លោក AMANCIO ORTEGA កំពូល​អ្នកមាន​ជាងគេ​លើ​ពិភពលោក

មានទ្រព្យ​ច្រើន​ជាង​លោក BILL GATES ទៅ​ទៀត ស្ថាបនិក​ក្រុមហ៊ុន ZARA លោក AMANCIO ORTEGA បាន​ក្លាយទៅជា​កំពូល​អ្នកមាន​ជាងគេ​លើ​ពិភពលោក ។ នេះ​ជា​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ តុលា កន្លង​មកនេះ របស់​បណ្តាសារ​ព័ត៌មាន​ប្រេ​ស៊ី​ល ដែល​ដកស្រង់​ចំណាត់ថ្នាក់​របស់​ទស្សនាវដ្តី FORBES ។

ទស្សនាវដ្តី FORBES បាន​លាតត្រដាង​ពី​ការ​កើនឡើង​នៃ​តម្លៃ​ភាគហ៊ុន​របស់ INDITES ដែល​ធ្វើ​អាជីវកម្ម​បណ្តា​ផលិតផល​របស់​ក្រុមហ៊ុន ZARA ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​កាលពី​ថ្ងៃ​ទី​២៣ តុលា ឡើង​ដល់​កំពូល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ធ្វើ​ទ្រព្យសម្បត្តិ​របស់​លោក ORTEGA កើន​ខ្ពស់​បំផុត​ពី​៧៧​ពាន់​លាន​ដុល្លារ​ដល់​៧៩,៦​ពាន់​លាន​ដុល្លារ ។

លោក ORTEGA មាន​ចំណែក​ភាគហ៊ុន​ក្នុង INDITES ដល់​៥៩,២៩% គិត​ជា​ប្រាក់​មាន​ដល់​៦៨,៦​ពាន់​លាន​ដុល្លារ ។ ទ្រព្យសម្បត្តិ​របស់​លោក​មាន​លើស​ពី​ទ្រព្យសម្បត្តិ​របស់​លោក BILL GATES ម្ចាស់​របស់ MICROSOFT ដែល​មានទ្រព្យ​ប្រមាណ​ជា​៧៨,១​ពាន់​លាន​ដុល្លារ ។

INDITES ធ្វើ​ពាណិជ្ជកម្ម​លើ​ផលិតផល​របស់​ក្រុមហ៊ុន​៨ ក្នុង​នោះ​រួម​មាន ZARA MASSIMO DUTTI BERSHKA PULI AND BEAR STRADIVARIUS OYSHO ZARAHOME និង UTERQUE ដែល​មាន​ហាង​សរុប​៦.៧៤៦ ក្នុង​ទីផ្សារ​៨៨​ផ្សេង​ៗ​គ្នា ហើយ​ប្រើ​បុគ្គលិក​សរុប​១៤០.០០០​នាក់ ៕