លោក កឹម សុខា គ្រោង​លើក​យក​បញ្ហា​គ្រប់គ្រង​ដី​ឆ្នេរ​សមុទ្រ​ដាក់​ជូន​សភា​ពិនិត្យ

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​អះអាង​ថា ត្រៀម​ឲ្យ​មន្ត្រី​គណៈកម្មការ​ជំនាញ​រដ្ឋសភា លើក​យក​បញ្ហា​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ជាតិ​ធំៗ មាន​ដូចជា ដីធ្លី​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ដី​កោះ និង​ទ្រព្យ​សម្បត្តិ​ជាតិ​ច្រើន​ទៀត ដែល​រង​ការ​រំលោភ​បំពាន​នា​ពេល​កន្លង​មក ដាក់​ជូន​​សភា​ពិនិត្យ និង​ឈាន​ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​​វិញ។

ការ​អះអាង​នេះ កើត​ឡើង​ស្រប​ពេល​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​រាជការ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល ឲ្យ​​មោឃភាព ឬ​លុប​ចោល​សិទ្ធិ​គ្រប់គ្រង​ដីធ្លី​​​តំបន់​ឆ្នេរ​សមុទ្រ​ពី​ក្រុមហ៊ុន​វិនិយោគ និង​ឯកជន ដែល​ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល និង​គ្មាន​សកម្មភាព​អភិវឌ្ឍន៍។

សារ​ព្រមាន​របស់ លោក កឹម សុខា អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​នេះ​ជាង ១​ពាន់​នាក់ នា​ទីស្នាក់ការ​គណបក្ស​​សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​តុលា។ ក្នុង​ឱកាស​នោះ លោក កឹម សុខា បាន​អះអាង​ថា ដីធ្លី​នៅ​តាម​តំបន់​​​ឆ្នេរ​សមុទ្រ​ភាគ​ច្រើន​​​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​ជាប់​​​សមុទ្រ​មួយ​នេះ ត្រូវ​គ្រប់គ្រង​ដោយ​​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន​ឯកជន​ស្ទើរ​​តែ​ទាំង​ស្រុង និង​គ្មាន​ការ​អភិវឌ្ឍ។

លោក​បន្ត​ថា ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ជាតិ​មិន​បាន​ត្រឹមត្រូវ មាន​ដូចជា ការ​វិនិយោគ​ដីធ្លី​តាម​តំបន់​ឆ្នេរ ដី​កោះ និង​ទ្រព្យ​សម្បត្តិ​រដ្ឋ​​​ច្រើន​ទៀត​ទៅ​ឲ្យ​ក្រុមហ៊ុន ឬ​ឯកជន ជា​ហេតុ​នាំ​ឲ្យ​រដ្ឋាភិបាល​បាត់​ចំណូល​ថវិកា​ជាតិ​​​​​ច្រើន​សន្ធឹកសន្ធាប់​ជា​រៀង​រាល់​ឆ្នាំ។

ផ្ដើម​ពី​បញ្ហា​នេះ លោក កឹម សុខា ថ្លែង​ថា បញ្ហា​រំលោភ​យក​ដី​ឆ្នេរ ឬ​កោះ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ហើយ​មិន​មាន​ការ​អភិវឌ្ឍ មិន​គួរ​ឲ្យ​កើត​មាន​ទៀត​ទេ។ បញ្ហា​នេះ រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ទូលំទូលាយ​ឡើង​វិញ៖ «យើង​ត្រូវ​ពិនិត្យ​មើល​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តើ​ដី​ឆ្នេរ​សមុទ្រ និង​ដី​កោះ​ជាដើម នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ។ ប៉ុន្តែ​បើ​បែរ​ជា​ទ្រព្យ​សម្បត្តិ​ទាំង​នេះ បាន​ក្លាយ​ទៅ​ជា​របស់​ឯកជន ឬ​ក្រុមហ៊ុន​វិញ គឺ​បាន​អនុវត្ត​ផ្ទុយ​នឹង​រដ្ឋ​ច្បាប់ ឬ​ផ្ទុយ​រដ្ឋធម្មនុញ្ញ»

ត្រង់​ចំណុច​នេះ លោក កឹម សុខា ក៏​នឹង​​ត្រៀម​ឲ្យ​មន្ត្រី​ជំនាញ​គណបក្ស​ខ្លួន ឬ​គណៈកម្មការ​ជំនាញ​ក្នុង​រដ្ឋសភា សើរើ​ឯកសារ​ទាក់ទង​បញ្ហា​គ្រប់គ្រង​ដីធ្លី​​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ឬ​ដី​កោះ​ជាដើម​នា​ខេត្ត​ព្រះសីហនុ និង​​​ទ្រព្យ​សម្បត្តិ​ជាតិ​ធំៗ​ច្រើន​ទៀត ដែល​កំពុង​​កាន់​កាប់​ដោយ​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន​ជាដើម ប៉ុន្តែ​គ្មាន​សកម្មភាព​អភិវឌ្ឍន៍ ដើម្បី​ដាក់​​ជូន​រដ្ឋសភា​ពិនិត្យ​សម្រេច និង​ឈាន​ដល់​ដក​ហូត​មក​ជា​សម្បត្តិ​រដ្ឋ​វិញ។

ការ​អះអាង​របស់ លោក កឹម សុខា មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដូច្នេះ ស្រប​ពេល​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​រាជការ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​នេះ​ដែរ។

បញ្ហា​នេះ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​រិះគន់​​អាជ្ញាធរ​ខេត្ត​​នេះ ថា​បាន​ឃុបឃិត​គ្នា​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី រំលោភ​យក​​ដី​នៅ​តាម​តំបន់​ឆ្នេរ ដែល​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​សម្រាប់​បម្រើ​មហិច្ឆតា​​​​បុគ្គល ឬ​បក្ខពួក​មួយ​ចំនួន៖ «អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន គួរ​តែ​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ចំពោះ​ជន​ទាំងឡាយ​ដែល​បាន​រំលោភ​យក​ដី​ឆ្នេរ​សមុទ្រ​យក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ត្រូវ​ដក​សិទ្ធិ​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​ជំនួស​វិញ។ ប៉ុន្តែ​បើ​សិន​ជា​ក្នុង​ករណី​អ្នក​ជាប់​ពាក់ព័ន្ធ​រឹងរូស មិន​ព្រម​ប្រគល់​ឆ្នេរ​ទាំង​នោះ​មក​ជា​សម្បត្តិ​រដ្ឋ​វិញ គឺ​អាជ្ញាធរ​ត្រូវ​តែ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ប្ដឹង​ទៅ​កាន់​តុលាការ​ចាត់​ការ​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​កុំ​ឲ្យ​បាត់បង់​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ និង​បឹង​ព្រែក​ទប់ ដែល​ជា​បឹង​ស្តុក​ទឹក​សាប​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ស្ទើរ​ត្រូវ​រលាយ​បាត់បង់​ទាំង​ស្រុង​ទៅ​ហើយ ហើយ​សព្វថ្ងៃ​នេះ​ផ្ទៃ​បឹង គឺ​នៅ​សល់​តែ​ប្រមាណ ១៥​ហិកតារ​ប៉ុណ្ណោះ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​ស្នើ​ដល់ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ស្នើសុំ​គោលការណ៍​ពី​រដ្ឋាភិបាល ឲ្យ​មោឃភាព​ប្លង់​ដី ឬ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​តាម​​តំបន់​ឆ្នេរ​សមុទ្រ ឬ​បឹង​ធម្មជាតិ​ពី​​ឯកជន និង​ក្រុមហ៊ុន​​ដាក់​​មក​ជា​សម្បត្តិ​រដ្ឋ​វិញ៖ «តំបន់​ឆ្នេរ​ស្ទើរ​តែ​ទាំងអស់​នា​ខេត្ត​ព្រះសីហនុ ដែល​ជាប់​ជា​ឆ្នេរ​ស្រស់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក ក្នុង​ចំណោម​ខេត្ត​ជាប់​សមុទ្រ​ចំនួន​៤ ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ ស្ទើរ​តែ​បាត់បង់​ទាំង​ស្រុង​ត្រូវ​គ្រប់គ្រង​ដោយ​​ឯកជន និង​ក្រុមហ៊ុន​អស់​ទៅ​ហើយ។ បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដែល​បាន​ដូរ​អ្នក​ដឹក​នាំ​ចន្លោះ​ពី ៣ ទៅ ៤​នាក់​រួច​មក​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​ថ្នាក់​ដឹក​នាំ​ណា​មួយ ជួយ​យក​ចិត្ត​ទុក​ដាក់​ការពារ​ទ្រព្យ​សម្បត្តិ​រដ្ឋ ឬ​ឆ្នេរ​សមុទ្រ​ខេត្ត​នេះ​នោះ​ទេ​នា​ពេល​កន្លង​មក ហើយ​ការ​បាត់បង់​ឆ្នេរ​នេះ នាំ​ឲ្យ​ភ្ញៀវ​ជាតិ​​អន្តរជាតិ​ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ រក​ឆ្នេរ​សម្រាប់​អង្គុយ ឬ​ដើរ​កម្សាន្ត​ពុំ​បាន​ទេ​សព្វថ្ងៃ​នេះ»

ឆ្នេរ​ព្រៃត្រែង ព្រះសីហនុ ៦២០
ឆ្នេរ​ព្រៃត្រែង ដែល​ត្រូវ​ព័ទ្ធ​របង​ហ៊ុមព័ទ្ធ​ជា​កម្មសិទ្ធិ នា​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៤ RFA/Den Ayuthyea

 

ស្រដៀង​គ្នា​នេះ​ដែរ លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ក៏​បាន​ទទូច​ថា ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ ត្រូវ​តែ​ដក​ហូត​ដីធ្លី​ដែល​មន្ត្រី​បម្រើ​ការងារ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​មិន​ប្រក្រតី​មាន​ដូចជា ដី​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ និង​​ដី​នៅ​​ជុំវិញ​បឹង​ធម្មជាតិ​បឹង​ព្រែក​ទប់ និង​ដី​កោះ​ជាដើម មក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​វិញ។ លោក​សង្កេត​​​ឃើញ​​ថា សព្វថ្ងៃ​នេះ ខេត្ត​ទេសចរណ៍​ជាប់​មាត់​​សមុទ្រ​មួយ​នេះ​កើត​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ជុំវិញ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ឯកជន និង​​ក្រុមហ៊ុន​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ឬ​បឹង​ធម្មជាតិ ជាដើម ប៉ុន្តែ​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​នោះ​ទេ។

លោក ប៊ួន ណារិទ្ធ អះអាង​ថា សព្វថ្ងៃ​នេះ ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ចូល​កម្សាន្ត​មិន​មាន​ច្រើន​ទេ ព្រោះ​មាន​កម្មសិទ្ធិ​អស់​ទៅ​ហើយ ហើយ​មាន​ដី​តំបន់​ឆ្នេរ​ច្រើន​ទៀត​ក៏​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​របង​ថ្ម និង​សង់​វីឡា​ធំ​ស្កឹមស្កៃ​សម្រាប់​លំហែ​កាយ​របស់​មន្ត្រី​មាន​អំណាច និង​អ្នក​មាន​ទ្រព្យ​ធន​យក​ធ្វើ​កម្មសិទ្ធិ​ឯកជន៖ «ឆ្នេរ​ភាគ​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាត់បង់​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ឲ្យ​ឯកជន និង​ក្រុមហ៊ុន​អស់​ហើយ​សព្វថ្ងៃ​នេះ។ តាំង​ពី​ឆ្នេរ​ព្រែក​ត្រែង ឆ្នេរ​មុខ​សាលា​ខេត្ត​ព្រះសីហនុ រហូត​ដល់​ឆ្នេរ​អូរត្រេះ ជាដើម គឺ​ត្រូវ​ឯកជន និង​ក្រុមហ៊ុន​ធ្វើ​របង​ថ្ម ឬ​ដែក​ហ៊ុមព័ទ្ធ​មិន​ឲ្យ​ទេសចរ​ដើរ​ចេញ​ចូល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ដី​ឆ្នេរ​ទាំង​នោះ គឺ​សុទ្ធតែ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​រដ្ឋ​បាន​ហាមឃាត់​មិន​ឲ្យ​បុគ្គល ឬ​អ្នក​មាន​អំណាច​ណា​មួយ​ទៅ​រំលោភ​បំពាន​ធ្វើ​កម្មសិទ្ធិ​ឯកជន​ទេ។ ប៉ុន្តែ​ជាក់ស្តែង​បច្ចុប្បន្ន​នេះ ឆ្នេរ​ភាគ​ច្រើន​នា​ខេត្ត​ព្រះសីហនុ ត្រូវ​អ្នក​មាន​អំណាច​បាន​រំលោភ និង​ហ៊ុមព័ទ្ធ​របង​ថ្ម​ធ្វើ​ជា​សម្បត្តិ និង​ជួល ឬ​លក់​ដូរ​បន្ត​យ៉ាង​អនាធិបតេយ្យ ហើយ​ឆ្នេរ​ខ្លះ​ទៀត មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​នោះ​ទេ»

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​ខេត្ត​គ្មាន​សិទ្ធិ​សើរើ​សំណង់ ឬ​ការ​គ្រប់គ្រង​ដីធ្លី​នៅ​តាម​តំបន់​ឆ្នេរ​ដែល​កំពុង​គ្រប់គ្រង​ដោយ​ឯកជន និង​​​ក្រុមហ៊ុន​​ទេ ព្រោះ​ការ​គ្រប់គ្រង​ដីធ្លី​ទាំង​នោះ គេ​មាន​ប័ណ្ណ​កម្មសិទ្ធិ ឬ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​​ស្រប​ច្បាប់។

ទោះ​ជា​បែប​នេះ​ក្តី លោក​សង្កត់​ធ្ងន់​ថា ដី​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ផ្សេង​ទៀត​ដែល​នៅ​សេសសល់ អាជ្ញាធរ​​មិន​អនុញ្ញាត​ឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ឬ​ក៏​ចាក់​ដី​រំលោភ​យក​ឆ្នេរ និង​ធ្វើ​របង​ថ្ម​ហ៊ុមព័ទ្ធ​ធ្វើ​ជា​កម្មសិទ្ធិ​ទៀត​ទេ៖ «ប្លង់​ដែល​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចេញ​ឲ្យ​ប្រើប្រាស់​រួច​ហើយ គឺ​បាន​ក្លាយ​ទៅ​ជា​ច្បាប់​ទៅ​ហើយ ហើយ​អាជ្ញាធរ ឬ​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​តែ​គោរព និង​ត្រូវ​អនុវត្ត​តាម​នោះ​ដែរ»

យ៉ាង​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល បាន​ផ្តល់​គំនិត​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គួរ​ស្នើសុំ​គោលការណ៍​ទៅ​រដ្ឋាភិបាល ដើម្បី​ស្នើ​ដក​ហូត​សិទ្ធិ​គ្រប់គ្រង​ដីធ្លី ឬ​មោឃភាព​ប្លង់​កម្មសិទ្ធិ និង​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន ឬ​ឯកជន​ទាំង​ឡាយ ដែល​បាន​ឃុបឃិត​រំលោភ​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ​ធ្វើ​កម្មសិទ្ធិ មាន​ដូចជា ដី​បឹង​ធម្មជាតិ​បឹង​ព្រែក​ទប់ និង​ដី​នៅ​​តាម​តំបន់​ឆ្នេរ​សមុទ្រ ជាដើម ដែល​គ្មាន​សកម្មភាព​អភិវឌ្ឍន៍​ទុក​ជូន​រដ្ឋ​គ្រប់គ្រង​វិញ។

ទាក់ទិន​បញ្ហា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​វិនិយោគ​នា​សាលា​ខេត្ត​ព្រះសីហនុ នា​ពេល​កន្លង​ទៅ បាន​ព្រមាន​ថា នឹង​បន្ត​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ឯកជន​ទាំងឡាយ​ណា ដែល​មិន​អនុវត្ត​តាម​កិច្ចសន្យា ឬ​គោលការណ៍​វិនិយោគ ដែល​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។ ជាមួយ​គ្នា​នោះ លោក ប៊ិន ឈិន ក៏​បាន​ជំរុញ​ដល់​មន្ត្រី​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​ជំនាញ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​សហការ​គ្នា​ចុះ​ពិនិត្យ​ជាក់ស្តែង​អំពី​សកម្មភាព​របស់​ក្រុមហ៊ុន​វិនិយោគ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រាកដ​ថា ក្រុមហ៊ុន​ទាំង​នោះ​បាន​អនុវត្ត​ទៅ​តាម​កិច្ចសន្យា​វិនិយោគ​ជាមួយ​រដ្ឋាភិបាល ឬ​ទេ មុន​នឹង​សម្រេច​ដក​អាជ្ញាប័ណ្ណ ឬ​សិទ្ធិ​វិនិយោគ​ពី​បណ្ដា​ក្រុមហ៊ុន​ទាំង​នោះ។ ជាង​នេះ លោក​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​អំពើ​ពុក​រលួយ ដែល​អាច​នឹង​កើត​មាន​ឡើង​រវាង​មន្ត្រី​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​រដ្ឋ ក្នុង​​សកម្មភាព​ចុះ​បំពេញ​បេសកកម្ម​សើរើ​ការងារ​ពាក់ព័ន្ធ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។