រថយន្ត​បោល​បុក​មនុស្ស​កំពុង​ប្រមូលផ្តុំ​គ្នា​នៅ​អា​មេ​រិ​ក​ស្លាប់​4​នាក់

យោង​តាម​ប៉ូលិស​ថា មនុស្ស​៤​នាក់​ស្លាប់ ក្នុង​នោះ​មាន​កុមារ​អាយុ​២​ឆ្នាំ​ម្នាក់​ហើយ​មនុស្ស​៤៤​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២៤ តុលា ខណៈ​រថយន្ត​មួយ​គ្រឿង​បោល​បុក​លើ​ការ​ប្រមូលផ្តុំ​ជួបជុំ​គ្នា​របស់​និស្សិត​ថ្មី​-​ចាស់​នៃ​សាកលវិទ្យាល័យ​អូ​ក្លា​ហូ​ម៉ា​ភាគ​ត្បូង​សហរដ្ឋអាមេរិក ។

អ្នក​បើករថយន្ត​ដែល​បើក​យ៉ាង​លឿន​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​នេះ​ត្រូវ​ចាប់​ឃុំឃាំង ។ អ្នក​បើក​រូប​នោះ​ជានា​រី​អាយុ​២៥​ឆ្នាំ​ម្នាក់​ដែល​ចាប់ខ្លួន​ពី​បទ​បើកបរ​ក្រោម​ឥទ្ធិពល​សុរា ឬ​ថ្នាំ​ញៀន ។

យោង​តាម​តុល្យការ​ថ្មី ចំនួន​អ្នក​របួស​កើនឡើង​ទ្វេ​ដង​ពី​២២​នាក់​ដល់​៤៤​នាក់ ហើយ​អ្នក​របួស​៨​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ ប៉ូលិស​បញ្ជាក់​ថា កុមារ​អាយុ​២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយសារ​របួសធ្ងន់​ពេក ហើយ​មនុស្ស​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង ។

សាកលវិទ្យាល័យ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា បាន​សម្តែង​ទុក្ខសោក​ចំពោះ​សោកនាដកម្ម​នេះ ។ គ្រោះថ្នាក់​កើត​មាន​ពេល​មានការ​ជួបជុំ​ដ៏​ធំ​បំផុត​មួយ​របស់​បណ្តា​អតីត​និស្សិត និង​បណ្តា​និស្សិត​ថ្មី ៕