​​ជនសង្ស័យ​​៦​នាក់​ និង​ថ្នាំ​ញៀន១៨​កញ្ចប់ ​ត្រូវ​បាន​​​បញ្ជូន​​ទៅ​សាលាដំបូង​ខេត្ត​

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន​៦​នាក់​ពាក់​ព័ន្ធគ្រឿង​ញៀន​ ​ត្រូវ​​​​​នគរបាល​​ចាប់​បានជា​បន្តបន្ទាប់នៅ​កន្លែង​ផ្សេង​គ្នា ក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​ទឹកផុស និង​ស្រុក​កំពង់ត្រឡាច ​ដោយ​ដកហូត​ថ្នាំ​ញៀន​សរុប​ចំនួន​១៨​កញ្ចប់ ។

​​មន្ត្រី​​​នគរបាល​​ខេត្ត​ បានឱ្យ​​ដឹង​ថា នៅ​វេលា​ម៉ោង៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ​តុលា ​​​២០១៥ សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស និង​សមត្ថកិច្ច​នគរបាល​ខេត្ត បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ខណៈ​​​កំពុងចែកចាយ​ថ្នាំ​ញៀន នៅ​​ភូមិ​ទួល​សំរោង ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ​ជនសង្ស័យ​ទាំង​៣​នាក់នេះ មាន ១​-ឈ្មោះ ថន បូ អាយុ​​៥២ឆ្នាំ ​ជា​​អ្នក​​រត់​ម៉ូតូឌុប មាន​ទី​លំ​នៅ​​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ២-​ឈ្មោះ តា​ល់ វុ​ទ្ឋី ហៅ​កំសត់ អាយុ​៣០​ឆ្នាំ ​ជា​អ្នក​​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង និង​៣-​ឈ្មោះ នាង សុ​ន្ឋា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទី​៨ ​សង្កាត់​ខ្សា​ម ដោយ​ដកហូតថ្នាំ​ញៀន១​កញ្ចប់ ម៉ូតូ​២​គ្រឿង ទូ​រស័ព្ទ​៤​គ្រឿង ។

​ដោយឡែក ​លោក មាស ស៊ី​ភិន អធិការ​នគរ​ស្រុក​កំពង់ត្រឡាច បានឱ្យ​​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២៤​ តុលា​ ​ង​២០១៥ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់​ត្រឡាច ចាប់​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ នៅ​ចំណុច​ផ្សារ​ថ្នល់ទទឹង ក្នុងភូមិ​សំរោង ឃុំ​តា​ជេស  មាន​ ១-​ឈ្មោះ លាស់ សេន អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រសា​ថ្មី ឃុំ​ឈូកស ២-​ឈ្មោះ​ យូ ទាំ​ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​អួរ​តានី​ស ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច និង​៣-​ឈ្មោះ សេន សុ​អ៊ី អាយុ​៣២ឆ្នាំ នៅ​ភូមិ​ចារ​ថ្មី ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលា​ប្អៀរ​ ដោយ​ដកហូត​បានថ្នាំ​ញៀន១៧​កញ្ចប់​តូច ​និងម៉ូតូ​១​គ្រឿង ​។

ជន​ស​ង្ស័​យ​ទាំង​៦​នាក់ រួម​នឹង​វត្ថុ​តាង​ ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​​​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕