ប្រធានាធិបតី​ស៊ីរី៖ ការ​កំចាត់​ក្រុម​ភេរវជន​នឹង​នាំ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​ស៊ីរី

ប្រធានាធិបតី​ស៊ីរី៖ ការ​កំចាត់​ក្រុម​ភេរវជន​នឹង​នាំ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​ស៊ីរី

ប្រធានាធិបតី​ស៊ីរី​លោក Bashar Al-Assad (ខាងឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​ស៊ីរី​លោក Vladmir Putin ។

ប្រធានាធិបតី​លោក​បាសា ​អាល់អាសាដ (Bashar Al-Assad) ​នៃ​ប្រទេស​ស៊ីរី​បាន​និយាយ​ឡើង​វិញ​ពី​ការ​ផ្តោត​យក​ចិត្ត​ទុកដាក់​របស់​លោក ​ក្នុង​ការ​បំបាត់​ការ​គំរាម​កំហែង​របស់​ភេរវជន​នៅ​ក្នុង​ប្រទេស​របស់​លោក ​ដោយ​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា វិធានការ​នេះ ​នឹង​នាំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ខាង​នយោបាយ ដែលស៊ីរី​ស្វះស្វែង​រក​ដើម្បី​បំបាត់សង្គ្រាម ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​ ៦ខែ​មក​នេះ។​

លោក​ប្រធានា​ធិប​តី ​អាសាដ បាន​ជួប​ជាមួយ​ក្រុម​សមាជិក​សភា​រុស្ស៊ី និងមន្រ្តី​ផ្សេងៗ​ទៀតនៅ​ក្នុង​រដ្ឋ​ធានី​ដាម៉ាស ​ហើយ​ទី​ភ្នាក់​ងារ​ព័ត៌មាន SANA ​ដែល​រៀប​ចំ​ចាត់​ចែង​ដោយ​រដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ប្រធានា​ធិបតី​អាសាដ​បាន​បញ្ជាក់​ថា ​ការ​កំចាត់​ពួក​ភេរវជន​នឹង​ការពារ​បូរណភាព និង​អធិបតេយ្យភាពស៊ីរី។

លោក Alexander Yushchenko សមាជិក​នៃ​គណៈប្រតិភូ​របស់​រុស្ស៊ី ​បាន​បញ្ជូន​សារ​មួយ​ ដែល​ក្នុង​នោះ​លោក​ប្រធានា​ធិបតី​អាសាដ​បាន​និយាយ​ថា លោក ​បាន​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ថ្មី​ និង​ចូលរួម​ការ​បោះឆ្នោត​សភា ប្រសិន​បើ​នេះ​ជាអ្វី​ដែល​ប្រជា​ពលរដ្ឋ​ស៊ីរីចង់​បាន។

លោក​អាសាដ​កំពុងកាន់​តំណែងជា​ប្រធានា​ធិបតី​អាណត្តិ​ទី៣ ​បន្ទាប់​ពី​លោកបានជាប់​ឆ្នោត​ដើម្បី​កាន់​តំណែង​រយៈ​ពេល​៧​ឆ្នាំកាល​ពី​ឆ្នាំ​ទៅ។ ​ការបោះឆ្នោត​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​នានា ​ដែលត្រួតត្រា​ដោយ​រដ្ឋាភិបាល​ ហើយ​ត្រូវ​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​បោះឆ្នោត​ដោយ​ពួក​ប្រឆាំង។​ លោក​អាសាដ​បាន​ទទួល​សន្លឹក​ឆ្នោត​៨៩​ភាគរយ។

ចាប់តាំង​ពី​ពេលនោះ​មក ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​កាន់​កាប់​តំបន់​ដ៏​ធំ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​ស៊ីរី ​រួមមាន​រដ្ឋ​ធានី Raqqaរបស់​ក្រុម​នោះ​ផង។​ ពលរដ្ឋ​ប្រហែល​៣០​ភាគរយ​នៃ​ពលរដ្ឋ​ជាង​២៤០.០០០​នាក់​ ​ត្រូវ​បានសម្លាប់​នៅ​ក្នុង​ជម្លោះ​នៃ​ប្រទេស​ស៊ីរី​ចាប់​តាំង​ពី​ការ​បោះឆ្នោត​នោះ​មក ​ខណៈ​ដែល​អង្គការ​សហប្រជាជាតិ ​បាន​ចុះ​ឈ្មោះជន​ភៀស​ខ្លួន​១,៣លាន​នាក់​ទៀត​ ដែល​បាន​រត់​គេច​ចេញ​ពី​ប្រទេស។​មនុស្ស​ជាង ​៤​លាន​នាក់​បាន​រត់​គេចចេញ​ពី​ប្រទេស​ចាប់​តាំង​ពី​សង្គ្រាម​ស៊ី​វិល​បាន​ចាប់ផ្តើម៕