Q&A : តើ​នាង​ខ្ញុំ​ត្រូវធ្វើ​ដូចម្តេច បើ​គេ​ចង់បាន​ទាំងពីរ ? ​

Sanofi

សំណួរ ៖ នាង​ខ្ញុំ​មាន​មិត្តភក្តិ​ប្រុស​ដែល​រៀន​ជំនាន់​ជាមួយគ្នា​ម្នាក់​ស្និទ្ធស្នាល​គ្នា​ខ្លាំងណាស់ ។ យើង​បាន​ស្គាល់គ្នា​ចាប់តាំងពី​ឆ្នាំ​ទីមួយ​រហូតដល់​ឆ្នាំ​ទី​បួន ។ ពីដំបូងៗ​ឡើយ​ខ្ញុំ​មិនមាន​អារម្មណ៍​ថា ខ្លួនឯង​ស្រឡាញ់​គាត់​បន្តិច​សោះឡើយ ប៉ុន្តែ​រហូតដល់​ថ្ងៃមួយ ពេលដែល​គាត់​បាន​បែកបាក់​ពី​សង្សារ បានមក​យំសោក​ដាក់​រូបខ្ញុំ ។ នៅថ្ងៃនោះ​ខ្ញុំ​បាន​លួងលោម​គាត់​យ៉ាងច្រើន យើង​បាន​ផឹកស្រា​ជាមួយគ្នា​ដើម្បីឱ្យ​គាត់​រំសាយ​ភាព​ទុក្ខសោក ។

ចាប់តាំងពី​ថ្ងៃ​នោះមក​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រឡាញ់​គាត់ ចំណែក​គាត់​ក៏បាន​ប្រាប់ថា​មាន​អារម្មណ៍​ស្រឡាញ់​ខ្ញុំ​វិញ​ដូចគ្នា ។ ក្រោយមក​គាត់​មានចិត្ត​សាវ៉ា​បាន​ទៅ​ស្រឡាញ់​នារី​ផ្សេង​ម្នាក់ទៀត ហើយ​បាន​ឈ្លោះ​ជាមួយ​ខ្ញុំ​យ៉ាងខ្លាំង ។ ទោះបីយ៉ាងណា នៅពេល​ក្រោយមក​យើង​ត្រូវ​គ្នា​វិញ ហើយ​ថែមទាំង​បាន​រួមភេទ​ជាមួយគ្នា​ផង ។ ពេលនោះ​គាត់​បាន​យក​ទាំង​សង្សារ​ថ្មី និង រូបខ្ញុំ​ម្នាក់ៗ​សុទ្ធតែ​បាន​ខ្លួនប្រាណ​ដូចគ្នា ។

ទោះបីយ៉ាងណា​គាត់​ប្រចណ្ឌ​ណាស់​ឱ្យតែ​បុរស​ណា​ចូលមក​និយាយ​ជាមួយ​ខ្ញុំ​គឺ​មិន​បានទេ គាត់​តែង​ហួងហែង និង បញ្ចេញ​កាយវិការ​ស្តីបន្ទោស​ភ្លាម ។ ខ្ញុំ​សុំ​គាត់​បែក​គ្នា​ដែរ​ដើម្បី​រក​មនុស្ស​ម្នាក់​ជា​គូ​អនាគត តែ​គាត់​មិន​ព្រម ដោយ​និយាយថា​គាត់​យក​ទាំងអស់ ទោះ​សង្សារ​ថ្មី និង រូបខ្ញុំ​ក៏ដោយ ។ តើ​ឱ្យ​ខ្ញុំ​សម្រេចចិត្ត ដូចម្តេច ត្រូវ​ទៅមុខ ឬ ថយក្រោយ ?

​ចម្លើយ ៖ បញ្ហា​របស់​អ្នក​ពិតជា​ស្មុគស្មាញ ហើយ​ស្ទើរ​មិន​ជឿថា​អ្នក​ហ៊ាន​យក​ខ្លួន​បៀត​សូម្បីតែ​មនុស្ស​ប្រុស​ប្រភេទ​នេះឡើយ ។ អ្នក​ពិតជា​យក​ខ្លួន​ទៅ​ប្រព្រឹត្ត​រឿង​មួយ​ប្រកបដោយ​គ្រោះថ្នាក់​ ​និង មិន​គិត​សូម្បីតែ​ជីវិត​អនាគត​របស់ខ្លួន​ឡើយ ។​ ​អ្នក​ត្រូវតែ​ដឹងថា បុរស​ម្នាក់​ដែលមាន​សេចក្តីស្នេហា​ជាមួយ​ស្រី​ច្រើន​នាក់​ក្នុងពេល​តែមួយ ជា​ប្រភេទ​ព្រាននារី និង ពិសេស​គេ​ចាត់ទុក​នារី​គ្រាន់តែ​ជាការ​បម្រើ​កាមតណ្ហា​រប​ស់​ខ្លួន​តែប៉ុណ្ណោះ ។

អ្នក​ពិតជា​បានដឹង​ខ្លួនឯង​ច្បាស់​ហើយ​ថា គេ​មិនបាន​ស្រឡាញ់​អ្នក​ដោយ​បេះដូង​ឡើយ គេ​ស្រឡាញ់​អ្នក​គ្រាន់តែ​បម្រើ​ក្តីសប្បាយ​ប៉ុណ្ណោះ ។ បើ​បែប​ហ្នឹង​តើ​អ្នក​គប្បី​នៅ​សេពគប់​ជាមួយ​គេ​ធ្វើ​អ្វី​ទៀត ? អ្នក​មិនចាំបាច់​សួរថា ត្រូវ​ទៅមុខ ឬ ទៅក្រោយ​ទេ គឺ​ពិតប្រាកដ​ណាស់​ត្រូវ​ថយក្រោយ ចៀស​ឱ្យ​ឆ្ងាយ​យ៉ាង​ប្រញាប់​ពី​បុរស​រូបនេះ ។​ ​អ្នក​គួរតែ​រក​វិធី​ដើម្បី​ដកខ្លួន​ឱ្យបាន​ឆាប់​កាន់តែ​ល្អ ។ ចូរ​អ្នក​ចងចាំ​ថា បើ​មើលឃើញ​ជ្រោះ​មរណៈ​ហើយ ហេតុអ្វី​ចេះតែ​ចង់​លោត​ទៅរក​វា​ទៀត ?


Related