មេ​ឃុំ​ស្រែគរ​ខេត្ត​ស្ទឹងត្រែង​ចោទ​ក្រុមហ៊ុន​អាន​ម៉ារឌី​ថា​យក​កម្លាំង​ប្រដាប់​អាវុធ​យាម​ការពារ

មេ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចោទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច អាន ម៉ារឌី និង​ក្រុមហ៊ុន​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ថា​យក​កង​កម្លាំង​ប្រដាប់​អាវុធ ការពារ​ឲ្យ​ក្រុមហ៊ុន​ឯកជន ផ្ទុយ​ពី​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល និង​គោលការណ៍​ណែនាំ​ក្រសួង​មហាផ្ទៃ។ លើស​ពី​នេះ អាជ្ញាធរ​ឃុំ​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំង​នោះ​ពុំ​ឃើញ​អភិវឌ្ឍ​អ្វី​ក្រៅ​ពី​ជួញ​ដូរ​ឈើ​ប្រណិត និង​ទំនង​ជា​យក​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល ការពារ​ពី​ដំណើរ​ការ​នៃ​ការ​រក​ស៊ី​របស់​ខ្លួន​ទៅ​វិញ​ទេ។

អាជ្ញាធរ​ស្រែគរ មក​ពី​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ តុលា ថា ក្រុមហ៊ុន​ចំនួន​២ គឺ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច អាន ម៉ារឌី និង​ក្រុមហ៊ុន​សម្អាត​បាត​អាង​របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា មាន​កង​កម្លាំង​ប្រដាប់​អាវុធ​យាម​ឲ្យ​ក្រុមហ៊ុន​នេះ​ជាច្រើន​ឆ្នាំ​កន្លង​មក។ អាជ្ញាធរ​អង្កេត​ឃើញ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ តែង​តែ​យក​អាវុធ​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ នៅ​ពេល​ដែល​ចូល​ព្រៃ​អារ​ឈើ​ជា​លក្ខណៈ​គ្រួសារ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច អាន ម៉ារឌី មាន​កង​កម្លាំង​ប្រដាប់​អាវុធ ដូចជា នគរបាល និង​ទាហាន យាម​ឲ្យ​ក្រុមហ៊ុន​នេះ​ជាច្រើន​ឆ្នាំ​កន្លង​មក។ ចំណែក​ក្រុមហ៊ុន​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​មន្ត្រី​កង​រាជ​អាវុធហត្ថ យាម​រហូត​ដល់​បច្ចុប្បន្ន។ លោក​កត់​សម្គាល់​ថា ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​ភាគ​ច្រើន​សុទ្ធតែ​មាន​កាំភ្លើង ឬ​អាវុធ តែងតែ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ភូមិ នៅ​ពេល​ដែល​ប្រមូល​អនុផល​ព្រៃ​ឈើ ឬ​ចូល​ព្រៃ​អារ​ឈើ​ធ្វើ​ផ្ទះ​ជាដើម ដែល​ត្រូវ​ប្រឈម​កង​កម្លាំង​ទាំង​នោះ​ជំរិត​ទារ​ប្រាក់​ជា​រឿយៗ។ លោក​រក​ឃើញ​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច អាន ម៉ារឌី និង​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង ទំនង​ជា​មិន​អភិវឌ្ឍ​អ្វី​ក្រៅ​ពី​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​ជាច្រើន​ឆ្នាំ​កន្លង​មក​នៅ​តំបន់​នេះ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ចុះ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ករណី​នេះ៖ «ក្រុមហ៊ុន​បាត​អាង​ជាដើម កាំភ្លើង​រាប់​មិន​អស់ គ្រាន់​តែ​អ្នក​រក​ស៊ី​នៅ​ក្នុង​ក្រុមហ៊ុន​បាត​អាង។ នៅ​តែ​មាន​សន្តិសុខ​ចេញ​ពី​ប៉េអិម ទាហាន ប៉ូលិស​ហ្នឹង ធ្វើ​បាប​ប្រជាពលរដ្ឋ​កាប់​នេះ​កាប់​នោះ យក​លុយ​យក​កាក់​ម្នាក់ ១០​ម៉ឺន ម្នាក់ ១០០​ដុល្លារ ២០០ ហ្នឹង​ទៅ ជំរិត​ទារ​លុយ នេះ​ជាក់ស្តែង​នៅ​ក្នុង​ស្ថានភាព​ក្នុង​ឃុំ​ស្រែគរ យើង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង លោក អៀង វ៉ាន់ឌី ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ តុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

ចំណែក​មេ​បញ្ជាការ​ភូមិ​ភាគ​១ លោក ហួត ឈៀង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ តុលា ថា ឃុំ​ស្រែគរ គឺ​ជា​ទីតាំង​អង្គភាព​យោធា​ឈរ​ជើង និង​មាន​ផ្ទះ ១០០​ខ្នង​ដែល​លោក​ឧកញ៉ា អាន ម៉ារឌី សម្បទាន​ដី និង​ផ្ទះ​ទាំង​នោះ ជូន​កងទ័ព។ ដូច្នេះ កងទ័ព​រស់នៅ​តំបន់​នោះ​ទំនេរ​ពី​ការងារ ខ្លះ​ធ្វើ​កម្មករ​ឲ្យ​ក្រុមហ៊ុន ព្រោះ​តែ​បញ្ហា​ជីវភាព។ លោក​ចាត់​ទុក​ថា ពុំ​មាន​អ្វី​ទាស់​ខុស​នោះ​ទេ៖ «គ្រួសារ​កងទ័ព​ពេល​ខ្លះ កងទ័ព​ទំនេរ​ក៏​ធ្វើ​កម្មករ​ឲ្យ​គេ​នោះ​ដែរ។ បញ្ហា​ជីវភាព​ហ្នឹង។ ប៉ុន្តែ​លោក​មេ​ឃុំ​ទេ​ដែល​គ្រប់គ្រង​ប្រជាជន​អត់​ជាប់។ មក​ពី​ប្រជាជន​ខ្លួន​ឯង​ធ្វើ​ខុស រស់នៅ​គ្មាន​អី​ស៊ី​ផង។ អំណាច​ឃុំ​ហ្នឹង​ត្រូវ​និយាយ​ទៅ​លោក​ហ្នឹង​វិញ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល បារម្ភ​ថា ករណី​យក​អាវុធ​បាញ់​គំរាម​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ នឹង​ក្លាយ​ជា​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ បើ​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​តំណាង​អយ្យការ​មិន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​នោះ​ទេ។ លោក​អង្កេត​ឃើញ​ថា ករណី​បាញ់​គំរាម​អ្នក​ភូមិ​ស្រែគរ ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ យាម​ឲ្យ​ក្រុមហ៊ុន​ទាំង​នេះ​មាន ៤​ករណី​មក​ហើយ គិត​ចាប់​ពី​ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន ដែល​លោក​ពុំ​ទាន់​ឃើញ​មាន​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ពី​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ៖ «ប្រសិន​ជា​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទៀត មាន​ន័យ​ថា ផ្គើន​ប្រសាសន៍​សម្ដេច​តេជោ ហ៊ុន សែន។ លក្ខន្តិកៈ​មន្ត្រី​រាជការ​មិន​អាច​យក​ស្ថាប័ន​រដ្ឋ ទៅ​ការពារ​ក្រុមហ៊ុន​ហ្នឹង​បាន​ទេ»

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៥ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ឆ្លើយ​នឹង​សំណួរ​របស់​សារព័ត៌មាន​អន្តរជាតិ​មួយ​បញ្ជាក់​ថា កង​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន មិន​មាន​សិទ្ធិ​ពាក់​ឯកសណ្ឋាន​ជា​នគរបាល ឬ​ទាហាន​ទេ។ ចំណែក​ម្ចាស់​ក្រុមហ៊ុន​ឯកជន ក៏​ពុំ​មាន​សិទ្ធិ​ជួល​នគរបាល ទាហាន ឬ​កង​កម្លាំង​ប្រដាប់​អាវុធ ការពារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។