ឈ្មួញ​កំពុង​ប្រមូល​ទិញ​ផ្កាអ័រគីដេ​ព្រៃ​នាំ​ចេញ​ទៅ​លក់​នៅ​វៀតណាម​និង​ថៃ

ខេត្តសៀមរាប ៖ ក្រុម​អ្នក​តាមដាន​ការ​អភិរក្ស​ធនធានធម្មជាតិ បាន​អះអាង​ថា «​ផ្កាអ័រគីដេ​ព្រៃ​» អាច​នឹង​ដាច់​ពូជ​ពី​ក្នុង​ព្រៃ​ធម្មជាតិ​របស់​ខ្មែរ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ បើសិនជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​បរិស្ថាន នៅ​តែ​បន្ត​ឱបដៃ​មើល​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ផ្កា​ប្រភេទ​នេះ នាំ​ចេញ​ទៅ​ក្រៅប្រទេស​ជា​បន្ត​ទៀត ។

ការ​លើក​ទ្បើ​ង​យ៉ាង​ដូច្នេះ ធ្វើ​ទ្បើ​ង​ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ថា ក្រុម​ឈ្មួញ​មួយ​ចំនួន​កំពុង​ប្រជែង​គ្នា​ប្រមូល​ទិញ​ផ្កា​ប្រភេទ​នេះ ពី​តំបន់​ព្រៃ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​របស់​ខេត្តសៀមរាប ដូច​ជា​ស្រុក​ស្វាយ​លើ ស្រុក​ជីក្រែង និង​ស្រុក​វ៉ា​រិ​ន​ជាដើម ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ឯ​ប្រទេស​ថៃ និង​វៀតណាម ដែល​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បង្ខំចិត្ត​នាំ​គ្នា​យ៉ាង​ពពាក់ពពូន​ចូល​ព្រៃ​បេះ​ផ្កាអ័រគីដេ​យក​ទៅ​លក់ ។

ស្ត្រី​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​ព្រៃ​ល្ងៀង ដែល​ជា​ភូមិ​មួយ​ទើប​មានការ​ប្រមូលផ្តុំ​មិន​ស្របច្បាប់​នៅ​កណ្តាល​ព្រៃ​ជ្រៅ ក្នុងភូមិ​សាស្ត្រ​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ជា​អ្នក​ប្រមូល​ទិញ​ផ្កាអ័រគីដេ ពី​អ្នក​ភូមិ​សម្រាប់​លក់​បន្ត​ទៅ​ឱ្យ​ឈ្មួញ​ធំ ។ ស្ត្រី​រូប​នេះ​រៀបរាប់​ថា ផ្កា​ប្រភេទ​ហ្នឹង​ចាប់ផ្តើម​មាន​ហាងឆេង​ជិត​មួយ​ឆ្នាំ​មក​ហើយ គឺ​ពី​មុន​ឈ្មួញ​កុម្ម​ង់​នាំ​ចេញ​ទៅ​ប្រទេស​ថៃ តែ​ឥ​ទ្បូ​វ​ឈ្មួញ​គេ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ម្តង ។

ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​និយាយ​ទៀត​ថា ការ​ប្រមូល​ទិញ​ផ្កាអ័រគីដេ​នេះ គឺ​គាត់​ទិញ​គិត​ជា​គី​ទ្បូ​ក្រាម ដោយ​ក្នុង​១​គី​ទ្បូ​ក្រាម​គាត់​ទិញ​ពី​ប្រជា​សហគមន៍​តម្លៃ​៤​ពាន់​រៀល ហើយ​លក់​ចេញ​បាន​តម្លៃ​១​ម៉ឺន​១​ពាន់​រៀល ។ កាលពីមុន គាត់​ប្រមូល​ទិញ​ក្នុង​មួយ​ថ្ងៃ​ៗ​ចាប់ពី​២០​ទៅ​៣០​គី​ទ្បូ​ក្រាម តែ​សព្វថ្ងៃ​ផ្កា​ប្រភេទ​នេះ​ខ្សត់​ណាស់ ទិញ​បាន​មិន​ដល់​១០​គី​ទ្បូ​ក្រាម​ផង​ទេ ។

ស្ត្រី​រូប​នេះ​បន្ត​ទៀត​ថា ចាប់តាំងពី​ផ្កាអ័រគីដេ​មាន​ហាងឆេង​ខ្ពស់​មក អ្នក​ភូមិ​នេះ​ទាំង​ក្មេង​ទាំង​ចាស់ ថ្វីបើ​នៅ​កណ្តាល​ព្រៃ​តែ​មិន​ចេះ​ដាច់​ប្រាក់​ចាយ​ទេ ពោល​គឺ​គេ​នាំ​គ្នា​ចូល​ព្រៃ​រក​បេះ​ផ្កា​មក​លក់​យ៉ាង​ហោច​ណាស់​ក៏​បាន​កម្រៃ​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​៤​ម៉ឺន​រៀល និង​ខ្លះ​បាន​រហូត​១០​ម៉ឺន​រៀល​ក៏​មាន​ដែរ ៕

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព