ជាងភ្លើង​ម្នាក់​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លាប់ ខណៈ​កំពុង​ត​អំ​ពូ​ល​នៅ​ក្នុង​រោងចក្រ​ហ្វុ​ង​យាន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជាងភ្លើង​បាន​រង​គ្រោះ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ខណៈ​ពេល​ដែល​បុរស​នោះ​ត​អំ​ពូ​ល​ភ្លើង ហើយ​ភ្លាត់ស្នៀត​ក៏​ត្រូវ​បាន​បណ្ដាញ​អគ្គិសនី​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ប៉ុន្តែ​ខាង​រោងចក្រ​មិន​អស់ចិត្ត​បាន​ដឹក​ទៅ​កាន់​គ្លីនិក​ដើម្បី​សង្គ្រោះ​បន្ទាន់ តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា​ស្លាប់​ហើយ ទើប​ដឹក​សព​ទៅ​ដាក់​នៅ​វត្ត​ពោធិ៍​ចិន​តុង​វិញ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៤ តុលា ២០១៥ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​យីហោ ហ្វុ​ង​យាន ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ហួ​ន កឺ​យ ហៅ ហួ​ន សុ​វ​ណ្ណា អាយុ​២៤​ឆ្នាំ មុខរបរ​ជាងភ្លើង​ប្រចាំ​រោងចក្រ​នោះ និង​មានស្រុក​កំណើត​នៅ​ខេត្តសៀមរាប ។ សាកសព​ត្រូវ​បាន​គេ​បូជា​ទាំង​យប់​យ៉ាង​តក់ក្រហល​បំផុត ដែល​ប្រភព​ខ្លះ​បាន​និយាយ​ថា ក្រុម​គ្រួសារ​មក​មិន​ទាំង​ទាន់​ផង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជាងភ្លើង​ម្នាក់​នោះ​បាន​ត​ខ្សែភ្លើង​ដាក់​អំ​ពូ​ល​នៅ​ក្នុង​រោងចក្រ ខណៈនោះ​ស្រាប់តែ​ឆ្លង​ចរន្ត​​អគ្គិសនី​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ខណៈនោះ​ខាង​តំណាង​រោងចក្រ​សង្ស័យ​ថា​ជន​រថ​គ្រោះ​មិន​ទាន់​ស្លាប់ បាន​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ដោយ​មិន​បាន​រាយការណ៍​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​បានដឹង​ឡើយ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​ប្រាប់​ថា​ស្លាប់​ហើយ  ទើប​ដឹក​សព​ទៅ​ដាក់​នៅ​វត្ត​ពោធិ៍​ចិន​តុង ហើយ​បែកធ្លាយ​រឿង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​មើល បន្ទាប់​មក​បាន​បូជាសព​ជន​រង​គ្រោះ​ទាំង​យប់​តែ​ម្តង ៕