ផ្ទុះ​រឿងអាស្រូវ​នគរបាល​ចរាចរណ៍​ស្រុក​កំពង់​ត្រាច កូនចៅ​ចោទ​អធិការរង​ថា​ស៊ីដាច់​លុយ​ឧបត្ថម្ភ

ខេត្តកំពត ៖ រឿង​អា​ស្រូវ​​ថ្មី​មួយ​​បាន​ផ្ទុះ​ឡើង​ គឺមន្ត្រី​នគរបាល​ចរាចរណ៍​ស្រុកកំពង់​ត្រាច​ជា​ច្រើន​នាក់​បាន​ដាក់​ពាក្យ​ប្តឹង​លោក​អធិការ​រង​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍ទៅ​ស្នងការ​នគរបាល​ខេត្ត ​ប៉ុន្តែ​មិន​ទាន់​បាន​ដោះស្រាយ​គ្នា​នៅឡើយ​ទេ ។

លោក​អនុសេនីយ៍ឯក ទុំ ទិ​ត ប្រធាន​ផ្នែក​នគរបាល​សណ្តាប់ធ្នាប់ បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក សេង រតនា អធិការរង​ទទួល​ផ្នែក​ចរាចរណ៍ មានរឿង​ជា​ច្រើន​ត្រូវ​និយាយ ដូច​ជា​កឹ​ប​កេង​លុយ​ខាង​ខេត្ត​ឧបត្ថម្ភ​មួយ​ថ្ងៃ​១៥០០​រៀល និង​ក្រសួងមហាផ្ទៃ​ឧបត្ថម្ភ​១៥០០​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ឱ្យ​នគរបាល​ឈរជើង​តាម​ដងផ្លូវ ត្រូវ​បាន​លោក សេង រតនា ទៅ​បើកប្រាក់​ម្តង​ៗ​ស៊ីដាច់​រហូត សូ​ម្បី​តែ​ប្រាក់​៥០% ពិន័យ​បាន​ក៏​ស៊ីដាច់​ដែរ និង​វត្ថុ​តាង​មាន​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ហើយ​អត់​ម្ចាស់​ក៏​លក់​ចាយ​តែ​ម្នាក់ឯង​ដែរ ។

លោក ឡាយ សុវណ្ណ មន្ត្រី​នគរបាល​ចរាចរណ៍ បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក សេង រតនា អធិការរង ត្រូវ​បាន​មន្ត្រី​នគរបាល​ចរាចរណ៍​ជា​ច្រើន​នាក់​ប្តឹង​ទៅ​ស្នងការ​ខេត្ត ដោយសារ​តែ​លុយ​បាន​មក​ពី​ការ​ដោះស្រាយ​រឿង​ផ្សេង​ៗ​ស៊ីដាច់​ពី​កូនចៅ និង​យក​ម៉ូតូ​២​គ្រឿង​អត់​ម្ចាស់​យក​ទៅ​លក់​មិន​បាន​ប្រាប់​កូនចៅ​ទៀត ។ លោក​និយាយ​ទៀត​ថា លោក សេង រតនា ប្រើស​ម្តី​ជាមួយ​កូនចៅ​មិន​សមរម្យ ព្រមទាំង​ជេរ​ប្រមាថ​ដល់​កូនចៅ​ទៀត​ផង ។ លោក ឡាយ សុវណ្ណ បញ្ជាក់​បន្ថែម​ថា ពាក្យបណ្តឹង​ត្រូវ​បាន​ដាក់​ទៅ​កាន់​ស្នងការ​ខេត្ត​កាលពី​ពេល​ថ្មី​ៗ​នេះ ប៉ុន្តែ​អាច​ដាក់​​ចូល​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទៀត​នៅ​ពេល​ខាង​មុខ ។

លោក គង់ រី​ទ្ធ មន្ត្រី​នគរបាល​ចរាចរណ៍ បាន​និយាយ​ថា លោក​ សេង រតនា ជា​អធិការរង បាន​យក​អំណាច​ផ្ទាល់ខ្លួន​យក​មក​ធ្វើការ​ជាមួយ​មន្ត្រី​នគរបាល ដូច្នេះ​មេមាន​ច​រិ​ត​បែប​នេះ​ត្រូវ​តែ​តវ៉ា មិន​អាច​អង្គុយ​ចាំ​ជូត​ទឹកភ្នែក​បាន​ឡើយ ។ លោក​និយាយ​ថា អធិការរង​មក​កាន់​ផ្នែក​ចរាចរណ៍​នេះ​ជិត​១០​នាក់​ហើយ គេ​រួមទុក្ខ​រួមសុខ​ជាមួយ​កូនចៅ ដោយឡែក​លោក សេង រតនា វិញ គ្រាន់តែ​មក​កាន់​សណ្តាប់ធ្នាប់​ភ្លាម​ទាស់​ទែង​​មិន​ឈប់ និង​ស៊ីដាច់​កូនចៅទៀត​ ។

លោក សេង រតនា អធិការរង ដែល​រង​ការ​ចោទប្រកាន់​ពី​ក្រុម​កូនចៅ បាន​ប្រាប់​«​កោះសន្តិភាព​»​ឲ្យ​ដឹង​ដែរ​ថា ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ​ទាំងនោះ​ពិតជា​មិន​បាន​ប្រាប់​កូនចៅ​មែន ព្រោះ​គាត់​យក​ប្រាក់​នោះ​មក​ទិញ​សម្ភារៈ​ផ្សេង​ៗ ដាក់​ទ្វារ បង្អួច បន្ទប់ធ្វើការ ហើយ​ពួក​គេ​ប៉ុន្មាន​នាក់​នោះ ផឹកស៊ី​ស្រវឹង មាន​សភាពការណ៍​មិន​ដែល​ចេះ​លើក​ទូរស័ព្ទ​នោះ​ទេ ។ លោក​អធិការរង​ដែល​ទទួល​ការ​ចោទប្រកាន់​ខាង​លើ​និយាយ​ទៀត​ថា ពេល​គ្រោះថ្នាក់​ចរាចរណ៍​ម្តង​ៗ ពួក​គេ​មិន​ដែល​បាន​រាយការណ៍​មក​ឱ្យ​គាត់​ទេ ក្នុង​នាម​គាត់​ជា​មេ ។ លោក​បានដឹង​ពី​គម្រោង​កូនចៅ​ប្តឹង​គាត់​ដែរ ប៉ុន្តែ​ខាង​ខេត្ត​មិន​ទាន់​ហៅ​ទៅ​សួរនាំ​ទេ ព្រោះ​ការ​ចំណាយ​សុទ្ធតែ​មាន​ឯកសារ ។ លោក សេង រតនា អធិការរង​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា ការ​ប្តឹង​របស់​កូនចៅ​ខ្ញុំ​សុទ្ធតែ​មាន​អ្នក​នៅ​ពីក្រោយ​ជំរុញ​ឱ្យ​ប្តឹង ។

គេ​បាន​សម្គាល់​ឃើញ​ថា នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​នីមួយ​ៗ​សុទ្ធតែ​មាន​ជម្លោះផ្ទៃក្នុង ដូច​ជា​ស្រុក​កំពង់ត្រាច និង​ស្រុក​បន្ទាយមាស ហើយ​មាន​ខ្លះ​ប្ដឹងផ្តល់​គ្នា​រហូត​ជាប់គុក​ទៀត​ផង ៕