អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​តូ​នី ប៊្លែរ សុំ​ទោស​ចំពោះ​ការ​លុកលុយ​ប្រទេស​អីុ​រ៉ា​ក់

អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​តូ​នី ប៊្លែរ បាន​សុំ​ទោស​ចំពោះ​ការ​លុកលុយ​អីុរ៉ា​ក់​កាលពី​ឆ្នាំ​២០០៣ ពេល​លោក​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​លោក​ច​ច ដាប់​ប៊​ល​យូ​ប៊ូ​ស ។

លោក​តូ​នី ប៊្លែរ បាន​ធ្វើការ​សុំ​ទោស​នេះ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ CNN ដែល​បទ​សម្ភាសន៍​នេះ​ត្រូវ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៦ តុលា ។ នៅ​មុខ​លោក FARID ZAKARIA អ្នក​ធ្វើ​អត្ថាធិប្បាយ​របស់​ទូរទស្សន៍ CNN ដែល​សម័យ​កាលនោះ​ជួយ​លើកទឹកចិត្ត​ដល់​ការ​លុកលុយ​របស់​អា​មេ​រិ​ក​មុន​ពេល​ងាក​ចូល​ក្នុង​ក្រុម​អ្នក​រិះគន់ លោក​តូ​នីប៊្លែរក៏​ទទួលស្គាល់​ផង​ដែរ ពី​ចំណែក​នៃ​ការ​ទទួលខុសត្រូវ​នា​ពេល​បច្ចុប្បន្ន​ចំពោះ​ការ​កកើត​នៃ​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អីុ​រ៉ា​ក់ និង​នៅ​ស៊ី​រី​ជិតខាង ។ បណ្តាសារ​ព័ត៌មាន​អង់គ្លេស​ចេញផ្សាយ​យ៉ាង​ខ្ទរខ្ទារ​រួច​ទៅ​ហើយ​នូវ​ការ​សុំ​ទោស​របស់​លោក​តូ​នី ប៊្លែរ មុន​ការ​ចាក់​ផ្សាយ​ទៅ​ទៀត ។

លោក​តូ​នី ប៊្លែរ ថ្លែង​ទៅ​កាន់ CNN ថា ខ្ញុំ​សុំ​ទោស​ចំពោះ​ការ​ផ្តល់​ព័ត៌មាន​ស៊ើបការណ៍​ខុស ។ ខ្ញុំ​ក៏​សុំ​ទោស​ផង​ដែរ ចំពោះ​ការ​ខុសឆ្គង​មួយ​ចំនួន​នៃ​ការ​ដាក់​ផែនការ ហើយ​ពិត​ណាស់​ចំពោះ​ការ​ខុសឆ្គង​របស់​យើង​ក្នុង​ការ​ស្វែង​យល់​ពី​អ្វី​ដែល​កើតឡើង​ក្រោយ​ការ​ផ្តួលរំលំ​របប​លោក​សា​ដាម ហ៊ូ​សេន ។ ក៏​ប៉ុន្តែ​ខ្ញុំ​មានការ​លំបាក​ក្នុង​ការ​សុំ​ទោស​ដោយសារ​ការ​ផ្តួលរំលំ​លោក​សា​ដាម ហ៊ូ​សេន ។ ពាក្យ​សម្តី​ទាំងនេះ​របស់​លោកប៊្លែរ ត្រូវ​បាន​ដកស្រង់​ផ្សាយ​ដោយ​កាសែត THE TELEGRAPH និង​សារព័ត៌មាន​ឯទៀត​ៗ​របស់​អង់គ្លេស ។

ព័ត៌មាន​ស៊ើបការណ៍​ខុស​គឺ​ចង់​និយាយ​សំដៅលើ​ការ​លើក​ឡើង​ពី​អាវុធ​សម្លាប់​រង្គាល​របស់​លោក​សា​ដាម ហ៊ូ​សេន ជា​ហេតុផល​ចំពោះ​ការ​លុកលុយ​អីុ​រ៉ា​ក់ ប្រាប់​ដល់​មតិ​សាធារណៈ​អង់គ្លេស និង​អា​មេ​រិ​ក ដែល​តាម​ការ​ពិត​អាវុធ​សម្លាប់​រង្គាល​ទាំងនេះ​ពុំ​មាន​ទាល់តែ​សោះ ។

ក្រុមចម្រុះ​អា​មេ​រិ​ក​ពុំ​បាន​រៀបចំ​ផែនការ​ច្បាស់លាស់​សម្រាប់​ការ​កាន់កាប់​អុ​ី​រ៉ា​ក់ ក្រោយ​ការ​ផ្តួលរំលំ​របប​លោក​សា​ដាម ហ៊ូ​សេន ឡើយ ។ ការ​សម្រេចចិត្ត​របស់​អភិបាល​អា​មេ​រិ​ក​នៅ​អីុ​រ៉ា​ក់ លោក PAUL BREMER រំលាយ​គណបក្ស BAAS របស់​លោក​សា​ដាម ហ៊ូ​សេន ហើយ​ហាមឃាត់​បណ្តា​អ្នក​ទ​ទួ​ស​ខុស​ត្រូវ​ជាន់ខ្ពស់​កាន់​តំណែង​ក្នុង​ផ្ទៃ​រដ្ឋ​ថ្មី ដែល​នោះ​ជា​ការ​ខុសឆ្គង​ខាង​យុទ្ធសាស្ត្រ​ដទៃ​ៗ​ទៀត ជំរុញ​អីុ​រ៉ា​ក់​ឱ្យ​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល ។ បែប​នេះ ញ៉ាំង​ឱ្យ​បណ្តា​អតីត​យោធា និង​បណ្តា​ភ្នាក់ងារ​ស៊ើបការណ៍​របស់​គណបក្ស BAAS ងាក​ទៅ​រួម​ដៃ​ជាមួយ​ពួក​ជី​ហា​ដ ស៊ុន​នី​ត ជា​សាខា​អាល់​កៃ​ដា​នៅ​អីុរ៉ា​ក់ រួច​កើត​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​បង្កើន​ឥទ្ធិពល​កាន់តែ​ខ្លាំង ៕