ស្វែងរកជើងខ្លាំង CCC 2015 នៅ​៦តំបន់ ដើម្បី​ចូលរួម​វគ្គ​ផ្តាច់ព្រ័ត្រនៅ​ខេត្តកំពត

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិច​ត្រូនិច​ជាតិ​ឆ្នាំ​២០១៥ (Cambodian Cyber Championship, CCC 2015) លើ​វិញ្ញាសា AK 2 ប្រព្រឹត្ត​នៅ​តំបន់​ចំនួន​៦​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី​១៩ ខែ​តុលា ហើយ​បន្ត​ដំណើរ​រហូត​ដល់​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ។

ព្រឹត្តិការណ៍ CCC 2015 ដែល​រៀបចំដោយ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិច​កម្ពុជា ជាមួយ​គណៈ​កម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ដៃ​គូ​ផ្សេងទៀតនោះ គឺក្នុងគោល​បំណង​ស្វែងរក​ជ័យ​លាភី​២ក្រុម​តំណាងឲ្យកម្ពុជា សម្រាប់​ចេញទៅ​ប្រកួត​ក្នុងព្រឹត្តិការណ៍កីឡា​អេឡិច​ត្រូនិច​អន្តរជាតិ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ នា​ខែមករា ឆ្នាំ​២០១៦ ដោយកម្ពុជា​ត្រូវ​ការពារតំណែង​ជើង​ឯក​របស់​ខ្លួន។

តំបន់​៦​ដែល​រៀបរាប់​ការ​ប្រកួត CCC 2015 រួមមាន តំបន់​ទី១ (ស្វាយរៀង កំពង់ចាម ព្រៃវែង និង​តាខ្មៅ) ចាប់ដំណើរការពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៤ ខែតុលា ហើយបន្ត​ទៅ​តំបន់ទី២ (រតនគីរី មណ្ឌលគីរី ស្ទឹង​ត្រែង និង​ក្រចេះ) ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣១ ខែតុលា។ នៅ​តំបន់ទី៣ រួមមាន សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៨ ខែ​វិច្ឆិកា។

ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ការប្រកួត​ប្រព្រឹត្ត​ទៅនៅ​តំបន់​ទី​៤ ដែលមាន​ខេត្ត​បាត់ដំបង បន្ទាយមាន​ជ័យ ប៉ៃលិន កំពង់ឆ្នាំង និងពោធិ៍សាត់។ តំបន់ទី​៥ គឺ​ស្ថិត​ក្នុងរាជ​ធានីភ្នំពេញ ដោយ​ដំណើរការពីថ្ងៃទី​១៦ ដល់​ថ្ងៃទី២១ ខែវិច្ឆិកា មុន​នឹង​បញ្ចប់​ដំណើរ​នៅ​តំបន់ទី​៦ (កំពង់សោម កំពត កោះកុង កំពង់ស្ពឺ និង​តាកែវ) ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែ​ធ្នូ។

ក្រុម​ជើង​ឯក​ចំនួន​១៦ដែល​រក​ឃើញ​តាម​តំបន់នីមួយៗ ឈាន​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រដែក​​នឹង​រៀបចំ​នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​កម្មវិធី​បុណ្យ​សមុទ្រក្នុង​ខេត្តកំពត។ ជ័យ​លាភី​ប្រចាំ​តំបន់នីមួយៗ ដោយ​លេខ​មួយទទួល​បាន​១៥០០ដុល្លារអាមេរិក លេខ​២ បាន​១០០០​ដុល្លារអាមេរិក ខណៈ​ជ័យ​លាភី​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ជើង​ឯក​បាន​៣០០០ដុល្លារអាមេរិក ជើងឯក​រងបាន​២០០០ដុល្លារអាមេរិក និង​លេខ​បី បាន​៥០០ដុល្លារអាមេរិក។ ជើង​ឯក​ និង​ជើង​ឯក​រងក្លាយ​ជាតំណាង​របស់​កម្ពុជា​ក្នុងព្រឹត្តិការណ៍ MATIC 2016 នៅ​ប្រទេសឥណ្ឌូនេស៊ី នាខែមករា៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​