ភ្នំពេញ​ក្រោន លត់​ Cam-Tiger ៤-១​ ខណៈ ​បឹងកេតអង្គរ​ ចាញ់ ​ណាហ្គា​​វើល ​៣-១​


ភ្នំពេញ​ក្រោន លត់​ Cam-Tiger ៤-១​ ខណៈ ​បឹងកេតអង្គរ​ ចាញ់ ​ណាហ្គា​​វើល ​៣-១​

វគ្គ​ខ្វែង​ជើង​ទី​មួយ​នៃ​លីក​បាល់ទាត់​កម្ពុជា​មិត្ត​ហ្វូន​ខេមបូឌាន​លីក​ ក្រុម​កំពូល​តារាង​បឹងកេត​អង្គរ​ត្រូវ​បាន​ក្រុម​ណាហ្គាវើល​យក​ឈ្នះ​ដោយ​លទ្ធផល​៣-១​នៅ​ស្តាត​ចាស់​ ខណៈ​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម​ Cambodian Tiger ដោយ​លទ្ធផល​ ៤-១។

 

ភ្នំពេញ​ក្រោន លត់​ Cam-Tiger ៤-១​ ខណៈ ​បឹងកេតអង្គរ​ ចាញ់ ​ណាហ្គា​​វើល ​៣-១​

ការ​ប្រកួត​រវាង​បឹងកេត​អង្គរ (ស) និង​ណាហ្គាវើល (ស្វាយ)

 

ការ​ប្រកួត​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ បឹងកេត​អង្គរ​មាន​ទម្រង់​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ទាំង​តំបន់​​ប្រយុទ្ធ​ និង​ការពារ​ដែល​ធ្វើ​ឲ្យ​ណាហ្គាវើល​បាន​ទម្លាយ​សំណាញ់​ទី​៣​គ្រាប់​នៅ​តង់​ទី១។ ៣​គ្រាប់​របស់​ណាហ្គាវើល​ធ្វើ​បាន​សម្រេច​ដោយ Berry នាទី​ទី​១៣ ប្រាក់ ចាន់រតនា រក​បាន​នៅ​នាទី​ទី​៣៦ និង ឃឹម បូរី រក​បាន​នៅ​នាទី​ទី៤១។ ចប់​តង់​ទី​១ ណាហ្គាវើល នាំ​មុខ​៣-០។

 

នៅ​តង់​ទី​ពីរ​ទម្រង់​លេង​របស់​បឹងកេត​អង្គរ​បាន​ប្រសើរ​ឡើង​វិញ​ និង​ព្យាយាម​សម្រុក​យ៉ាង​ខ្លាំង​រហូត​អាច​ទម្លាយ​សំណាញ់​ទី​របស់​ណាហ្គា​បាន​១​គ្រាប់​​វិញ​នៅ​នាទី​ទី៥១​ដោយ​ ខ្សែ​ប្រយុទ្ធ Omogba ​ខណៈ​ណាហ្គា​មិន​អាច​ស្វែង​គ្រាប់​បាល់​បន្ថែម​ទេ។ ចប់​ការ​ប្រកួត​ណាហ្គាវើល​ឈ្នះ​បឹងកេត​អង្គរ​ ៣-១​សម្រាប់​ជើង​ទី​មួយ​នៅ​ក្រៅ​ដី។

 

ចំណែក​គូ​ទី​ពីរ​ ភ្នំពេញ​ក្រោន​អាច​ស្វែង​រក​ជ័យជម្នះ​លើ​ Cambodian Tiger ដោយ​លទ្ធផល​៤-១​​​។ នៅ​តង់​ទី​មួយ​ ភ្នំពេញ​ក្រោន​​ទទួល​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ក្រុម​ភ្ញៀវ ប៉ុន្តែ​នៅ​​តែ​អាច​​​ទម្លាយ​សំណាញ់​ទី​របស់ Cambodian Tiger បាន​១​គ្រាប់​កីឡាករ​វ័យ​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ អ៊ិន សុដាវិត នៅ​នាទី​ទី​៣៤ ​ដើម្បី​បញ្ចប់​តង់​ទី​មួយ​នាំ​មុខ​១-០។

 

នៅ​តង់​ទី​ពីរ​ Cambodian Tiger បាន​តាម​ស្មើ​១-១ បន្ទាប់​ពី​កីឡាករ​ Privat បាន​ទម្លាយ​សំណាញ់​ទី​របស់​ភ្នំពេញ​ក្រោន​នៅ​ដើម​តង់​ទី​១។ យ៉ាង​ណា​ភាព​សប្បាយ​រីក​រាយ​ដែល​តាម​ស្មើ​របស់​ Cambodian Tiger នេះ​ត្រូវ​បាន​រសាត់​បាត់​ទៅ​វិញ បន្ទាប់​ពី​ភ្នំពេញ​ក្រោន​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ។ សម្រាប់​បាល់​ពិន័យ​នេះ​ ធារី ចន្ថាប៊ីន​បាន​ទម្លាយ​សំណាញ់​ទី​របស់​Cambodian Tiger បាន​សម្រេច​នៅ​នាទី​ទី៥៣។ បន្ទាប់​មក ភ្នំពេញ​​ក្រោន​បាន​រក​គ្រាប់​បាល់​២​គ្រាប់​បន្ថែម​ទៀត​ដោយ​ Obadin នៅ​នាទី​ទី៨៥ និង​​ វ៉ា ហ្វីនទីន​ នៅ​នាទី​​៩០+៥។ ចប់​ការ​ប្រកួត ភ្នំពេញ​ក្រោន ឈ្នះ Cambodian Tiger ៤-១ ក្នុង​​​ផ្ទះ​របស់​ខ្លួន៕

 

ភ្នំពេញ​ក្រោន លត់​ Cam-Tiger ៤-១​ ខណៈ ​បឹងកេតអង្គរ​ ចាញ់ ​ណាហ្គា​​វើល ​៣-១​

ការ​ប្រកួត​រវាង​បឹងកេត​អង្គរ (ស) និង​ណាហ្គាវើល (ស្វាយ)

 

អត្ថបទ៖ ជាន ចាន់រ៉ា​