ភាពយន្ត​ជាង៨០រឿង​ត្រៀម​បម្រើ​ចក្ខុ​អារម្មណ៍​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​គឺជា​ព្រឹត្តិការណ៍​ភាពយន្ត​ដំបូង​គេ​នៅ​កម្ពុជា។ សម្រាប់​ព្រឹត្តិការណ៍​លើក​ទី៦ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី៤ ដល់ទី១០ ខែធ្នូ មហោស្រព​ភាពយន្ត​ដ៏​ធំ​នេះ នឹង​នាំយក​នូវ​ខ្សែភាពយន្ត​ជាង៨០ចំណងជើង​ដើម្បី​បញ្ចាំង​ជូន​ទស្សនា​ចំនួន២០០លើក​ក្នុង​រាជធានី​ភ្នំពេញ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី២១ ខែកក្កដា កម្មវិធី​មហោស្រព​ភាពយន្ត​ដ៏​ធំ​នេះ មាន​លក្ខណៈ​សម្បូរបែប និង​មាន​ភាពយន្ត​បែប​ចម្រុះ ដូចជា​រៀងរាល់ឆ្នាំ​ផងដែរ។
បន្ថែម​ពីលើ​ការបង្ហាញ​ខ្សែភាពយន្ត​ល្អ​បំផុត ដែល​ផលិត​នៅ​កម្ពុជា និង​និយាយ​អំពី​ប្រទេស​កម្ពុជា មហោស្រព​ភាពយន្ត​នៅ​ឆ្នាំនេះ​នឹង​ផ្តោត​ជាពិសេស​ទៅលើ​ខ្សែភាពយន្ត​ជប៉ុន ម៉ាឡេស៊ី និង​បារាំង ហើយក៏​នឹងមាន​រួមបញ្ចូល​ផងដែរ​នូវ​ភាពយន្ត​អាស៊ាន ដោយមាន​កម្រង​ខ្សែភាពយន្ត​ដែល​បានឈ្នះ​ពាន​នៅក្នុង​មហោស្រព​ភាពយន្ត​អាស៊ី (Asian Film Awards) ដ៏​ល្បីល្បាញ និង​ខ្សែភាពយន្ត​គំនូរជីវចលកម្រៗរបស់​សាធារណៈរដ្ឋ​ឆែក ព្រមទាំង​ខ្សែភាពយន្ត​ឯកសារ​មកពី​ទូទាំង​ពិភពលោក​ហើយ​និង​កម្រង​ខ្សែភាពយន្តខ្លីៗ ។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ក៏​នឹង​រួមបញ្ចូល​ការប្រកួតប្រជែង​ភាពយន្ត​ថ្នាក់ជាតិ​ផងដែរ ដោយ​ជ្រើសរើស​ខ្សែភាពយន្ត​ខ្មែរ​ចំនួន ៨ សម្រាប់ធ្វើ​ការប្រកួតប្រជែង​យក​ពានរង្វាន់ ដែល​ផ្ដល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​បិទ​កម្មវិធី។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នឹង​ផ្តល់ជូន​នូវ​ការ​បញ្ចាំង​នៃ​ខ្សែភាពយន្តពិសេសៗដល់​ទស្សនិកជន​ដែលជា​កុមារ ជាមួយនឹង​កម្រង​ខ្សែភាពយន្ត​គំនូរជីវចល ទាំង​សម័យមុន ទាំង​សម័យ​បច្ចុប្បន្ន ដែល​ភាពយន្ត​ទាំងនោះ​សុទ្ធសឹង​ជា​ភាពយន្ត​មាន​គុណភាព​ខ្ពស់ ។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នឹង​ចាក់​បញ្ចាំង​នៅក្នុង​រោងធំៗ នៅក្នុង​រាជធានី​ភ្នំពេញ (Major និង Cineplex, រោងកុន Legend ទាំងបី​ទីតាំង, សាល​មហោស្រព​ចតុមុខ, និង​រោងភាពយន្ត​ថ្មី​នៃ​វិទ្យាស្ថាន​បារាំង ព្រមទាំង​មជ្ឈមណ្ឌល​បុប្ផា​ណា) ក្នុងអំឡុងពេល ៧ ថ្ងៃ ក្នុងនោះ​មាន​ភ្ញៀវកិត្តិយស​និង​ផលិតករ​ភាពយន្ត ធ្វើការ​ចែករំលែក​បទ​ពិសោធន៍​ជាមួយ​ទស្សនិកជន​ថែមទៀត​ផង។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា គឺជា​ព្រឹត្តិការណ៍​បញ្ចាំងភាពយន្ត​ដែល​ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ ក្រោម​អធិបតីភាព​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា (CFC) និង​មជ្ឈមណ្ឌល​បុប្ផា​ណា សហការ​ជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​បារាំង។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​នៅ​ឆ្នាំនេះ នឹង​យក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ចំនួន ១ ដុល្លារ សម្រាប់​សំបុត្រ១សន្លឹក និង​តម្លៃ ៥ ដុល្លារ​សម្រាប់​ការទិញ​ជា​កញ្ចប់​ចំនួន១០សន្លឹក។ កម្មវិធី​បញ្ចាំង និង​ព័ត៌មានផ្សេងៗ នឹងមាន​បង្ហោះ​ជា​រៀងរាល់ថ្ងៃ​នៅលើ​គេហទំព័រ www.cambodia-iff.com រហូត ដល់​ចុងខែ​វិច្ឆិកា​នេះ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​