ប្រតិភូ​កីឡា​ប៉េតង់​6​រូប​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​ឆ្នាំ​2015​នៅ​ប្រទេស​ថៃ

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​កីឡា​ប៉េតង់​ចំនួន​៦​រូប​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៥ តុលា ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​លំដាប់ថ្នាក់​ពិភពលោក នៅ​ប្រទេស​ថៃ ។

លោក​សូ​ម៉ៃ សុខ​គា ប្រធាន​ប្រតិភូ​ដឹកនាំ​អត្ត​ព​លិ​ក​ជម្រើសជាតិ​យុវជន​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​បានឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​យុវជន​កម្ពុជា​មានឱកាស​បាន​ទៅ​ប្រកួត​ជ្រើសរើស​ជើងឯក​កម្រិត​ពិភពលោក​ដែល​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ និង​គ្រូបង្វឹក​គឺ​លោក​អ៊ុ​ក យ៉ា​រី ។ ចំណែក​អត្ត​ព​លិ​ក​៤​រូប​ទៀត មាន​កីឡាករ​មួ​ងទិ​ត្យ ម៉ា​ណែ​ត​, ផា​ន់ ហាស់​សិទ្ធ​ទេវរាជ​, ទីវ រ​ដ្ឋា និង​កីឡាការិនី​ស្រៀ​ង សុ​រ៉ា​នី​ម ។

ទីកន្លែង​ប្រកួត​ធ្វើ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣​វិច្ឆិកា ដោយ​មាន​២៨​ប្រទេស​ចូលរួម ។ សម្រាប់​វិញ្ញាសា​ប្រកួត​មាន​៣​នាក់​ទល់​នឹង​៣​នាក់ និង​ប្រកួត​វាយ​យក​ពិន្ទុ​ម្នាក់​ទល់​នឹង​ម្នាក់ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​លោក​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​កីឡាករ​-​កីឡាការិនី​កម្ពុជា​យើង ព្រោះ​ពួក​គេ​មាន​ភាព​អំណត់​ព្យាយាម​តស៊ូ​ក្នុង​ការ​ហ្វឹកហាត់​បំផុត ថែម​ទាំង​មាន​បច្ចេកទេស​ប្រកួត​ខ្ពស់ គ្រាន់តែ​កន្លង​មក​ពួក​គេ​មិន​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ប៉ុណ្ណោះ ។

នៅ​ថ្ងៃ​ទី​២៩ តុលា កីឡាការិនី​៤​រូប​ទៀត ក្នុង​នោះ​មាន​កីឡាការិនី កែ ឡេ​ង ម្ចាស់​មេដាយមាស​ពិភពលោក​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន​ជាមួយ​កីឡាការិនី​អ៊ុ​ន ស្រី​យ៉ា អ៊ុំ ច​ន្ទ្រា និង​អ៊ុ​ក ស្រី​មុំ​។ កីឡាការិនី​ទាំង​៤​រូប​នេះ ប្រកួត​លើ​វិញ្ញាសា​២​នាក់​ទល់​នឹង​២​នាក់​យក​ពិន្ទុ និង​៣​នាក់​ទល់​នឹង​៣​នាក់​។ សម្រាប់​កីឡាការិនី កែ ឡេ​ង លោក​សូ​ម៉ៃ សុខ​គា ប្រធាន​ប្រតិភូ​ដឹកនាំ​អត្ត​ព​លិ​ក​កីឡាប៉េតង់​កម្ពុជា មិន​ហ៊ាន​ធានា​ថា នឹង​អាច​ការពារ​តំណែង​ម្ចាស់​មេដាយមាស​បាន ឬ​អត់​នោះ​ទេ ប៉ុន្តែ​លោក​មាន​ជំនឿ​ចិត្តច្រើន​ព្រោះថា​កីឡាការិនី​រូប​នេះ​មានបទពិសោធន៍​ប្រកួត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ៕