កសិករ​ស្រុក​វ៉ារិន​ខេត្ត​សៀមរាប​ព្រួយ​បារម្ភ​ខ្លាច​ទាហាន​ខ្លះ​គំរាម​រំលោភ​យក​ដី​ចម្ការ

កសិករ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​ស្វាយស និង​ឃុំ​វ៉ារិន នៃ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ជាតិ ព្រម​ទាំង​អាជ្ញាធរ​ខេត្ត រូតរះ​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​ចម្ការ​ជាច្រើន​ហិកតារ ដែល​ទាហាន​ខ្លះ​មក​ពី​កង​ពល​តូច​លេខ​៤២ កំពុង​គំរាម​កំហែង និង​បណ្ដេញ​ពួក​គេ​ដើម្បី​រំលោភ​យក​ដី​នោះ។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប បាន​ឆ្លើយ​តប​ជា​បន្ទាន់​ថា គេ​នឹង​បញ្ជូន​អ្នក​ស៊ើប​អង្កេត​ទៅ​កាន់​តំបន់​ទំនាស់​នោះ​ភ្លាម ប្រសិន​បើ​ប្រជា​កសិករ​យល់​ព្រម​ធ្វើ​ពាក្យ​បណ្ដឹង ហើយ​ដាក់​មក​ឲ្យ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល។

ក្រុម​ប្រជា​កសិករ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​ស្វាយស និង​ឃុំ​វ៉ារិន ស្រុក​វ៉ារិន ចម្ងាយ​ប្រមាណ​ជាង ១០០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ចម្ការ ដែល​ធ្លាប់​តែ​ដាំ​ដុះ​ចិញ្ចឹម​ជីវិត​នៅ​ពេល​ណា​មួយ ដែល​ពួក​គេ​មិន​អាច​តតាំង​ជាមួយ​ទាហាន​ដែល​មាន​អាវុធ ឬ​ក៏​មិន​មាន​ការ​ដោះស្រាយ​ពី​មន្ត្រី​រដ្ឋាភិបាល​ទេ​នោះ។

ការ​សម្ដែង​ក្តី​បារម្ភ​របស់​កសិករ​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ទាហាន​ខ្លះ​នៃ​កង​ពល​តូច​លេខ​៤២ បាន​ប្រើ​អាវុធ​ទៅ​គំរាម​បណ្ដេញ​ពួក​គេ ដើម្បី​យក​ដី​ចម្ការ​ដែល​កំពុង​ដាំ​ដុះ​ជាច្រើន​ហិកតារ​តាំង​តែ​ពី​មុន​ពេល​ភ្ជុំ​បិណ្ឌ ហើយ​សកម្មភាព​បណ្ដេញ​នេះ​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​នេះ។

ស្ត្រី​អ្នក​ភូមិ​កំបោរ នៃ​ឃុំ​ស្វាយស ម្នាក់​ក្នុង​ចំណោម​កសិករ​ជាច្រើន​ទៀត​ដែល​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ដើម្បី​យក​ដី គឺ​អ្នកស្រី ហ៊ឹម តាំងហ៊ុន។ អ្នកស្រី​អះអាង​ថា បច្ចុប្បន្ន​អ្នកស្រី​ខ្លួន​ឯង ព្រម​ទាំង​កូន គឺ​មាន​ដី​ចម្ការ​ប្រមាណ ៩​ហិកតារ​នៅ​ជិត​តំបន់​ច្រាបស្វា ដោយ​ដាំ​ដុះ​ផល​ដំណាំ​ជាច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា កន្លង​ទៅ នៅ​ពេល​អ្នកស្រី​នាំ​គ្នា​ទៅ​លះ​សម្អាត​ត្រួយ​ដំឡូងមី គឺ​មាន​ទាហាន​ខ្លះ​នៃ​កង​ពល​តូច​លេខ​៤២ ប្រដាប់​ដោយ​អាវុធ បាន​ចេញ​មុខ​ទៅ​ហាម​ឃាត់ ព្រម​ទាំង​បាញ់​គំរាម​ទៀត​ផង៖ «ម្សិលមិញ​ខ្ញុំ​នាំ​គ្នា​ទៅ​ត្រួស​តម្រង់​ចុង​ដំឡូង​ឲ្យ​ស្មើៗ​គ្នា​ទៅ ក៏​ទាហាន​មក​គំរាម​ខ្ញុំ​ឲ្យ​ឈប់ ដល់​ពេល​នេះ គេ​បាញ់​កាំភ្លើង​សម្លុត គេ​អាម៉េ​ច្រោកៗ»

ប្រភព​ពី​កសិករ​ជាច្រើន​ដែល​មាន​ដី​ចម្ការ​នៅ​តំបន់​នោះ អះអាង​ថា ទាហាន​ខ្លះ​ដែល​មក​គំរាម និង​ប៉ុនប៉ង​បណ្ដេញ​ដើម្បី​យក​ដី​នោះ ហាក់​ដូចជា​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ ពីព្រោះ​គេ​ឃើញ​មាន​ការ​ព្យាយាម​បណ្ដេញ​កសិករ​ដែល​ជា​ម្ចាស់​ចម្ការ ក៏ប៉ុន្តែ​ក្រុម​ទាហាន​នោះ បាន​ហៅ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ឲ្យ​ទៅ​ត្រួសត្រាយ​យក​ដី​ទៅ​វិញ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង លោក រស់ រីន នាយ​រង​សេនាធិការ​នៃ​កង​ពល​តូច​លេខ​៤២ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ដី​ចម្ការ​នៅ​ជិត​តំបន់​ភូមិ​តានៀល និង​ច្រាបស្វា គឺ​មាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយស និង​ឃុំ​វ៉ារិន ជាង ១០០​គ្រួសារ បាន​ទៅ​កាប់​គាស់​ផ្ទៃ​ដី​ទំហំ​ប្រហែល ៥០០​ហិកតារ ដើម្បី​ដាំ​ដុះ​ដំណាំ​ជាច្រើន​ឆ្នាំ​មក​ហើយ។

មេ​ឃុំ​ស្វាយស លោក លីវ រីណា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​បាន​ទៅ​កាប់​គាស់​ដី​ធ្វើ​ចម្ការ​ទីនោះ​ជា​យូរ​មក​ហើយ ក៏ប៉ុន្តែ​លោក​មិន​ដឹង​ថា តើ​ចំនួន​ពិត​ប៉ុន្មាន​គ្រួសារ​ដែល​មាន​ដី​នៅ​ទីនោះ​ទេ? លោក​មេ​ឃុំ​ស្វាយស សម្ដែង​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​ឮ​ថា ទាហាន​ខ្លះ​ព្យាយាម​រំលោភ​យក​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ៖ «របស់​ប្រជា​កសិករ​ដែល​ខិតខំ​គាស់​កាយ ដល់​ពេល​ដែល​ទាហាន​មក​យក​អ៊ីចឹង យើង​ព្រួយ​បារម្ភ​ព្រោះ​ថា ប្រទាំង​ប្រទើស​ជាមួយ​កងទ័ព​អ៊ីចេះ​វា​ពិបាក​ដែរ»

មេ​ឃុំ​វ៉ារិន លោក ឆូយ អឿន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ថា ប្រជាពលរដ្ឋ​របស់​លោក​ប្រមាណ ១០០​គ្រួសារ បាន​ចូល​ទៅ​កាប់​គាស់​ដី​ប្រហែល​ជា ៥០០​ហិកតារ នៅ​តំបន់​ជិត​ភូមិ​តានៀល និង​ច្រាបស្វា ដើម្បី​ធ្វើ​ស្រែ​ចម្ការ​ជាច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ទើប​តែ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៥ នេះ ស្រាប់​តែ​មាន​ទាហាន​ខ្លះ​នៃ​កង​ពល​តូច​លេខ​៤២ ចេញ​មុខ​ទៅ​ដណ្ដើម​យក​ដី​ទីនោះ​ដោយ​គេ​អះអាង​ថា គឺ​ជា​ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​បាន​ចែក​ឲ្យ​ទាហាន​ចូល​និវត្តន៍។ លោក​មេ​ឃុំ​វ៉ារិន បញ្ជាក់​ថា ពេល​នេះ​លោក​មិន​មាន​ដំណោះស្រាយ​អ្វី ដើម្បី​ជួយ​ប្រជាពលរដ្ឋ ក្រៅ​តែ​ពី​ប្រាប់​កុំ​ឲ្យ​ប្រជា​កសិករ​ចាក​ចេញ​ចោល​ដី​នោះ​ឲ្យ​សោះ៖ «ខ្ញុំ​ប្រាប់​ថា​ទោះ​បី​យ៉ាង​ម៉េច ក៏​ស៊ូ​ទ្រាំ​នៅ​ឲ្យ​បាន បើ​ទោះ​បី​ជា​គេ​ដេញ​យ៉ាង​ណា ក៏​នៅ​ទីនោះ​កុំ​ឲ្យ​ទៅ​ណា​ឲ្យ​សោះ»

នៅ​ថ្ងៃ​ទី​២២ ខែ​តុលា នេះ មាន​ព័ត៌មាន​ថា អាជ្ញាធរ​ស្រុក​វ៉ារិន បាន​រៀបចំ​គណៈកម្មការ​មួយ​ក្រុម​ដើម្បី​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង ដែល​កសិករ​កំពុង​មាន​ទំនាស់​ជាមួយ​ទាហាន​នោះ​ហើយ។

ទោះ​យ៉ាង​ណា អភិបាល​ស្រុក​វ៉ារិន លោក នាក់ ណេរ៉ុន មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តើ​ពិត​ជា​មាន​គណៈកម្មការ​របស់​ស្រុក ចុះ​ទៅ​ពិនិត្យ​មែន ឬ​ក៏​អត់​ទេ ដោយ​លោក​បែរ​ជា​បញ្ចេញ​កំហឹង​មក​លើ​វិទ្យុ​អាស៊ីសេរី ដែល​សាកសួរ​ព័ត៌មាន​នេះ​ទៅ​វិញ៖ «លោក​ឯង​ផ្សាយ​យ៉ាង​ម៉េច​ក៏​ផ្សាយ​ទៅ ពីព្រោះ​លោក​ឯង​យក​ព័ត៌មាន​ពី​ខ្ញុំ​មិន​ដែល​ផ្សាយ​ការ​ពិត​ពី​ខ្ញុំ​ដែរ ពីព្រោះ​លោក​ឯង​ធ្លាប់​ផ្សាយ​ពន្លើស​កាត់​ពាក្យ​របស់​ខ្ញុំ»

អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក ចៅ ល័ក្ខវណ្ណា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​បាន​ទៅ​ដាំ​ដុះ​លើ​ដី​ទីនោះ​ជាច្រើន​ឆ្នាំ​មក​ហើយ​មែន មាន​ន័យ​ថា កសិករ​ទាំង​នោះ​មាន​សិទ្ធិ​ជា​ម្ចាស់​ភោគៈ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ចុះ​បញ្ជី​នៅ​ការិយាល័យ​សុរិយោដី​ក៏ដោយ។ លោក ចៅ ល័ក្ខវណ្ណា បាន​ហៅ​សកម្មភាព​ទាហាន​ខ្លះ​ដែល​ប្រើ​កាំភ្លើង​ទៅ​បាញ់​សម្លុត​ប្រជាពលរដ្ឋ ឲ្យ​ចាក​ចេញ​ដើម្បី​យក​ដី​នោះ គឺ​ជា​អំពើ​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ។ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ត្រៀម​ខ្លួន​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​ទំនាស់​ដីធ្លី​រវាង​កសិករ​នៅ​ស្រុក​វ៉ារិន ជាមួយ​នឹង​ទាហាន​ខ្លះ​នៃ​កង​ពល​តូច​លេខ​៤២ នោះ ប្រសិន​បើ​អ្នក​ភូមិ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ដល់​ការិយាល័យ​របស់​អង្គការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។