់​នោះ​សុទ្ធតែ​មាសក្រហមឆ្អៅ ​និង​មាន​ចំនួន​ច្រើន​ផង​នោះ ទើប​នាង​សុខចិត្ត​​ព្រម​ដោះ​ក្រវិល​ពី​ត្រចៀកប្រគល់​ឲ្យ​ក្រុម​ជនសង្ស័យ​ទាំងនោះ​ហើយ​យក​កញ្ចប់​ព​ណ៌​ក្រហមនោះ​។

ក្រោយ​ពេល​បាន​ក្រវិល​ដល់​ដៃ ជនសង្ស័យ​៣​នាក់បាន​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ដោយ​ប្រាប់​នាង​ថា ពួក​គេ​សុំ​ទៅ​មុន​ហើយ និង​បាន​ឲ្យ​នាង​ជិះ​ម៉ូតូដែល​ឌុ​ប​នាង​នោះ​តាម​ក្រោយ​ ហើយ​ខណៈនោះម៉ូតូ​ដែល​រូបនាង​ជិះ​ជាមួយ​បាន​បើក​យឺត​ៗ ដោយ​មានការ​សង្ស័យ​នាង​បាន​លាត​កញ្ចប់​ព​ណ៌ក្រហម​នោះមើល​ម្ដងទៀត ទើប​ដឹង​ថា ​ចាញ់បោក​ជន​ទាំងនោះ​ ហើយ​នាង​បាន​ប្រាប់​ទៅ​ជនសង្ស័យ​ថា ពូ​ជិះ​ឲ្យ​លឿន​បន្តិច​ទៅ​តាម​ឲ្យ​ទាន់​ម៉ូតូ​របស់​ជន​៣​នាក់​នោះ ខ្ញុំចាញ់បោក​គេ​ហើយ​។ ប៉ុន្តែ​ពេល​នោះ ជនសង្ស័យ​បាន​ប្រាប់​ថា ម៉ូតូ​ខ្ញុំ​ចាស់​ហើយ​ជិះ​មិន​បាន​លឿន​នោះ​ទេ​។  លុះ​ពេល​ទៅ​ដល់​ចំណុច​មុខ​រោងចក្រ​មួយ ជនសង្ស័យបានឲ្យ​នាង​ចុះ​ពីលើ​ម៉ូតូ​សិន​ទៅចាំ​គេ​ជា​អ្នក​ដេញ​តាម​ជន​ទាំង​៣​នាក់​នោះ​ឲ្យ​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ជនសង្ស័យ​ចាកចេញ​ទៅ នាង​បាន​ពឹង​ឲ្យ​សន្តិសុខ​ និង​ប្រជាពលរដ្ឋម្នាក់​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ហើយ​ប្រទះ​ឃើញ​ជនសង្ស័យ​ដែល​ឌុ​ប​នាង​នៅ​ម្តុំ​ផ្សារ​រកា​ណា​ស៊ី​ធី ក៏​ដេញចាប់​បាន​តែ​ម្តង​។​ បន្ទាប់​មក​បាន​នាំ​យក​ទៅប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​សាកសួរ ​និង​កសាងសំណុំរឿង​ដើម្បី​ប​ញ្ចូ​ន​ទៅ​តុលាការ​ និង​តាម​​​រក​បក្សពួក​បន្ថែម​ទៀត​៕​​