កីឡា E-Sport ចាប់​ផ្ដើម​​ចម្រាញ់​​រក​ជើង​​ខ្លាំង​​តាម​​បណ្ដា​ខេត្ដ-​ក្រុង លក្ខណៈ​ទ្រង់​ទា្រយធំ

ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (E-Sport) បានបើកយុទ្ធនាការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ ជាតិ ឆ្នាំ២០១៥ ហើយ បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះ ។

ថ្លែងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិខាងលើ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា កាលពីថ្ងៃទី២៤ ខែតុលាម្សិលមិញ លោក ជី សិលា ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានមាន ប្រសាសន៍ថា ការប្រកួតឆ្នាំនេះ សហព័ន្ធបានពង្រីកសក្ដានុពលរហូតដល់ទៅ២៣ខេត្ត-ក្រុងឯណោះ ដោយបែងចែកការប្រកួតជា៦តំបន់ ដើម្បីជ្រើសរើសរកក្រុមខ្លាំង ប្រចាំតំបន់ចំនួន២ក្រុមចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើង ក្នុងឱកាសបុណ្យសមុទ្រ លើកទី៤ ឆ្នាំ២០១៥ ដែលនឹងរៀបចំនៅតំបន់ឆ្នេរ នាខេត្តកំពតនាចុងឆ្នាំនេះ ។

លោកបន្ដថា តំបន់ត្រូវបានបែងចែកការប្រកួតនោះ រួមមានតំបន់ទី១-មានខេត្តស្វាយរៀង, កំពង់ចាម, ព្រែវែង និង កណ្ដាល គឺបានរៀបចំកាលពីថ្ងៃទី១៩-២៤ ខែតុលានេះ ។ តំបន់ទី២-មានខេត្តរតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង និង ខេត្តក្រចេះ គឺគ្រោងនឹងប្រកួតចាប់ពីថ្ងៃទី២៦-៣១ ខែតុលានេះ ។ តំបន់ទី៣-ខេត្តសៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ និងកំពង់ធំ ប្រកួតពីថ្ងៃទី០២-៦ ខែវិច្ឆិកា ។

តំបន់ទី៤-ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, កំពង់ឆ្នាំង និងពោធិ៍សាត់ ត្រូវប្រកួតពីថ្ងៃទី០៩-១៤ ខែវិច្ឆិកា ។ តំបន់ទី៥-ប្រកួតពីថ្ងៃទី១៦-២១ ខែវិច្ឆិកា និងតំបន់ទី៦ មានខេត្តកំពង់សោម កំពត កោះកុង កំពង់ស្ពឺ និងតាកែវ ត្រូវ ប្រកួតនៅថ្ងៃទី០៧-១១ ខែធ្នូ ឆ្នាំ២០១៥ នេះ ។

នៅក្នុងឱកាសនោះដែរលោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា E-Sport គឺជាកីឡាថ្មីមួយប្រភេទ ដែលកំពុងមានសក្ដានុពល និងធ្លាប់បានដណ្ដើមយកស្នាដៃជូនជាតិ ។ ក្នុងនាម NOCC លោកពិតជាថ្លែងកោតសរសើរ ចំពោះការ ខិតខំរបស់ប្រធានសហព័ន្ធ និងសមាជិក ដែលរួមចំណែកសហការអភិវឌ្ឍវិស័យកីឡាកម្ពុជាឲ្យរីកចម្រើន ជាពិសេស គឺប្រភេទកីឡាថ្មី E-Sport នេះតែម្ដង ។
លោកបន្ដថា «បច្ចុប្បន្នវិស័យកីឡារីកចម្រើន ប៉ុន្ដែក៏ត្រូវការការរួមចំណែកពីសហព័ន្ធកីឡាជាតិផងដែរ ។

ខ្ញុំពិតជាគាំទ្រការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ជាពិសេសគឺការបង្កើតឲ្យមានកម្មវិធីប្រកួតាមបណ្ដាខេត្ត-ក្រុងតែម្ដង ព្រោះតាម បណ្ដាលខេត្ត-ក្រុង ក៏សម្បូរធនធានដែរ ដូច្នេះយើងត្រូវការជ្រើសរើសពួកគេ ដើម្បីបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាអត្ដលិកអាជីពនាថ្ងៃអនាគត» ៕

កីឡា E-Sport ចាប់​ផ្ដើម​​ចម្រាញ់​​រក​ជើង​​ខ្លាំង​​តាម​​បណ្ដា​ខេត្ដ-​ក្រុង លក្ខណៈ​ទ្រង់​ទា្រយធំ