បាញ់ប្រហារ​នៅ​ក្រុង​ម៉ា​រសី​បារាំង​ស្លាប់​3​នាក់

ប្រភព​ព័ត៌មាន​ប៉ូលិស​រាយការណ៍​ថា យុវជន​៣​នាក់ ម្នាក់​អាយុ​២៤​ឆ្នាំ ហើយ​២​នាក់​ទៀត​មាន​អាយុ​១៥​ឆ្នាំ​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​បាញ់ប្រហារ​មួយ​កាលពី​យប់​ថ្ងៃ​ទី​២៤ មក​២៥ តុលា ក្នុង​សង្កាត់​ភាគ​ខាងជើង​ទីក្រុង​ម៉ា​រសី បារាំង ។

ប្រភព​ព័ត៌មាន​នេះ​គូសបញ្ជាក់​ថា យុវជន​ទាំងនេះ​រង​ការ​បាញ់ប្រហារ​ដោយ​កាំភ្លើងស្វ័យប្រវត្តិ​នា​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​នៅ​ឯ LAURIESR  ស្ថិត​ក្នុង​ខណ្ឌ​ទី​១៣ ។ តំបន់ LAURIERS  នេះ​ល្បី​ជា​កន្លែង​រត់ពន្ធ​គ្រឿងញៀន​នៅ​ក្រុង​ម៉ា​រសី រួច​កាលពី​ខែឧសភា មាន​ប្រតិបត្តិការ​ធំ​មួយ​បង្ក្រាប​គ្រឿងញៀន​ដែល​ប្រមូល​កម្លាំង​ប៉ូលិស​ដល់​៣០០​នាក់ ។ ពេល​នោះ​មនុស្ស​២០​នាក់​ត្រូវ​បាន​ចាប់ខ្លួន ។

ការ​បាញ់ប្រហារ​កាលពី​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៥ តុលា កើត​មាននៅ​ជាប់​អគារ B ស្ថិត​នៅ​ទល់មុខ​នឹង​ច្រកចូល​ស៊ី​តេ​មួយ ។ នៅ​ពេល​ព្រឹក​ឡើង​គេ​នៅ​ឃើញ​ស្នាម​ឈាម​មួយ​ចំនួន​នៅ​លើ​ដី ហើយ​មាន​យុវជន​ប្រមាណ​ជា​១០​នាក់​មាន​វត្ត​មាននៅ​កន្លែង​កើតហេតុ ៕