ពលរដ្ឋ​និង​លោក​មេ​ភូមិ​ទួល​ខ្សាច់​សុំ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​១៣០០​ម៉ែត្រ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ជាង​១០០​គ្រួសារ បាន​សំណូមពរ​ទៅ​មន្ទីរ​ពាក់ព័ន្ធ​ អាជ្ញាធរ​ខេត្ត និង​រាជរដ្ឋាភិបាល សូម​ជួយ​ស្តារ និង​កសាង​ឡើង​វិញ​នូវ​ផ្លូវ​មួយ​ខ្សែ​ប្រវែងជាង​១.៣០០​ម៉ែត្រ​ដែល​កំពុង​បាត់បង់ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​នេះ​ពិបាកធ្វើ​ដំណើរ ព្រោះតែ​ផ្លូវ​មួយ​ខ្យែ​នេះ​ត្រូវ​បាន​គេ​បោះបង់​ចោល គ្មាន​ការ​ជួសជុល និង​កសាង​ឡើង​វិញ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម៉្លេះ ។

លោក​ សំ ហឿ​ន មេ​ភូមិ​ទួល​ខ្សាច់ បាន​មាន​ប្រសាសន៍​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ផ្លូវ​បណ្តោយ​ក្នុងភូមិ មាន​ប្រវែង​ជាង​១៣០០​ម៉ែត្រ ជា​ផ្លូវ​ដែល​កសាង​ឡើង​ដោយ​ជប៉ុន​តាំងពី​សម័យ​សង្គមចាស់ តែ​ក្រោយ​ឆ្នាំ​១៩៧៩​មក​មិន​ដែល​មានការ​កសាង​ឡើង​វិញ​ទេ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង មាន​អ្នក​រំលោភ​យក​ដី​ផ្លូវ​នេះ​​ទៅ​ទៀត ដែល​ពី​ដើម​មក​ផ្លូវ​នេះ​មាន​ទទឹង​ជាង​៨​ម៉ែត្រ ប៉ុន្តែ​ពេល​នេះ​កន្លែង​ខ្លះ​បាន​រួម​តូច​ដោយសារ​តែ​មាន​អ្នក​បំពាន​កសាង​របង​ថ្ម​រំលោភ​យក​ផ្លូវ​នេះ អស់​ជាង​ពាក់កណ្តាល​ក៏​មាន ។

លោក​មេ​ភូមិ​បាន​បន្ត​ថា បើ​ទោះ​បែប​នេះ​ក្តី លោក​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្នើ​សុំ​ឱ្យប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជួយ​ផ្សាយ​ពី​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទៅ​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត ពិសេស​រាជរដ្ឋាភិបាល ដោយ​ស្នើ​សុំ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង​វិញ តាម​លទ្ធភាព​ជាក់ស្តែង ដែល​ទទឹង​មាន​ពី​៥​ទៅ​៨​ម៉ែត្រ ។ កន្លង​មក ក្រោម​ប្រាក់​មូលនិធិ​ឃុំ បាន​កសាង​ផ្លូវ​ក្នុងភូមិ​៥​ខ្សែ​មាន​ប្រវែង​សរុប​ជាង​២​ពាន់​ម៉ែត្រ​ដែរ តែ​ផ្លូវ​មួយ​ខ្សែ​នេះ ថ្នាក់លើ​មិន​បាន​គិតគូរ​ឡើយ ។

លោក​ សា​រ៉េ​ត តំណាង​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ផ្លូវ​មួយ​ខ្សែ​គ្មាន​ផ្លូវ​ដើរ​ទេ ខ្លះ​ដើរ​កាត់​ភូមិ​គេ​ក៏​មាន​ដែរ ។ ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត មន្ទីរ​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល​ មេត្តា​ជួយ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ​ផង សព្វថ្ងៃ​ផ្លូវ​នេះ​នៅ​សល់​ថ្ម​ធំ​ៗ ជា​គ្រឹះ​ផ្លូវ ដែល​កសាង​ដោយ​ជប៉ុន​នៅឡើយ ។

សូម​បញ្ជាក់​ថា ផ្លូវ​មួយ​ខ្សែ​នេះ ត​ភ្ជាប់​ពី​ផ្លូវ​ក្រាល​កៅស៊ូ កាត់​ភូមិ​ពី​លិចទៅ​កើត​រហូត​ដល់​ទំនប់​ក្រវាត់ក្រុង មាន​ប្រវែង​ជាង​១៣០០​ម៉ែត្រ ទទឹង​ប្រវែង​ពី​៥​ទៅ​៨​ម៉ែត្រ​ តាម​ស្ថានភាព​ដែល​គេ​រំលោភ​យក តែ​ប្រជាពលរដ្ឋ​ និង​លោក​មេ​ភូមិ​ថា សល់​ប៉ុនណា​សូម​ធ្វើ​ប៉ុន​ហ្នឹង​ចុះ ៕