ល្បែងស៊ីសង​​​ក្នុង​ហាង​កាហ្វេ​ហ៊ោ​កញ្ជ្រៀវ​​កក្រើក​ក្រោយ​ប៉ុស្តិ៍​​នគរបាល​ប្អេ​រ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្នុង​ក្រុង​កំពង់ឆ្នាំង​ បាន​​រអ៊ូរទាំថា ហាង​លក់​កាហ្វេ​មួយ​កន្លែងឈ្មោះ សុខុម គ​ន្ឋា មា​នទី​តាំងនៅ​ក្រោយ​ប៉ុស្តិ៍នគរបាលរដ្ឋបាល​ប្អេ​រ ជា​កន្លែង​​ជួបជុំ​របស់​អ្នក​ញៀន​​​ល្បែងភ្នាល់​ចាក់​ប្រ​ដាល់តាម​ទូរ​ទស្ស​ន៍​ជា​រៀងរាល់ថ្ងៃថ្ងៃ​សៅរ៍-អាទិត្យ ស្ថិត​ក្នុងភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​ ​។​

អ្នក​​ញៀន​​​​ល្បែង​ភ្នាល់​ចាក់​ប្រ​ដាល់មិន​តិច​ជាង​១០០​នាក់​ទេ ​ដែល​បាន​ចូល​ផឹក​កាហ្វេ​ភ្នាក់​ចាក់​ប្រ​ដាល់​​​​ហើ​យ​បាន​​ស្រែក​ហ៊ោ​កញ្ជ្រៀវ​កងរំពងពេល​ឈ្នះ ឬ​ពេល​កីឡាករ​ណា​ដួល ព្រម​ជាមួយ​​នឹង​សម្រែក​​​​ដេញថ្លៃយ៉ាងទ្រហឹង​ ។ អ្នក​ញៀន​ខ្លាំង​និង​សម្បូរ​លុយ​ស៊ីសងគ្នាក្នុង​មួយគូ​ចាប់​ពី​៥០​ម៉ឺនរៀល​ ទៅ​១​លាន​រៀល ចំណែក​អ្នកមាន​លុយ​តិចតួច​ក៏​​​១០​ម៉ឺន​រៀលដេែរ ​។ ចំណែក​ម៉ូតូ​បាន​បញ្ឈរ​ចោល​នៅ​ក្រៅ​ហាង​យ៉ាង​ត្រៀបត្រា ពេល​ខ្លះ​ក៏​មាន​បាត់បង់​​ផង​​ដែរ ​។

​អ្វី​ដែល​គួរឱ្យ​ចាប់​អារ​ម្ម​ណ៏​នោះ គឺ​​ប៉ុស្តិ៍នគរបាល​នៅ​ចម្ងាយ​តែ​ប្រមាណ​១០​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ តែ​ហាក់​ដូច​ជា​គ្មាន​ចំណាត់ការ​បន្តិចណា​​សោះឡើយ​  ។
​​ប្រជាពលរដ្ឋ​​ដែល​មាន​ទីលំ​នៅ​ក្បែរ​​ហាង​ការ​ហ្វេ​ខាងលើ​ បាន​សំណូមពរ​ដល់អាជ្ញាធរមូលដ្ឋាន លោកស្នងការ​នគរបាល​ខេត្ត ពិ​សេស​ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​ខេត្ត ​សូម​មេត្តា​ជួយ​ពិនិត្យមើលហាង​ការ​ហ្វេ​ខាងលើ​នេះ​ផង ​។​

សូ​ម្បី​តែ​មន្ត្រីរាជការ​ខ្លះ​ក៏​ទៅ​ចាក់​ប្រ​ដាល់​នៅ​ទីនោះ​ដែរ ខ្លះ​ឈ្នះ​ចេញ​មក​វិញ​សប្បាយចិត្ត ខ្លះទៀត​​ចាញ់​ចេញ​មក​វិញ​មុខស្អុយ​ប៉ែ ចង់​មិន​ចង់​​បាត់​ម៉ូតូ​ទៀត គ្មាន​ការ​ទទួល​ខុសត្រូវ ព្រោះ​ក្នុង​ហាង​មាន​ស្លាក​សរសេរ​ថា សូម​រក្សា​យាន្ត​ជំ​និះដោយ​ខ្លួនឯង រាល់​ការ​បាត់បង់​មិន​ទទួលខុសត្រូវ​ឡើយ ។

ប្រជាពលរដ្ឋ​លើក​ឡើងទៀត​​ថា ឱ្យ​​តែ​របៀប​នេះ តើគោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅឯណា? ត្រង់​ណា​ទៅ​ពាក្យ​ថា គ្មាន​ល្បែងស៊ីសង គ្មាន​ចោរកម្ម? ម្យ៉ាងវិញទៀត ​ហាង​មួយ​នេះ​នៅ​មិនឆ្ងាយ​ពីមុខ​សាលាខេត្ត​កំពង់ឆ្នាំង​ប៉ុន្មាន​ទេ អ្នកធ្វើការ​បើសិន​មិន​ចូល​ក្នុង​បន្ទប់ម៉ា​ស៊ី​ន​ត្រជាក់​អាច​ស្តាប់​ឮ​កា​រ​ហ៊ោកញ្ជ្រៀវ​នេះ​បាន ហេតុនេះ​​ សូម​លោកអភិបាលខេត្ត​មេត្តា​ជួយ​មើល​ផង ៕