ម្ចាស់​អង្ក​រចេញ​មុខ​បកស្រាយ​រឿង​ដាំបាយ​ក្លាយជា​កៅស៊ូ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​រឿង​គ្រួសារ​មួយ​ដាំបាយ​ពេល​កក​ក្លាយជា​ជ័រ​នៅ​ភូមិ​មិត្តភាព ​សង្កាត់ ​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥  តុលា​ ​ម្ចាស់​ក្រុមហ៊ុន​បោះ​ដុំ​អង្ករ​តាម​ដេប៉ូ​ និង​ជា​តំណាង​ឲ្យ​រោង​ម៉ា​ស៊ីន​កិនស្រូវ​មួយ​បាន​ចេញ​មុខ​បកស្រាយ​នៅ​ប៉ុស្តិ៍រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត។

បុរស​ឈ្មោះ​ឈុ​ន ​ឈិ​ន ​អាយុ​៣៨​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​បូ​ គឹ​ម​ហួរ ​អាយុ​៣៥ឆ្នាំ ​ជា​តំណាង​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​ និង​ជា​អ្នក​បោះ​ដុំ​អង្ក​របានប្រាប់​ថា​ អង្ករដែល​គ្រួសារ​មួយ​ទិញ​​យក​​ទៅ​ដាំបាយ​ប្រទះ​ឃើញ​ជ័រ​នោះ​ធាតុ​ពិត​វា​ជា​ជ័រ​ត្បាល់​ម៉ាស៊ីនកិនស្រូវ​ទេ ​មិនមែន​ជា​ថ្នាំពុល​ ឬ​វត្ថុ​អ្វី​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភា​ព​អ្នក​ទទួលទាន​នោះ​ទេ​។

ប្តី​ប្រពន្ធ​ខាងលើ​បន្ត​ថា​ រោង​ម៉ាស៊ីន​ខ្នាត​ធំ​ៗ​គេ​មិន​ប្រើប្រាស់​ជ័រ​ចំណុច​ត្បាល់​ម៉ាស៊ីន​ដើម្បី​រឹត​ឲ្យ​អង្ក​ល្អ​ទេ ​តែ​ម៉ាស៊ីនកិនស្រូវ​របស់​ឪពុក​គាត់​ជា​ម៉ាស៊ីន​ខ្នាត​មធ្យម​ គឺ​ត្រូវ​ប្រើប្រាស់​ជ័រ​ចំណុច​ត្បាល់​ដើម្បី​ឲ្យ​អង្ក​រអស់​ស្រូវ​ឬ​សំ​រ៉ូ​ប​។

ពួក​គាត់​បន្ត​ថា​ ជា​ធម្មតា​ម៉ាស៊ីន​​​កិន​អង្ករ​បាន10​កា​រុង​ត្រូវ​រឹត​ជ័រ​ចំណុច​ត្បាល់​ម្តង ​ប៉ុន្តែ​គាត់​សង្ស័យ​ថា​ ដោយ​កម្មករ​ធ្វេស​ប្រ​ហែ​ស​រឹត​ត្បាល់​តឹង​ពេក​រហូត​30ទៅ​40​កា​រុង​រឹត​ម្តង​ទើប​ជ័រ​ត្បាល់​ដាច់​ច្រើន​ធ្លាក់​ចូល​ទៅ​ក្នុង​អង្ករ​។

គ្រួសារ​ខាងលើ​បាន​កាន់​ដុំ​ជ័រ​ត្បាល់​ម៉ាស៊ីន​ចំនួន​៣​ដុំ​ និង​កំទេច​ជ័រ​ដែល​ដាច់​ក្នុង​ម៉ាស៊ីន​យក​មក​បង្ហាញ​ជា​ភស្តុ​តាង​។ ថ្វី​ត្បិត​តែ​រឿងរ៉ាវ​ខាងលើ​មានការ​ភ្ញាក់ផ្អើល ​ហើយ​មានការ​បកស្រាយ​ ប៉ុន្តែ​ក៏ជា​ព័ត៌មាន​ល្អ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន​បានដឹង​ថា បើ​ប្រទះ​ឃើញ​ជ័រ​នៅ​ក្នុង​អង្ក​រ ឬ​ក្រោយ​ដាំបាយ​វា​ជា​ជ័រ​ដាច់​ពី​ត្បាល់​ម៉ាស៊ីនកិនស្រូវ​មិនមែន​ជា​ថ្នាំពុល ​ឬ​ជា​របស់​សង្ស័យ​ដូចដែល​គេ​នាំ​គ្នា​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឡើយ​៕​