រំលោភ​សម្លាប់​កូន​ថៅកែ​នៅ​​ស្រុក​​ថៃ រត់​មក​ជាប់អន្ទាក់​សមត្ថកិច្ច​ស្រុក​ខ្មែ

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ដែល​ជា​កម្មករ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ តុលា ២០១៥ នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល បន្ទាប់​ពី​អាជ្ញាធរ​ថៃ​ចេញ​ដីកា​ស្នើ​សុំ​កិច្ចសហការ​ពី​អាជ្ញាធរ​ខ្មែរ​ឲ្យ​ជួយ​តាម​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ស​ប្ដា​ហ៍​មុន រួច​រត់គេច​ខ្លួន​មក​ស្រុក​កំណើត​នៅ​ប្រទេស​ខ្មែរ​វិញ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បាន​មាន​ឲ្យ​ដឹង​ថា លោកស្នងការ​នគរបាល​ខេត្ត និង​លោក​ព្រះរាជអាជ្ញា បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​កម្មករ​ខ្មែរ​ម្នាក់​នេះ​បន្ទាប់​ពី​មាន​ដីកា​ស្នើ​សុំ​សហការ​ពី​ភាគី​ប្រទេស​ថៃ​ថា ជនសង្ស័យ​រូប​​នេះ​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ប្រទេស​ថៃ ។

លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ឈ្មោះ រិ​ត សា​រ័​ត្ន អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ត្រូវ​សមត្ថកិច្ច​ថៃ​ចោទប្រកាន់​ថា បាន​ចាប់​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ រុក គុណ​អៃរ៉ា​ដា អាយុ​២៥​ឆ្នាំ រំលោភ​សេពសន្ថវៈ រួច​សម្លាប់​កាលពី​រសៀល​ថ្ងៃ​ទី​២១ តុលា ២០១៥ នៅ​ក្រុង​បាងកក ប្រទេស​ថៃ ហើយ​បាន​រត់​មក​ស្រុក​ខ្មែរ​វិញ​ក្រោយ​កើតហេតុ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព