អាជ្ញាធរ​ខេត្ត​បាត់ដំបង​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ស្ទឹង​សង្កែ​រយៈពេល​២​ថ្ងៃ

អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​ក្នុង​ដង​ស្ទឹង​សង្កែ នៅ​មុខ​ផ្សារ​ណាត់ ក្រុង​បាត់ដំបង រយៈពេល ២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៦-២៧ តុលា។ មន្ត្រី​សាលា​ខេត្ត​បាត់ដំបង បញ្ជាក់​ថា កម្មវិធី​នេះ​មាន​ទូក​ង​ចូលរួម​ប្រកួត​ចំនួន ២៤​គ្រឿង ហើយ​ទូក​ង​ណា​ដែល​ទទួល​​បាន​ជ័យលាភី នឹង​បញ្ជូន​ទៅ​ប្រកួត​ប្រជែង​នៅ​រាជធានី​ភ្នំពេញ​បន្ត​ទៀត។

«សំឡេង​ប្រគំ​ភ្លេង​អុំ​ទូក»

នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នេះ នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ ជាពិសេស​ផ្លូវ​លេខ​១ ជាប់​ដង​ស្ទឹង​ត្រើយ​ខាង​លិច​ក្នុង​ក្រុង​បាត់ដំបង ចាប់​តាំង​ពី​គល់​ស្ពាន​ថ្ម​ចាស់ រហូត​ដល់​សួន​នាគ​ក្បែរ​សាលា​ខេត្ត ដែល​មាន​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ មាន​ការ​ដាក់​តាំង​ពិព័រណ៍​ទំនិញ​តាម​ដង​ផ្លូវ​ហូរហែ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ រហូត​មក។

ដោយឡែក​នៅ​ថ្ងៃ​ទី​២៥ តុលា ដែល​ជា​ថ្ងៃ​គណៈកម្មការ​រៀបចំ​បុណ្យ​អុំ​ទូក​ខេត្ត​បាត់ដំបង បើក​ឲ្យ​មាន​ការ​ប្រណាំង​ទូក​សាកល្បង ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​ជុំវិញ​ខេត្ត​បាត់ដំបង និង​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត នាំ​គ្នា​ទស្សនា​ការ​ប្រណាំង​ទូក​យ៉ាង​សប្បាយ​រីករាយ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទស្សនា​បុណ្យ​អុំ​ទូក ខេត្ត​បាត់ដំបង ថ្លែង​ខណៈ​អង្គុយ​ទស្សនា​ការ​ហ្វឹក​សម​ប្រណាំង​ទូក​សាកល្បង​នៅ​មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ថា ពួក​គាត់​មាន​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចូលរួម​ទស្សនា​ការ​ប្រណាំង​ទូក​នេះ ពីព្រោះ​ពួក​គាត់​យល់​ឃើញ​ថា ការ​ប្រណាំង​ទូក គឺ​ជា​បុណ្យ​ប្រពៃណី​របស់​ជាតិ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ដែល​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​រស់នៅ​ខេត្ត​បាត់ដំបង តែង​នាំ​គ្នា​ប្រារព្ធ​ឡើង​នៅ​តាម​ដង​ស្ទឹង​សង្កែ ដើម្បី​អបអរ​សាទរ​នៅ​ពេល​បុណ្យ​ចេញ​ព្រះ​វស្សា​ស្ទើរ​រៀង​រាល់​ឆ្នាំ៖ «»។

រីឯ​ក្រុម​អ្នក​លក់​មួក​មក​ពី​ខេត្ត​កណ្ដាល អង្គុយ​ក្រោម​ដើម​គគីរ​ក្បែរ​មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ថ្លែង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ពួក​គាត់​នាំ​គ្នា​ផ្សង​ព្រេង​តាំង​ពី​ខេត្ត​កណ្ដាល មក​លក់​មួក​ស្លឹក​ត្នោត និង​ផ្លិត​នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ខេត្ត​បាត់ដំបង នេះ។ ពួក​គាត់​ថ្លែង​ដោយ​សម្ដី​មួយៗ​ថា មូលហេតុ​ដែល​នាំ​គ្នា​មក​រក​ស៊ី​ក្នុង​ពិធី​ប្រណាំង​ទូក​នេះ ដោយ​យល់​ឃើញ​ថា ការ​ប្រណាំង​ធ្វើ​ឡើង​នៅ​ពេល​រសៀល ដែល​មាន​កម្ដៅ​ថ្ងៃ​ខ្លាំង ហើយ​ម្យ៉ាង​មាន​អ្នក​ទស្សនា​ច្រើន ទើប​សម្រេច​ចិត្ត​នាំ​គ្នា​ធ្វើ​ដំណើរ​ជាង ២០០​គីឡូម៉ែត្រ ដើម្បី​ប្រកប​របរ​នេះ៖ «»។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សាលា​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក លោក ហុង ឆេត មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​២៥ គឺ​ជា​ថ្ងៃ​ប្រណាំង​ទូក​សាកល្បង ដើម្បី​ឲ្យ​កីឡាករ​កីឡាការិនី​មាន​ឱកាស​ហ្វឹកហាត់​ត្រៀម​ខ្លួន​ប្រណាំង​ប្រកួត​ប្រជែង​ដណ្ដើម​ជ័យលាភី ដែល​ចាប់​ពី​ពេល​រសៀល​ម៉ោង ១​កន្លះ​នៅ​ថ្ងៃ​ទី​២៦ និង​ទី​២៧ តុលា។ លោក​បញ្ជាក់​ថា ទូក​ង​ដែល​បាន​ដាក់​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​មាន​ចំនួន ២៤​ទូក ក្នុង​នោះ​ទូក​អុំ​នារី​ចំនួន ៤​គ្រឿង និង​មាន​ចំណុះ ៨​នាក់​ចំនួន ៤​គ្រឿង ចំណុះ ២២​នាក់​ចំនួន ១១​ទូក។ ក្រៅ​ពី​នោះ គឺ​ទូក​អុំ​ដែល​មាន​ចំណុះ​ចាប់​ពី ២៣​នាក់​ឡើង​ទៅ៖ «»។

នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នេះ នៅ​ពេល​រាត្រី​មាន​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ចំនួន ៣​កន្លែង​រៀង​រាល់​រាត្រី គឺ​ចាប់​ពី​ថ្ងៃ​ទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៧ តុលា។ គណៈកម្មការ​រៀបចំ​បុណ្យ​អុំ​ទូក ខេត្ត​បាត់ដំបង នឹង​ជ្រើស​រើស​យក​ទូក​ចំនួន​២ ដើម្បី​យក​ទៅ​ប្រកួត​ប្រជែង​នៅ​ភ្នំពេញ​នៅ​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។