ផ្ទះ​បណ្តែត​ទឹក​មួយចំនួន នៅ​ផ្សារ​ក្រោម មិនទាន់​ចាកចេញ​ទៅកាន់​កន្លែង​ថ្មី​ ​ខណៈពេល​អ្នកចេញ​ទៅហើយ រិះគន់​អាជ្ញាធរ​

ខេត្តកំពង់ឆ្នាំង: ផ្ទះ​បណ្តែត​ទឹក​នៅ​ផ្សារ​ក្រោម ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​អាជ្ញាធរ​តម្រូវអោយ​ចាកចេញ​ទៅ​នៅ​កន្លែង​ផ្សេង​នោះ គិត​មកដល់នឹង​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥​នេះ ដែលជា​ថ្ងៃ​ចុងក្រោយ គេ​សង្កេតឃើញ​ផ្ទះមួយ​ចំនួន នៅ​មិនទាន់​ចាក​ចេញពី​កន្លែងចាស់​នៅឡើយ​ទេ ខណៈពេល​អ្នក​ដែល​ចេញ​ទៅហើយនោះ កំពុង​រិះគន់​អាជ្ញាធរ​។​

​មជ្ឈដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង កំពុង​រង់ចាំ​មើល​ចំណាត់​ការបន្ត​របស់​អា​ជ្ញា​ធរ តើ​នឹងមាន​វិធានការ​បែបណា ចំពោះ​អ្នក​ដែល​រឹង​រុះ​មិន​ព្រម​ចាកចេញ​នោះ​។​
​        
​សូមបញ្ជាក់ថា ផ្ទះ​បណ្តែត​រាប់ពាន់​ខ្នង​របស់​ជនជាតិ​វៀតណាម ខ្មែរ​អ៊ិ​ស្លាម និង​ខ្មែរ​មួយចំនួន​ផង​នោះ ត្រូវបាន​អាជ្ញាធរ​នៃ​ខេត្តកំពង់ឆ្នាំង សម្រេច​ឱ្យ​ចាក​ចេញទៅ​តាំងនៅ កន្លែង​ផ្សេង ស្ថិត​ខាងជើង​កន្លែងចាស់ ប្រហែល ២​គីឡូម៉ែត្រ ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ការសម្រេច​នេះ ត្រូវបាន​មន្ត្រី​អាជ្ញាធរ​អះអាងថា ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ច្រាំង ទន្លេ​ផ្សារ​ក្រោម និង​រៀបចំផ្ទះ​បណ្តែត​ទឹក​ទាំងនោះ ឱ្យមាន​របៀបរៀបរយ​ល្អ​។​
     
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ទាំងអស់ សរុប​មាន​ចំនួន ៩៩៦ គ្រួ​ថ​សារ ស្មើនឹង ១.៤៨៦ ខ្នង​ផ្ទះ​។ តាម​ផែនការ​របស់​ខេត្ត និង​ក្រុង បាន​កំណត់ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ប្តូរ​ទីតាំង​ផ្ទះ​របស់ខ្លួន យ៉ាងយូរបំផុត ត្រឹម​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ដោយ​ស្ម័គ្រចិត្ត​។
​    ​
​ប្រជាពលរដ្ឋ ដែល​បានធ្វើ​បម្លាស់​ទី​ទៅ​នៅ​កន្លែង​ថ្មី បាន​រិះគន់​មន្ត្រី ដែល​ចុះទៅ​រៀបចំ​នោះ​ថា ការរៀបចំ​មិនមាន​ការចាប់​ឆ្នោត​យក​លេខ​រៀង​ឱ្យបាន​ត្រឹមត្រូវ និង​មាន​តម្លាភាព​ឡើយ គឺ​គេ​រៀប​ទៅតាម​ទឹក​លុយ និង​បក្ខពួកនិយម​។ ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម នៅ​ជួរ​ខាងមុខ គេ​ដាក់ រហូតដល់​ទៅ ៥ ជួរ ទាំងសងខាង​ទន្លេ ហើយ​ត្រូវ​បង់លុយ​ទៅឱ្យ​ខាង​ក្រុមចម្រុះ​ក្នុង​ផ្ទះមួយ ចំនួន ៣​លាន​រៀល ដែល​ក្នុង​មួយ​ជួរ មាន​ចំនួន ៥​ផ្ទះ​បណ្តែត​ទឹក​។ ចំណែក ជួរ​បន្តបន្ទាប់ នឹងត្រូវ​បង់លុយ​ទៅឱ្យ​ខាង​ក្រុមចម្រុះ​តាម​ទំហំ​ផ្ទះ ចាប់ពី ៥០ ម៉ឺន​រៀល ដល់ ២ លាន​រៀល​។​
    
​ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀតថា បើ​ចង់បាន​ទីតាំង​ផ្ទះ​នៅ​ជួរ​ខាងមុខ ត្រូវតែ​បង់លុយ បើ​មិន​ដូច្នេះ​ទេ ក្រុមចម្រុះ​ដឹកនាំ​ដោយ​លោក ស៊ុន សុវណ្ណារិទ្ធ ដែលជា​អភិបាលរង​ខេត្តកំពង់ឆ្នាំង នឹងត្រូវ​រុញឱ្យ​ទៅ​នៅ​ខាងក្រោយ​គេ​។ ផ្ទះ​ដែល​នៅ​ជួរ​ខាងមុខ​ទាំងសងខាង​ទន្លេ គេ​សង្កេតឃើញ​សុទ្ធតែជា​ផ្ទះ​របស់​ជនជាតិ​វៀតណាម​ទាំងអស់ ហើយ​ប្រសិន​ជាមាន​ជនជាតិខ្មែរ និង​ខ្មែរ​អ៊ិ​ស្លាម ចូលទៅ​ចត​ផ្ទះ​បណ្តែត​ទឹក​របស់ខ្លួន នៅ​ចំណុច​ខាងលើ ក៏​មិនអាច​ចត​បានដែរ ពីព្រោះ​មាន​ជនជាតិ​វៀតណាម ឈ្មោះ ង្វៀង យ៉ាង​កេ និង​ឈ្មោះ យ៉ាវ ជា​អ្នកកាង វាតទី​ទាំងអស់ ដោយ​មិនឱ្យ​ជនជាតិខ្មែរ និង​ខ្មែរ​អ៊ិ​ស្លាម ចូល​ចត​នៅ​ជួរមុខ ឬ​ជួរ​បន្ទាប់​បានឡើយ​។

​គេ​បានឱ្យដឹងថា បុរស​ជនជាតិ វៀតណាម​ទាំង ២​នាក់​នេះ ជា​អ្នក​រត់ការ ប្រមូល​លុយ​យកទៅឱ្យ​ក្រុមចម្រុះ ដែលមាន​ភារកិច្ច​រៀប​ចំ​ផ្ទះ​បណ្តែត​ទឹក​នេះ​។​

​ភាពមិនប្រក្រតី​នេះ សូម​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​ក្រសួងមហាផ្ទៃ មេត្តាជួយ​ពិនិត្យមើល​ផង កុំឱ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ និង​រិះគន់​តទៅទៀត​។​
    
​ពាក់ព័ន្ធ​ទៅនឹង​ព័ត៌មាន​ខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថា គណៈកម្មការ​ដែល​ដឹកនាំ​ដោយ​រូបលោក គឺ​មិនបាន​ប៉ះពាល់​លុយកាក់​របស់​ប្រជាពលរដ្ឋ សូម្បីតែ ១០០ លុយ​ខ្មែរ ក៏​មិនមាន​ផង ហើយ​គោលការណ៍​របស់​ខេត្ត ដែលមាន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អភិបាលខេត្ត បានដាក់​កំហិត​ដាច់ខាត មិនឱ្យ​មន្ត្រី​ណា​ម្នាក់ ដែល​ស្ថិតក្នុង​ក្រុមចម្រុះ​នេះ យកលុយ​ពី​ប្រជាពលរដ្ឋ​ឡើយ​៕

ផ្ទះ​បណ្តែត​ទឹក​មួយចំនួន នៅ​ផ្សារ​ក្រោម មិនទាន់​ចាកចេញ​ទៅកាន់​កន្លែង​ថ្មី​ ​ខណៈពេល​អ្នកចេញ​ទៅហើយ រិះគន់​អាជ្ញាធរ​

ផ្ទះ​បណ្តែត​ទឹក​មួយចំនួន នៅ​ផ្សារ​ក្រោម មិនទាន់​ចាកចេញ​ទៅកាន់​កន្លែង​ថ្មី​ ​ខណៈពេល​អ្នកចេញ​ទៅហើយ រិះគន់​អាជ្ញាធរ​

ផ្ទះ​បណ្តែត​ទឹក​មួយចំនួន នៅ​ផ្សារ​ក្រោម មិនទាន់​ចាកចេញ​ទៅកាន់​កន្លែង​ថ្មី​ ​ខណៈពេល​អ្នកចេញ​ទៅហើយ រិះគន់​អាជ្ញាធរ​