សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ខណៈ​រត់​ពួន​ក្នុង​ឡ​ចំហុយ​សន្លឹក​ថ្នាំជក់

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ដ៏​សកម្ម​២​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀននៅ​ស្រុក​ត្បូងឃ្មុំ និង​ស្រុក​ក្រូចឆ្មារ កាលពី​ថ្ងៃ​ទី​២៤ តុលា ២០១៥  ដោយ​រឹបអូស​បាន​ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​៤​កញ្ចប់​ក្នុង​នោះ​មាន​ធំ​១​កញ្ចប់ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឱ្យ​ដឹង​​ថា នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ តុលា ២០១៥ ត្រង់​ចំណុច​​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ រូប​លោក​បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ឈ្មោះ ឡាំ ដា​វី​ន ភេទ​ប្រុស មុខ​របរ​លក់​គ្រឿងទេស ។ ដោយ​មានការ​ឯកភាព​ពី​លោក ហ៊ា​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​បាន​ឆែកឆេរ​ផ្ទះ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​៣​កញ្ចប់​ ក្នុង​នោះ​មាន​ធំ​១​កញ្ចប់ និង​បាន​នាំ​ខ្លួន​ជន​សង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​សួរនាំ​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​បន្ថែម​ទៀត ។

លោក​អនុសេនីយ៍ឯក អ៊ុ​ក ពៅ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ តុលា ២០១៥ លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​ទៅ​ចាប់​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ឈ្មោះ ខេន សេត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​១​កញ្ចប់​តូច ។ លោក​បញ្ជាក់​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន សមត្ថកិច្ច​បាន​ប្រើ​វិធាន​ញុះញង់​ទិញ​ថ្នាំ​ញៀន​១​កញ្ចប់​តម្លៃ​២០​ដុល្លារ ស្រប​ពេល​ដែល​ប្រគល់​ថ្នាំ​ញៀន​ឲ្យ​នៅ​ភូមិ​សំរោង ជនសង្ស័យ​នេះ​បានរ​ត់ទៅ​ពួក​ក្នុង​ឡ​ចំហុយ​សន្លឹក​ថ្នាំជក់ ខណៈ​បានឃើញ​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់ ។ ពេល​នេះ​សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​ចាប់​បាន និង​នាំ​ទៅ​ឆែកឆេរ​ផ្ទះ​ទៀត តែ​មិន​បានឃើញ​ថ្នាំ​ញៀន​ទេ សង្ស័យ​ជន​នេះ​បាន​លាក់​ទុក​នៅ​កន្លែង​ណាមួយ ព្រោះ​ក្រុម​ជួញ​ដូរ​គ្រឿងញៀន​មាន​ល្បិច​ច្រើន​ណាស់ តែ​សមត្ថកិច្ច​នៅ​តែ​ចាប់​បាន ៕