នេះ​នែ៎! ​ជោគ​ជតារាសី​ស្នេហា​​​របស់​អ្នក​តាម​ក្បួន​​ចិន​​ក្នុង​ឆ្នាំ​២០១៥​

នេះ​នែ៎! ​ជោគ​ជតារាសី​ស្នេហា​​​របស់​អ្នក​តាម​ក្បួន​​ចិន​​ក្នុង​ឆ្នាំ​២០១៥​

ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​​​​ថ្មី​ប្រពៃណី ​​ចិន​ដែល​​បាន​ចូល​មកដល់​ថ្ងៃ​ស្អែក​ មាន​​ប្រិយមិត្ត​ជា​ច្រើន ជា​ពិសេស​​ ​មិត្ត​អ្នក​អាន​​ដែល​​នៅ​លីវ​ និង​​មាន​គូស្នេហ៍​​​​​រៀបការ​រួច​ ពិត​ជា​​ចង់​​​ជោគ​ជា​តា​រាសី​ស្នេហា​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៥​នេះ​​ល្អ​ឬ អាក្រក់​។ ​ ហោរា​ចិន​ប្រចាំ​ក្រុង​ភ្នំពេញ​​ល្បី​​ឈ្មោះ​​ លោក កុក ឡុង ​នឹង​ទស្សន៍ទាយ​​​ពី​ជោគជតារាសី​ ស្នេហា​​​​របស់​អ្នក​​តាម​ក្បួន​ចិន ​ដែល​មាន​ជា​បន្តបន្ទាប់ ​ដូច​ខាង​ក្រោម​នេះ៖

 

នេះ​នែ៎! ​ជោគ​ជតារាសី​ស្នេហា​​​របស់​អ្នក​តាម​ក្បួន​​ចិន​​ក្នុង​ឆ្នាំ​២០១៥​

 
​​​ឆ្នាំជូត

 

ស្នេហា​សម្រាប់​​អ្នក​កើត​ឆ្នាំជូត​​អាច​​ ​​ជួប​បញ្ហា​​ច្រើន​ ជា​ពិសេស​​ អ្នក​មាន​​​ដៃគូ​ជីវិត​ហើយ​ត្រូវ​​​អត់​ឱន​គ្នា​​ និង​ចេះ​អធ្យាស្រ័យ​​គ្នា​​។ បើ​មិន​ដូច្នេះ​ទេ​ អាច​មាន​រឿង​​​រកាំរកូស​​​​​  ​​មាន​​ចិត្ត​ងាក​រេ​​​ ដូច​ពាក្យ​ចាស់​ពោល​​​ថា​​ គោ​ចាស់​ប្រទះ​ស្មៅ​ខ្ចី​​ ​និង​ឈាន​​ទៅ​ចែក​ផ្លូវ​គ្នា​។ ​សម្រាប់​អ្នក​​​អត់​ទាន់​មាន​គូ​​ ត្រូវ​តម​រៀប​ការ​នៅ​​ឆ្នាំ​នេះ​។​

 

ឆ្នាំ​ឆ្លូវ

 

ឆ្នាំឆ្លូវ​​​ក៏​ជួប​បញ្ហា​ច្រើន​ដែរ​ឆ្នាំ​នេះ​ អ្នក​​ត្រូវ​ស្វែង​យល់​ចិត្ត​​ថ្លើម​​​គ្នា​​ឲ្យ​បាន​​ច្រើន​​។ ឆ្នាំ​នេះ​បើ​អ្នក​មាន​​គូ​​ជីវិត​ នៅ​​​​ឆ្នាំ​មមី​ ឬ​ឆ្នាំ​​មមែ​ ត្រូវ​​ប្រយ័ត្ន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​។ ចំពោះ​អ្នក​អត់​ទាន់​មាន​គូ​ ​ក៏​ត្រូវ​​តម​រៀប​ការ​​ដែរ​ ព្រោះ​​ឡាក់​ឆុង​។​

 
​​​​ឆ្នាំខាល

 

ចូល​មក​ដល់​ឆ្នាំ​ខាល​ ឧបទ្រពចង្រៃ​ ដែល​កើត​មាន​​​​​នៅ​ឆ្នាំ​ចាស់​ពិត​ជា​រសាត់​ចាកចេញ​ពី​លោក​អ្នក​ហើយ។ បើ​លោក​អ្នក​មិន​ទាន់​រៀប​ការ​ អាច​រៀប​ការ​បាន​​ តែ​លុះ​ត្រា​​អ្នក​កើត​ទាន់​​ខែ​វិច្ឆិកា​ បើ​អ្នក​កើត​​ខែ​ធ្នូ​ មករា​ កុម្ភៈ​ ​អាច​ឆុង​នឹង​​​​ឆ្នាំ​ ជូត និង​ឆ្នាំ​​ ឆ្លូវ​។ ​ជីវិត​គូ​ធម្មតា​ទេ​ ឆ្នាំ​​នេះ​។
 
​ ​ឆ្នាំ​ថោះ
 
ចូល​មកដល់​ឆ្នាំ​ថោះ ជីវិត​ស្នេហា​របស់​អ្នក​ក៏​មិនចាញ់​ឆ្នាំ​​​ខាល​ប៉ុន្មាន​​ដែរ។ ​ ​​ពេល​នេះ​គឺ​​ជា​ឱកាស​ល្អ​សម្រាប់​រក​គូព្រេង​ ​ពិសេស​យុវ​នារី​​​​។ អ្នក​​ត្រូវ​​បង្កើន​ការ​ទំនាក់ទំនង​បន្ថែម​ទៀត​ជា​មួយ​ មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ដើម្បី​រឹត​បន្តឹង​ចំណង​មិត្តភាព និង​ទទួល​បាន​ស្នេហា​សម​តាម​បំណង​មួយ ។​ ប៉ុន្តែ​​​អ្នក​​ត្រូវ​កើត​ទាន់​​ខែ​វិច្ឆិកា​ បើ​អ្នក​កើត​​ខែ​ធ្នូ​ មករា​ កុម្ភៈ​ ​អាច​ឆុង​នឹង​​ឆ្នាំ​​ ជូត និង​ឆ្នាំ​​ ឆ្លូវ​។​​​
 
ឆ្នាំរោង
 

​អ្នក​​មាន​គូ​ ​​ជីវិត​ស្នេហា​របស់​អ្នក​​​ធម្មតា​ទេ​ ប៉ុន្តែ​​​​ស្រី​ ល្អ​ជាង​ប្រុស​។ ចំពោះ​​អ្នក​​អត់​ទាន់​មាន​​គូ​អាច​រៀប​ការ​បាន​​ឆ្នាំ​នេះ​ និង​​អាច​កើត​កូន​នៅ​ឆ្នាំ​​​ក្រោយ​ ក៏​ប៉ុន្តែ​​អ្នក​ត្រូវ​អត់ធ្មត់​រង់ចាំ និង​ព្យាយាម​​បន្តិច​ទើប​​​អាច​​រក​ឃើញ​មនុស្ស​ដែល​អ្នក​ស្រលាញ់​តាម​ក្តី​ប្រាថ្នា។ ចំពោះ​ប្រុស​ៗ ត្រូវ​ប្រយ័ត្ន​ ស្រី​ ស្រា​ ល្បែង​។ ​

 

ឆ្នាំ​ម្សាញ់

 

​​ការ​​​ស្វែង​រក​គូស្រករ​របស់​អ្នក​​​នឹង​សម​តាម​បំណង​​ ​ដោយ​ហេតុ​ថា​​ ឧបសគ្គ​​មួយ​ចំនួន​មក​រារាំង​​​​ស្នេហា​របស់​អ្នក​នឹង​ត្រូវ​រសាយ​បាត់​។ អ្នក​អាច​រៀប​ការ​​បាន​​នៅ​ឆ្នាំ​នេះ​ និង​យក​​កូន​​នៅ​ឆ្នាំ​ក្រោយ​។​ ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ អ្នក​​​ត្រូវ​ស្វែង​យល់​ពី​​តម្រូវ​ការ​​របស់​គូស្នេហ៍​ជា​មុន​សិន​ទើប​ល្អ។ ​ ចំណែក​អ្នក​​មាន​គូ ​ជីវិត​ស្នេហា​​របស់​អ្នក​ធម្មតា​ទេ​​​ ឆ្នាំ​នេះ​។​ ប៉ុន្តែ​​ហាម​ដាច់​ខាត​ ចូល​​រួម​បុណ្យ​សព​ មើល​សាកសព​ និង​ជិះ​កាត់​វត្តភ្នំ​​ បើ​​មិន​​ដូច្នេះ​ទេ​​ អ្នក​នឹង​អាច​កើត​​រឿង​ឈ្លោះ​ទាស់​ទែង​គ្នា​។​​​​​​​​​

 

ឆ្នាំ​មមី

 
​​ឆ្នាំ​​មមី​ ​​​បើ​អ្នក​​​រៀប​ការ​​គឺ​ល្អ​បំផុត​ ​ពិសេស​​អ្នក​មាន​​អាយុ​ ២៦ ឆ្នាំ​ និង​៣៨ ឆ្នាំ​គឺ​ល្អ​មែន​​ទែន។ ​ម្យ៉ាង​ឆ្នាំ​នេះ​​បើ​មាន​​កូន​​ទៀត​នោះ​ក៏​​រឹត​​តែ​ល្អ​។ ​រាសី​​​ឆ្នាំ​មមី​ប្រុស​ ល្អ​ជាង​ស្រី​។ ​សម្រាប់​​អ្នក​មាន​គូ​ និង​រៀបការ​រួច​​ ចំណង​ស្នេហ៍​​​ត្រូវ​ប្រយ័ត្ន​ការ​ឈ្លោះ​ទាស់​ទែង​ ពិសេស​ស្ត្រី​។​

 
 
ឆ្នាំ​មមែ
 
នេះ​ពិត​ជា​ឱកាស​ល្អ​​​ធ្លាក់​មក​ដល់​​សម្រាប់​អ្នក​អត់​​ទាន់​មាន​​គូ​ ជា​ពិសេស​សុភាព​នារី​ ព្រោះ​ថា​​គូព្រេង​ដែល​អ្នក​ប៉ង​បាន​មក​ដល់​ហើយ។ ចូរ​ញញឹម​​ឡើង ហើយ​ត្រៀម​បញ្ចប់​ភាព​នៅ​លីវ​របស់​អ្នក​ជា​មួយ​គូស្នេហ៍​ដែល​អ្នក​ស្រលាញ់​ ។ រីឯ​អ្នក​មាន​គូ​ និង​រៀបការ​រួច​វិញ ជីវិត​​​​ស្នេហា​របស់​អ្នក​​​ត្រូវ​​មាន​​ការ​អត់​ឱន​គ្នា​ឲ្យ​បាន​​ច្រើន​ និង​កុំ​​បង្ក​ការ​សង្ស័យ​​​​គ្នា​។​​​

 
ឆ្នាំ​វក

 
អ្នក​ដែល​អត់​ទាន់​មាន​​គូ​កើត​ឆ្នាំ​នេះ ​អ្នក​​អាច​រៀប​​ការ​​បាន​ ព្រោះ​ថា​ ឆ្នាំ​ក្រោយ​នឹង​មិន​អាច​រៀប​ការ​បាន​ទេ។ អ្នក​មាន​អាយុ​ ២៤ និង​៣៦ ឆ្នាំ​​ អាច​រៀប​ការ​បាន​ ហើយ​ចាប់​ដៃ​​គ្នា​រក​ស៊ី​​ធូរ​ធារ​​ទៀត​ផង​។ ​ចំពោះ​អ្នក​មាន​​គូ​ ត្រូវ​រក្សា​ចំណង​ស្នេហ៍​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ដោយ​សន្សឹមៗ ​ជៀសវាង​​អំពើ​ឆ្គាំឆ្គង​ណា​មួយ​ធ្វើ​ឲ្យ​អាក់អន់ស្រពន់ចិត្ត​ពី​គូស្នេហ៍​ របស់​ខ្លួន។​

 
ឆ្នាំ​រកា

 

សម្រាប់​អ្នក​ដែល​​​មាន​​​គូ​​ ជីវិត​ស្នេហា​របស់​អ្នក​ធម្មតា​ទេ​​ឆ្នាំ​នេះ​។ ប៉ុន្តែ​ធ្វើ​យ៉ាង​ម៉េច​ កុំ​​ឲ្យ​​​ភាគី​ណាមួយ​​​ធ្លាក់​ក្នុង​​ជម្លោះ​​ឲ្យ​សោះ ​បើ​មិន​ដូច្នេះ​ទេ ចំណង​ស្នេហ៍​របស់​អ្នក​អាច​មាន​​អ្នក​ទី​បី​ជ្រៀត​ជ្រែក​។ ក្នុង​​នោះ​ត្រូវ​ប្រុង​​ប្រយ័ត្ន​​ទាំង​​សុភាព​បុរស​ ​និង​ស្ត្រី ​។ ​ចំពោះ​អ្នក​​នៅ​លីវ​ អាយុ​ ២៣ និង​៣៥ ឆ្នាំ​​អាច​រៀប​ការ​បាន​។
​​​​​ 
​ឆ្នាំច
 

រាសី​​ស្នេហា​អ្នក​ដែល​​​នៅ​ឯកោ​វិញ មក​ដល់​ឆ្នាំ​នេះ​ពិត​ជា​ឡើង​ខ្ពស់​ត្រដែត​​តែម្ដង ​ព្រោះ​ថា​ស្នេហា​ដែល​អ្នក​រង់ចាំ​ជា​ច្រើន​ឆ្នាំ​គឺ​បាន​មក​ដល់​​ ហើយ​ល្អ​បំផុត​នោះ​ជាមួយ​អ្នក​កើត​នៅ​ឆ្នាំ​មមែ​។ សម្រាប់​អ្នក​មាន​គូ​ និង​រៀបការ​រួច​ ចំណង​ស្នេហ៍​របស់​អ្នក​​​ ត្រូវ​ប្រយ័ត្ន​ឈ្លោះ​ទាស់​ទែង​គ្នា​។
 
ឆ្នាំកុរ
 
ងាក​មក​មើល​ឆ្នាំ​កុរ​​​ឯណេះ​វិញ ក៏​មិនចាញ់​ឆ្នាំច​ប៉ុន្មាន​ដែរ ពោល​គឺ​​ឆ្នាំ​នេះ​បាន​ផ្ដល់​ពន្លឺ​ភ្លើង​ខៀវ​​យ៉ាង​ច្បាស់​​​​ផង​ដែរ​ដល់​ អ្នក​ឥត​គូ​ស្វែង​រក​ម្ចាស់​បេះដូង​របស់​ខ្លួន។ ​អ្នក​មាន​អាយុ​ ២១ និង​៣៣ ល្អ​បំផុត​។ ចំណែក​​​អ្នក​មាន​គូ​ និង​រៀបការ​វិញ ចំណង​ស្នេហ៍​របស់​អ្នក​មាន​ភាព​ល្អ​ប្រសើរ​ជា​ធម្មតា។ ទោះបី​ជា​បែប​នេះ​ក្តី អ្នក​មិន​ត្រូវ​លេង​ស្នេហ៍ល្បែង​ត្រីកោណ​នោះ​ឡើយ​ បើ​មិន​ដូច្នេះ​ទេ ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់​។
 
ទោះ​យ៉ាង​ណា​លោក​​គ្រូ​ កុក​ ឡុង​ បាន​​​បញ្ជាក់​ថា​ ​ការ​ទស្សន៍ទាយ​​​​បញ្ហា​ស្នេហា​ និង​ជីវិត​គូ​​​កាន់​តែ​ច្បាស់​ក៏​ផ្អែក​​លើ​ ថ្ងៃ​កើត​ ម៉ោង​ និង​នាទី​ផង​ដែរ​។

 

អត្ថបទ៖មៃ សុខលីម