កាសែត​បក្សកុម្មុយនិស្ត៖​ចិន​គួរ​តែ​បញ្ចូល​ខ្លួន​ទៅ​ក្នុង​សន្ធិសញ្ញា​ដោះដូរសេរី​អន្តរប៉ាស៊ីហ្វិក

នៅ​ថ្ងៃ​អាទិត្យ ទី២៥ តុលា​​នេះ ប្រទេស​ចិន​តាម​រយៈ​កាសែត​របស់​គណបក្ស​កុម្មុយនិស្ត​បាន​ឲ្យ​ដឹង​ថា ចិន​គួរ​តែ​បញ្ចូល​ខ្លួន​ទៅ​ក្នុង​សន្ធិសញ្ញា​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក​ហៅ​កាត់​ថា TPP។ គួរ​ជម្រាប​ជូន​ថា សន្ធិសញ្ញា​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក​ដែល​ជា​គំនិត​ផ្តួចផ្តើម​ដំបូង​របស់​សហរដ្ឋអាមេរិក​ទើប​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី៦ តុលា​កន្លង​ទៅ​ដោយ​មាន ១២ប្រទេស​ជា​សមាជិក តែ​គ្មាន​វត្តមាន​ប្រទេស​ចិន​ទេ។ ចិន​ដែល​បាន​បញ្ជាក់​ថា ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​នោះ​ទេ ហើយ​សេដ្ឋកិច្ច​របស់​ខ្លួន​ក៏​គ្មាន​ទទួល​រងផល​ប៉ះពាល់​អ្វី​ពី​សន្ធិសញ្ញា​នោះ​ដែរ។ ស្រាប់​តែ​ឥឡូវ ចិន​ហាក់​ដូច​ជា​បាន​បោះ​មួយ​ជំហាន​ថយ​ក្រោយ ដោយ​ចង់​ពិចារណា​ឡើង​វិញ​ពី​ការ​បញ្ចូល​ខ្លួន​ទៅ​ក្នុង​សន្ធិសញ្ញា​នោះ។