ជនសង្ស័យ​កាច់​សោ​.​ក​ម៉ូតូ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​​ប្រគល់ឲ្យសមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​៣​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សន្តិសុខ​យាម​នៅ​បុរី​ញូវថោន​ឡោម​ព័ទ្ធ​ចាប់​បាន​វាយ​ទាត់​ធាក់​ទ្រម​ខ្លួន​ទើប​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ ខណៈ​ពេល​ដែល​ជនសង្ស័យ​ខាងលើ​នេះ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង ប៉ុន្តែ​មិន​បាន​សម្រេច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៥ តុលា ២០១៥ នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ គឹ​ម ចិត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ចំណែក​បក្ខពួក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ រីឯ​ម៉ូតូ​ដែល​ពួក​គេ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​នោះ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី និ​ច ពណ៌​ផ្កាឈូក ស៊េរី​២០១៣ ពាក់​ស្លាក់​លេខ ភ្នំពេញ 1CV-5409 ។ ដោយឡែក​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ មុំ ចរិយា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នារី​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នាង​បាន​បោស​ជូត​សំអាតផ្ទះ​ដែល​ទើប​ទិញ​នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន ដែល​ជា​កន្លែង​កើតហេតុ រួច​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​ដោយ​ចាក់សោ​.​ក និង​ចាក់សោ​បូម​ម៉ូតូ​ត្រឹមត្រូវ ។ លុះដល់​ម៉ោង​កើតហេតុ​ក៏​មាន​ជនសង្ស័យ​ខាងលើជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​នៅ​មុខ​ផ្ទះ​រួច​បាន​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព​ដោយ​មាន​គ្នា​គេ​២​នាក់​ទៀត​ចាំ​មើលផ្លូវ ខណៈ​ពេល​កំពុង​កាច់​សោ​.​កបាន​សម្រេច ប៉ុន្តែ​ជិះ​មិនកើត​ឡើយ ដោយនៅ​ជាប់​សោ​បូម​មួយ​ជាន់​ទៀត តែ​ទោះជា​យ៉ាងណា​ជនសង្ស័យ​មិន​បាន​បោះបង់​ចោល​ឡើយ​ ដោយ​បាន​ខំប្រឹង​អូស​ចេញពី​កន្លែង​កើតហេតុ ហើយ​ភ្លាម​ៗ​នោះ​ក៏​មាន​សន្តិសុខ​ម្នាក់​ដែល​យាម​ក្បែរ​នោះ​ឃើញ​គួរ​ឲ្យ​សង្ស័យ និង​សន្និដ្ឋាន​ថា​ជា​ចោរ​ ក៏​បានរ​ត់ទៅ​ចាប់​ប្រតាយប្រតប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ​នាំ​គ្នា​ជួយ​ឡោម​ព័ទ្ធ​ចាប់​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង និង​ខ្លះ​មាន​ដំបង ខ្លះ​ដុំ​ថ្ម​ផង សំពង​រហូត​បែក​ឈាម​ហូរ​ពេញ​ខ្លួន​ទើប​ទាក់​ទៅ​សមត្ថកិច្ច​ប៉ូលិស​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​សង្គ្រោះ​មួយ​ជំហាន រួចទើប​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​កសាង​សំណុំរឿង និង​ស្រាវជ្រាវ​រក​បក្ខពួក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕