ខ្ញុំ​មិន​រៀបការ ព្រោះតែ​មិន​អស់​អាល័យ​ពី​គូ​ដណ្តឹង​

Sanofi

​ថ្វីដ្បិតតែ​ពេលវេលា​បាន​កន្លងផុតទៅ​អស់​រយៈពេល ៥ ឆ្នាំ អនុស្សាវរីយ៍​បានក្លាយ​ទៅជា​សាកសព​អស់​ទៅហើយ​ក្តី តែ​សេចក្តី​នឹករឭក​ការ​អា​លោះ​អាល័យ​ដ៏​គ្មាន​ព្រំដែន​មិន​ព្រម​ដាច់ចិត្ត​ចាកចេញ​ទៅណា​ឆ្ងាយ​ពី​រូប របស់​នាង​ខ្ញុំ​ទាល់តែសោះ នាំឱ្យ​ជីវិត​នាង​ខ្ញុំ​រស់នៅ​ត្រាំ​នឹង​ក្តី​ទុក្ខសោក​ដោយ​មិនអាច​កំណត់​បាន​ថា តើ​ថ្ងៃ​ណា​ទើប​នាង​ខ្ញុំ​អាច​បំភ្លេច​គូ​ដណ្តឹង​ខ្ញុំ​បាន ?

​រំឭក​ទៅដល់​ថ្ងៃកើតហេតុ​នោះ នាង​ខ្ញុំ​ពិតជា​រន្ធត់ចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ដោយ​ថ្ងៃអាទិត្យ​មួយ​នាង​ខ្ញុំ និង គូ​ដណ្តឹង​ជិះ​ម៉ូតូឌុប​គ្នា​ដើរ​ចែក​សំបុត្រ​ការ​របស់​យើង​ដែល​នឹង​មកដល់​បី​អាទិត្យ​ខាងមុខ ។ តាមផ្លូវ​ធ្វើដំណើរ​យើង ជជែក​គ្នា​ពីថ្ងៃ​រៀបការ ពេល​សំពះ​ផ្ទឹម ពេល​ចងដៃ ពេល​តោង​ស្បៃ ពេល​ផ្សំ​ដំណេក​… រហូត​គិតគូរ​ពី​អនាគត​ចង់បាន​កូនប្រុស​ប៉ុន្មាន​-​ស្រី​ប៉ុន្មាន ? និង ត្រូវធ្វើ​យ៉ាងណា​ដើម្បី​រកប្រាក់​ឱ្យបាន​ច្រើន​សម្រាប់​គ្រួសារ ។​ល​។

កំពុង​ជជែក​គ្នា​សុខៗ​មកដល់​មុខ​សាលារៀន​ជម្ពូ​វ័​ន្ត ជា​អកុសល​ស្រាប់​តែមាន​ម៉ូតូ​មួយ​បាន​បើក​មក​ប៉ះ​ដៃចង្កូត​របស់​យើង​ធ្វើឱ្យ​ដួល​ទៅលើ​ទ្រូងផ្លូវ ដោយ​នាង​ខ្ញុំ​ធ្លា​ក់មក​ខាង​ចិញ្ចើមផ្លូវ​រលាត់​ជង្គង់ កែងដៃ និង ក្បាល ហូរឈាម គ្រាន់តែ​ពុំ​ធ្ងន់ធ្ងរ​ប៉ុន្មាន​ឡើយ ។ ចំណែកឯ​គូ​ដណ្តឹង​ដួល​ខ្ទាត​ប្រហែល​មួយ​ម៉ែត្រ​ពី នាង​ខ្ញុំ​ចៃដន្យ​ក៏មាន​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ជាន់​ហ្វ្រាំង​មិនជា​ប់​ព្រោះ​កៀក​ពេក បណ្តាលឱ្យ​កិន​គូ​ដណ្តឹង​ខ្ញុំ​រហូត​ខ្ទេច​ផ្នែក ក្បាល មើលមុខ​លែង​ស្គាល់ ធ្វើឱ្យ​នាង​ខ្ញុំ​រន្ធត់ចិត្ត​រហូត​សន្លប់​បាត់ស្មារតី ។

ក្រោយ​ការស្លាប់​របស់​គូ​ដណ្តឹង នាង​ខ្ញុំ​ក្លាយជា​មនុស្ស​ថ្មី ព្រោះ​នាង​ខ្ញុំ​លែង​និយាយ​រក​អ្នកណា​ក្រៅតែពី​មានរឿង​សំខាន់​ដែល​មិនអាច​ចៀសផុត ។ នាង​ខ្ញុំ​តែងតែ​អង្គុយ​យំ​សម្លឹង​មើលមេឃមើលផ្កាយ មើលរូប​ថត​គូ​ដណ្តឹង​រំឭក​ទៅ​អនុស្សាវរីយ៍​ទាំងឡាយ​ដែល​យើង​បាន​សាង​ជាមួយគ្នា ។ ការបាត់បង់ គូ​ដណ្តឹង នាង​ខ្ញុំ​ហាក់ដូច​បាត់បង់​ជីវិត​ជាង​ពាក់កណ្តាល​ទៅហើយ ។​ ពេលណា​ស្តាប់ឮ​សំឡេង​ភ្លេង​ការ ពេល​ឃើញ​គេ​រៀបការ​ទឹកភ្នែក​របស់​នាង​ខ្ញុំ​តែងតែ​ហូរ​ស្រក់​មកជា​និច្ច ហើយ​កម្រង​អនុស្សាវរីយ៍​ទាំងឡាយ​ក៏​ផុស មក​ក្នុង​អារម្មណ៍​របស់​នាង​ខ្ញុំ​ដល់​ថ្នាក់​មានពេលខ្លះ​នាង​ខ្ញុំ​ស្រែក​ទ្រហោយំ​រហូតដល់​អ្នកខ្លះ​គិតថា​នាង​ខ្ញុំ​ជា​មនុស្ស​សរសៃប្រសាទ​ទៀ​ត​ផង ។

ក្តីបារម្ភ​មួយ​ដ៏​ធំធេង​ចំពោះ​នាង​ខ្ញុំ​គឺ​ត្រូវ​ធ្លាក់​ទៅលើ​ប៉ា​ម៉ាក់ ដែល​គ្រប់ពេលវេលា​ពួកលោក​តែងតែ​ព្យាយាម​លួងលោម​លើកទឹកចិត្ត​ដល់​នាង​ខ្ញុំ​ដើម្បី​បំភ្លេច គូ​ដណ្តឹង ហើយ​ខំតស៊ូ​រស់​ឱ្យ​សមជា​មនុស្ស​ធម្មតា​ដូច​គេឯង មិនត្រូវ​បណ្តោយឱ្យ​ជីវិត​រស់នៅក្នុង​ពិភព​អពមង្គល​បែបនេះ​រហូត​ឡើយ ។ ជម្រៅ​ចិត្ត​របស់​ប៉ា​ម៉ា​ក់នាង​ខ្ញុំ គឺ​នាង​ខ្ញុំ​យល់ច្បាស់​ណាស់ នាង​ខ្ញុំ​ក៏​ចង់​រំដោះ​ជីវិត​ឱ្យចេញ​ចាក​ផុតពី​ទុក្ខសោក​នេះ​លើសពី​ការគិត​របស់​ពួកលោក​ទៅទៀត តែ​នាង​ខ្ញុំ​ពិតជា មិនដឹងថា តើ​ត្រូវ​ធ្វើយ៉ាងណា​ទើប​អាច​រំដោះ​ជីវិត​ខ្លួនឯង​ឱ្យ​រួច​ស្រឡះ​ពី​អតីតកាល​មួយ​នេះ​បានឡើយ ។

នាង​ខ្ញុំ​ស្រែកយំ​ដូច​មនុស្ស​វង្វេង​សតិ ពេល ដឹងថា​ប៉ា​ម៉ាក់​ចង់ឱ្យ​គេ​ចូល​ស្តី​នាង​ខ្ញុំ នាង​ខ្ញុំ​ពិតជា​មិនអាច​ទទួលបាន​ដាច់ខាត ព្រោះ​មិនអាច​បំភ្លេច​គូ​ដណ្តឹង​មុន​បាន មិន​ថា​ថ្ងៃនេះ ឬ ដល់​ថ្ងៃ​ស្លាប់ និង វេច​ស្ពាយ​យកទៅ​ជាមួយ​នូវ​ក្តី​ស្រឡាញ់​ដែលមាន​ចំពោះ​គូ​ដណ្តឹង​គ្រប់​ជាតិ ។ គ្រប់គ្នា​យល់ថា​នាង​ខ្ញុំ​ជា​ស្រី​វង្វេង មាន​ជំងឺសរសៃប្រសាទ មានតែ​នាង​ខ្ញុំ​ទេ ដែល​ដឹង​ច្បាស់​ថា​ខ្លួន​មិន​វង្វេង​សតិ ព្រោះ​នាង​ខ្ញុំ​ចាំបាន​គ្រប់​រឿង​ទាំងអស់ និង អាចបំពេញ​ការងារ​ជា​គណនេយ្យករ​បាន​យ៉ាង​ល្អ ឬ មួយ​ក៏​ភក្តីភាព​របស់​នាង​ខ្ញុំ​ដែលមាន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​គឺជា​ភាព​វង្វេង ? តើ​នាង​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​ដើម្បី​ស្តារ​ស្ថានភាព​ផ្លូវចិត្ត​ឱ្យ​ដូចដើម​វិញ ?


ជូន​ចំពោះ​នារី​មាន​វិបត្តិ​

​ពិតជា​រឿង​មួយ​ដែល​គួរឱ្យ​រន្ធត់​តក់ស្លុត និង សោក​សង្វេគ​ជាទីបំផុត ក្រោយ​បាន​ស្តាប់​ការរៀបរាប់​របស់​នាង ។ ជាការ​ពិត​គឺ​ពិបាក​នឹង​រក​អ្នកណាម្នាក់​ដែល​អាច​បំភ្លេចបាន​ណាស់​ចំពោះ​រឿង​មួយ​នេះ វា​ពុំមែន​ជា​រឿង ដែល​ពាក់ព័ន្ធ​ផ្លូវ​មនោសញ្ចេតនា​តែមួយ​នោះទេ តែ​វា​ជាហេតុ​ការណ៍​មួយ​ដ៏​គួរឱ្យ​រន្ធត់​តក់ស្លុត​ពេល​នាង​បានឃើញ​ហេតុការណ៍​នេះ​ដោយផ្ទាល់​ភ្នែក ។ «​ប្រជាប្រិយ​»​ពិតជា​ស្ញប់ស្ញែង​នឹង​ទឹកចិត្ត​ភក្តីភាព​របស់​នា​ង​ដែល​នាង​សច្ចា​ថា​មិន​រៀបការ​ជាមួយ​បុរស​ផ្សេង​ឡើយ ។

«​ប្រជាប្រិយ​»​សូម​ជូន​ជា​យោបល់​ថា ទង្វើ​នេះ​មាន​ផលប៉ះពាល់​ខ្លាំងណាស់​ចំពោះ​នាង​ក៏ដូចជា​ឪពុកម្តាយ ព្រោះ​ក្នុងនាម​ជា​ឪពុកម្តាយ​ពិតជា​តឹងតែង​ចិត្ត​ខ្លាំងណាស់​នៅពេលដែល​នាង​ដាក់ខ្លួន​រស់នៅក្នុង​សភាព​បែប នេះ​រហូត​អស់ ៥ ឆ្នាំ ហើយ​គិត​នឹង​បន្ត​រហូតដល់​ចាស់​ស្លាប់​ទៀត ។ ពេលវេលា​ដែល​នាង​កាន់ទុក្ខ​ចំពោះ​គូ​ដណ្តឹង​ក៏​សមល្មម​អាច​រសាយ​ចិត្តបាន​ខ្លះ ហើយ​មិនគួរ​បណ្តោយឱ្យ​ជីវិត​រស់នៅក្នុង​ស្ថានភាព​ដូច្នេះ​រហូត​ឡើយ ។

អ្វីដែល​សំខាន់​នោះ​នាង​គួរ​ងាក​មក​គិតពី​អនាគត​ខ្លួនឯង គិតដល់​ក្តីបារម្ភ​របស់​ឪពុកម្តាយ ដែល​ពួកលោក​ចង់ឱ្យ​នាង​រស់នៅ​មានគ្រួសារ​មួយ​ពេញលេញ ដូច្នេះ​នាង​គួរ​បំពេញ​បំណង​ពួកលោក​រាប់​ទុក​ថា​ជាការ​លះបង់​របស់​នាង​ដើម្បី​សងគុណ​ពួកលោក​ដែល​បាន​ផ្តល់កំណើត និង ចិញ្ចឹម​បីបាច់​នាង​រហូតដល់​ថ្ងៃនេះ ។ «​ប្រជាប្រិយ​»​សូម​រំពឹងថា កាលបើ​នាង​មានគូស្រករ​មានកូន​ជា​ចំណងដៃ​នោះ​នាង​នឹង​អា​ចរក​សុភមង្គល​ឃើញ ហើយ​ក្តី​ទុក្ខសោក​ក៏ត្រូវ​កាត់បន្ថយ ឬ អាច​រលុប​បាត់​ពី​ខួរក្បាល​របស់​នាង​ផង​ក៏​ថា​បាន ព្រោះ​វា​ជំនួស​ដោយ​ការ​គិតដល់​ក្រុមគ្រួសារ​របស់​នាង​វិញ​ជាមិនខាន ។

សូម​នាង​សាកល្បង​កាត់ចិត្ត​ដោយ​ពិចារណា​តាមផ្លូវ​ព្រះពុទ្ធសាសនា​វិញ​ម្តងថា ផល​បុណ្យ ឬ ផលកម្ម​របស់​អ្នក​ទាំងពីរ​ដែល​កសាង​ពី​ជាតិ​មុន​មក​កំណត់ឱ្យ​ជួបគ្នា​បានតែ​ត្រឹមនេះ ។ នៅក្នុង​ពុទ្ធ​ប្ប​វត្ត​ទុក្ខ​របស់​នាង បដា​ចារ មាន​ទំហំធំធេង​ជាង​ទុក្ខ​របស់​នាង​ឆ្ងាយ​ណាស់​ព្រោះ​នាង​បាត់បង់​មនុស្ស ជាទី​ស្រឡាញ់​ដល់​ទៅ ៦ រូប ក្នុងពេល​ដ៏​ខ្លី គឺ​ប្តី កូន​ពីរ ឪពុក ម្តាយ និង បងប្រុស ដែល​ធ្វើឱ្យ​នាង​ក្លាយជា​មនុស្ស​វិល​ក​ចរិត​ប៉ុន្តែ​ពេល​បាន​ជួប និង ស្តាប់​ព្រះធម៌​ទេសនា​របស់​ព្រះពុទ្ធ នាង​ក៏​អាច​រំដោះ​រួច​ចាក​ទុក្ខ ហើយ ជ្រះថ្លា​បួស​ក្នុង​ព្រះពុទ្ធសាសនា​រហូត​បាន​សម្រេច​ជា​ព្រះ​អរហន្តី​។

ដូច្នេះ​សូម​នាង​ឧស្សាហ៍​ឆ្លៀត​ស្តាប់​ព្រះធម៌​ទេសនា ពិសេស​ធម៌​អប់រំ​ផ្លូវចិត្ត និង ពិចារណា​ថា «​ក្នុង​លោក​នេះ​គ្មាន​ជួប​ណាមួយ​ដែលថា​មិន​ព្រាត់​នោះឡើយ​» «​គ្មាន​សត្វលោក​ណា​ដែល​គ្មាន​ទុក្ខ​ដែរ​»…​ក្រែង​អាច​រំងាប់​ទុក្ខ​បាន ។​ «​ប្រជាប្រិយ​»​មានតែ​ការ​ជូនពរ​នាង​សូមឱ្យ​ឆាប់​បាន​រសាយចិត្ត​ពី​ក្តី​ទុក្ខសោក​នេះ​ជំនួស​មកវិញ​នូវ​ជីវិត​មួយ​ដ៏​មាន​ពន្លឺ​រស្មី​ដូច​អ្នកផង​ទាំងឡាយ ៕


 

Related