តារា​ជោគជ័យ​នឹង​មុខ​ជំនួញ​ក្រៅពី​អាជីព​សិល្បៈ​

Sanofi

​ទោះបី​ការងារ​សិល្បៈ​ជា​ការងារ​ងាយស្រួល​រក​ប្រាក់ចំណូល​សម្រាប់​តារា​មួយចំនួន​ក៏ពិតមែន ប៉ុន្តែ​នៅពេល​គេ​ស្រកស្រុត​ប្រជាប្រិយភាព និង ដល់ពេល​វ័យចាស់​លែង​សូវ​មាន​អ្នកគាំទ្រ ពួកគេ​តែង​គិតថា​មានតែ​មុខ​ជំនួញ​ក្រៅពី​អាជីព​សិល្បៈ​ទេ​ដែលជា​ទីពឹង​បង្អែក​ទៅ​ថ្ងៃ​អនាគត ។ ហេតុដូចនេះ​ទើប​តារា​មួយចំនួន​ដែល​កំពុងមាន​ហាងឆេង​បាន​សម្រុក​កើប​ប្រាក់​ពី​វិស័យនេះ​ទៅ​បង្កើត​មុខ​ជំនួញ​ផ្សេងៗ ។​

​ ​​តើ​មកដល់ពេលនេះ​មាន​តារា​ណាខ្លះ​ដែល​បាន​បង្កើត​មុខ​ជំនួញ​ហើយ​ទទួលបាន​ផ្លែផ្កា​ជាទី​គាប់ចិត្ត​នោះ​?
​ ​
​ខាងក្រោម​នេះ​ជាតា​រា ៦ ដួង ដែល​យើង​បាន​លើក​យកមក​និយាយ ៖

១-​គង់ ច័ន្ទ​ស្រីមុំ​



​ជា​តារា​សម្តែង​ស្រី​ម្នាក់​មានកេរ្តិ៍ឈ្មោះ​ល្បី មាន​សម្រស់​ស្រស់ស្អាត និង ជា​សង្សារ​សំណព្វ​របស់​បុរស​សង្ហា ស៊ឹម សីហា នោះ ថ្មីៗ​នេះ​នាង​ទើបតែ​បើក​ដំណើរការ​ជំនួញ​រកស៊ី​មួយ​ដោយ​នាំចូល​ទឹកអប់​ម៉ាក​ផ្ទាល់ខ្លួន​ឈ្មោះថា SECRET BY SREYMOM ។ ទោះបីជា​ជំហាន​ដំបូង ប៉ុន្តែ​ទឹកអប់​ម៉ាក SECRET BY SREYMOM របស់​នាង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​មហាជន ជាពិសេស​យុវវ័យ ព្រោះ​ត្រឹម​មួយខែ​ដំបូង​ក្រោយ​នាង​សម្ពោធ​ដាក់លក់ នាង​លក់ដាច់​អស់​ប្រមាណ​ជាង ១ ម៉ឺន​ដប ហើយ​ជា​បន្តបន្ទាប់​នាង​ក៏មាន​គម្រោង​ផលិត​បន្ថែមទៀត​ដើម្បី​តម្រូវការ​អតិថិជន​ផងដែរ ។​
​ ​
២-​សារាយ ស​ក្ខ​ណា​



​ទោះបីជា​នាង​រៀបការ​ប្តី​ហោះ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​យ៉ាងណាក្តី ប៉ុន្តែ​ជំនួញ​ហាង​ស៊ុប និង គ្រឿងក្លែម​គ្រប់មុខ​រប​ស់​នាង​ដែល​បើក​ដំណើរការ​តាំងពី​ឆ្នាំ ២០១៤ មក​នោះ​ក៏​កំពុងដំណើរការ​យ៉ាងរ​លូន​ផងដែរ ដោយ​អ្នកស្រី សម្ផស្ស ម្តាយ​របស់ ស​ក្ខ​ណា ជា​អ្នកគ្រប់គ្រង​ហាង​ផ្ទាល់​បាន​និយាយថា ហាង​ស៊ុប​របស់ ស​ក្ខ​ណា ពេលនេះ​កំពុង​ទទួលជោគជ័យ និង មាន​ភ្ញៀវ​ចូល​ញ៉ាំ​ហូរហែ​មិនដែល​ស្ងាត់​ឡើយ ។​
​ ​
៣-​យុគ ចិន្តា​



​ពិធី​ការិនី​ដែល​ធ្លាប់​គ្រង​ពានរង្វាន់​អាណាចក្រ​តារា​ផ្នែក​ពិធី​ការិនី​លេចធ្លោ​ពីរ​ឆ្នាំ​ផ្ទួនគ្នា​នេះ​ក៏​ជា​ថៅកែ​ម្នាក់​ដែល​កំពុង​ទទួលជោគជ័យ​ក្នុង​មុខ​ជំនួញ​ហាង​កាត់ដេរ​សម្លៀកបំពាក់​« អម​» ផងដែរ ដោយ​ក្នុង​មួយខែៗ​អ្នកនាង​ទទួលបាន​ប្រាក់ចំណូល រាប់ម៉ឺន​ដុល្លារ​ពី​អាជីព​នេះ ។ មិន​ត្រឹមតែ​ហាង​កាត់ដេរ​ទេ អ្នកនាង​នៅមាន​ជំនួញ​រកស៊ី​ផ្សេងទៀត​ក៏​កំពុង​កាក់កប​ផងដែរ ។​

៤-​គង់ សុជាតិ​



​ពិធី​ការិនី​ដែលមាន​ស្វាមី​វ័យក្មេង​រូបនេះ​ក៏​មិន​អន់​ដែរ ទាំង​អាជីព​សិល្បៈ និង របរ​រកស៊ី​ឃើញថា​មមាញឹក​ខ្លាំងណាស់ ។ របរ​រកស៊ី​បើក ហាង សុជាតិ អ៊ុតសក់​របស់​អ្នកនាង​ឃើញថា​ជោគជ័យ​ណាស់ ព្រោះ​ហាង​ដ៏​ល្បីល្បាញ​មួយ​នេះ​បានទទួល​ការពេញនិយម​ខ្លាំង​ពី​អតិថិជន ទាំង​ភ្ញៀវ និង កូនសិស្ស​ដែល​ទៅ​រៀន​នៅ​ទីនោះ ហើយ​សម្រាប់​ប្រាក់ចំណូល​ក្នុង​មួយខែៗ​វិញ​គឺថា​អស់ទាស់​ហ្មង ។​
​ ​
៥-​ករុណា ពេជ្រ​



​តារាចម្រៀង​ប្រចាំ​ផលិតកម្ម Town ដែល​កន្លងមក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គ្រាប់ពេជ្រ​ម្នាក់​ដែរនោះ ក៏មាន​ជំនួញ​ក្រៅ​សិល្បៈ​ផ្ទាល់ខ្លួន​ផងដែរ ។ ទោះបីជា​គម្រោង​បើក​ក្រុមហ៊ុន​មិនទាន់​លេចចេញ​ជា​រូបរាង​ក្តី ប៉ុន្តែ​សេវា​រកស៊ី​ខាង​រៀបចំ ដេ​គ័​រ កុម្ម៉ង់​ផ្កា​ស្រស់ និង នាំចូល​សម្ភា​ផ្សេងៗ​ពី​បរទេស​របស់លោក​ដូចជា​កាក់កប និង ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​ខ្លាំងណាស់ មិន​ថា​កម្មវិធី​តូច ឬ ធំ ករុណា ពេជ្រ ហាក់​ត្រូវប៉ាន់​តែម្តង ។ អាច​និយាយបានថា ករុណា ពេជ្រ គឺជា​ថៅកែ​ម្នាក់​ដែល​កំពុង​ជោគជ័យ​លើ​មុខ​ជំនួញ​ដេ​គ័​រ និង នាំចូល​នេះ ។​

៦-​នី មុន្នីនាថ​



​តារា​សម្តែង​ទឹកភ្នែក នី មុន្នីនាថ ឥឡូវ​ក៏​ក្លាយជា​ថៅកែ​ស្រី​ម្នាក់​ដែរ ដោយ​ថ្មីៗ​នេះ​នាង​ទើបតែ​បើកសម្ពោធ​ហាង​វិទ្យាល័យ​ប៊ុ​ក​ល្ហុង​មួយ​នៅ​ខាងក្រោយ​រោងភាពយន្ត​លិ​ច្ស ។ ហាង​វិទ្យាល័យ​ប៊ុ​ក​ល្ហុង​នេះ ស្រី​ស្អាត នី មុន្នីនាថ បាន​ចំណាយ​ដើមទុន​ច្រើន​គួរសម​ទៅលើ​ការតុបតែង និង ទីតាំង ហើយ​មកដល់ពេលនេះ ហាង​របស់​នាង​ក៏​កំពុង​ទទួល​ការពេញនិយម​ខ្លាំង និង មាន​ភ្ញៀ​ង​ទាំងចាស់ទាំងក្មេង​ចូល​ញ៉ាំ​ឥត​ដាច់​ផងដែរ ៕ អា​ទីល​

Related