សុខឡេង មិត្ត​ដែល​ពូកែ​រក​រឿង​បំផុត


សុខឡេង មិត្ត​ដែល​ពូកែ​រក​រឿង​បំផុត

កាល​ខ្ញុំ​រៀន​ថ្នាក់​ទី ៤ នៃ​បឋមសិក្សា​មួយ​ក្នុង​រាជធានី​ភ្នំពេញ​​ ខ្ញុំ​មាន​មិត្ត​រួម​ថ្នាក់​ម្នាក់​ ឈ្មោះ​សុខ​ឡេង​ ខ្ញុំ​ហៅ​គេ​ថា អាឡេងៗ​ ឬ អាជើង​ជាប់​គ្នា ព្រោះ​ម្រាម​ដៃ​ម្រាម​ជើង​គេ​​ជាប់​គ្នា​គ្មាន​ចន្លោះ​ទេ ឯ​ម្រាម​ដៃ​​ស្ដាំ​របស់​គេ​ក៏​ជាប់​គ្នា​ដែរ​តាំង​ពី​កំណើត​មក​ម្ល៉េះ។  គេ​សរសេរ​អក្សរ​ដោយ​ប្រើ​ដៃ​ឆ្វេង​ ហើយ​អក្សរ​គេ​កំពូល​ស្អាត​ ត្រឹម​សក់​ត្រឹម​ក្បាល ខុស​ប្លែក​ពី​គេ គ្រូ​ណា​​ឃើញ​ក៏​សរសើរ​ដែរ។
 

ប៉ុន្តែ​កាល​នោះ​ខ្ញុំ​ស្អប់​គេ​ ខ្លាំង​ណាស់​ ព្រោះ​ថ្ងៃ​ណា​ក៏​គេ​រក​រឿង​ខ្ញុំ​ដែរ​​​ មួយ​ថ្ងៃ​បើ​មិន​បាន​ឈ្លោះ​គ្នា​មួយ​ដង​មិន​អស់​ចិត្ត។ វា​ចូល​ចិត្ត​ហៅ​ខ្ញុំ​តែ​ពាស​ថា ភ្នែក​មៀម​ ជួន​កាល​ក៏​​ហៅ​ខ្ញុំ មី​ក្ដាម។ ខ្ញុំ​ក៏​ហៅ​គេ​វិញ​ថា អា​ជើង​ជាប់​គ្នា តាម​រូប​រាង​របស់​គេ។
 

ឱ្យ​តែ​ពេល​ ខ្ញុំ​ធ្វើ​លំហាត់​បាន​ពិន្ទុ​តិច​ជាង​គេ​ដឹង​តែ មក​បញ្ឈឺ​ខ្ញុំ​ហើយ។ ជួន​ជា​ថ្ងៃ​នោះ​រៀន​មេរៀន​អំពី​រ៉ាប៉ាទ័រ អ្នកគ្រូ​ឱ្យ​ធ្វើ​លំហាត់ ក និង ខ។ ខ្ញុំ​ចេះ​ជ្រុល​ក៏​ធ្វើ​ដល់​លំហាត់​ គ រួច​យក​ទៅ​ដាក់​កែ។ អ្នក​គ្រូ​ញ៉ឹង​ស្លឹក​ត្រចៀក​ខ្ញុំ មិត្ត​រួម​ថ្នាក់​នាំ​គ្នា​សើច ជា​ពិសេស​សុខឡេង​ វា​ដឹង​តែ​ឌឺ​ដង​ខ្ញុំ​ហើយ « អូយ​ ខ្មាស​គេ​ណាស់​ ឈឺ​ហ្អេស? ឈឺ​ហ្អេស?» វា​តែង​បញ្ឈឺ​ខ្ញុំ​បែប​នេះ​រហូត​។ ខ្ញុំ​ជេរ​វា​មួយ​ម៉ាត់​ ទើប​វា​ស្ងាត់​មាត់។
 

ថ្ងៃ​មួយ​ ម៉ោង​សិក្សា​សង្គម​ ​ពួក​យើង​រៀន​មេរៀន​មួយ​ អំពី​សីលធម៌​ចំពោះ​ជន​ពិការ​ អ្នក​គ្រូ​និយាយ​ថា ជា​មនុស្ស​មិន​ត្រូវ​មើល​ងាយ​មនុស្ស​ទេ ជា​ពិសេស​ជន​ពិការ​ក៏​ចង់​បាន​ការ​រស់​​ថ្លៃ​ថ្នូរ​មួយ​ដូច​គេ ដូច​ឯង​ដែរ។ សុខឡេង​​ឮ​ហើយ​ក៏​ ចំតិត​គូទ​​ឱន​មក​មុខ ខ្សឹប​ដាក់​ខ្ញុំ ព្រោះ​ខ្ញុំ​អង្គុយ​តុ​មុខ​វា​ វា​អង្គុយ​តុ​ក្រោយ​ខ្ញុំ។ « ឃើញ​អត់! កុំ​មើល​ងាយ​ជន​ពិការ» វា​ខ្សឹប​ខ្ញុំ​អញ្ចឹង។ ខ្ញុំ​ក៏​ស្រែក​ដាក់​វា​វិញ «ហ្អែង​ មិន​មែន​ពិការ​ទេ​ ហ្អែង​ជើង​ជាប់​គ្នា!»។

 

សុខឡេង​ក៏​ឈប់​មាត់​ហើយ​ អង្គុយ​រៀន​ធម្មតា។ មួយ​ខែ​ ៣០ ថ្ងៃ​ មិន​ដែល​ថា​ថ្ងៃ​ណា​មិន​ឈ្លោះ​គ្នា​ទេ (លើក​លែង​តែ​ថ្ងៃ​ឈប់) ​ ខ្ញុំ​ធ្វើ​ស្អី​តិច​ វា​ប្ដឹង​អ្នក​គ្រូ​ទាំង​អស់ ហើយ​វា​ជា​មនុស្ស​កំពូល​យក​ចិត្ត​គ្រូ។

 

ថ្ងៃ​ព្រហស្បតិ៍​ ជា​វេន​ខ្ញុំ​សម្អាត​ថ្នាក់​ ខ្ញុំ​កំពុង​បោស​ប្រមូល​សំរាម​ក្នុង​ថ្នាក់​ ដើម្បី​កើប​​ដាក់​ក្នុង​ធុង​សំរាម។ សុខ​ឡេង​ដើរ​មក​ដល់​ហើយ​ឈូស​​សំរាម​ដើរ​ ខ្ចាត់​ខ្ចាយ ខ្ញុំ​សម្លក់​វា​ហើយ​ស្រែក​ «ដើរ​ខ្វាក់​ភ្នែក​​ទេ​ហ្អី?»។ វា​ក៏​តប​ថា «ភ្នែក​ប៉ិន​មៀម​ហើយ បោស​អត់​ចេះ​ឃើញ​​មនុស្ស​ដើរ​ទេ​អី?»។ ខ្ញុំ​ក៏​ស្រែក​ដាក់​វា​ទៀត «កុំ​រក​រឿង​អញ​មួយ​ថ្ងៃ​បាន​អត់?»។ វា​មិន​មាត់​ ហើយ​ដើរ​ចូល​ទៅ​តុ​វា​បាត់​ទៅ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​និង​គេ​ ក៏​​ឈប់​និយាយ​រក​គ្នា​។

 

 

សុខឡេង មិត្ត​ដែល​ពូកែ​រក​រឿង​បំផុត

 

 

មាន​អារម្មណ៍​ថា​​ស្រួល​ មិន​សូវ​ហត់​ គ្មាន​អ្នក​មក​រក​រឿង​​ដូច​រាល់​ដង​ទេ។ បី​អាទិត្យ​ក្រោយ​មក​ អ្នក​គ្រូ​សរសេរ​តាម​អាន ហើយ​ជិត​ដល់​ពេល​ប្រមូល ​វា​អត់​មាន​​បន្ទាត់​គូស​ ខ្ញុំ​ក៏​ហុច​បន្ទាត់​ខ្ញុំ​​ឱ្យ​វា​ប្រើ វា​​យក​ប្រើ​ហើយ​ក៏​ អរគុណ​ខ្ញុំ​ ខ្ញុំ​ក៏​មិន​មាត់​អី​ដែរ​ ធ្វើ​ដូច​ត្រឹម​ត្រូវ​រៀង​ខ្លួន។
 

ចប់​ឆ្នាំ​សិក្សា​ ចប់​ជម្លោះ​ខ្ញុំ​លែង​បាន​ឃើញ​គេ ទៀត​ ឮ​ថា​គេ​ដូរ​សាលា​ទៀត​ផង មក​ទល់​ពេល​នេះ​ខ្ញុំ​រៀន​ឆ្នាំ​ទី​ពីរ​ហើយ តែ​ខ្ញុំ​នៅ​តែ​ចាំ​​មុខ​គេ​ច្បាស់​ គេ​មាន​ធ្មេញ​ចំពើស​ មុខ​សម្បូរ​ប្រជ្រុយ សក់​បះៗ សម្បុរ​ស​ កាល​នៅ​រៀន​គេ​ចូល​ចិត្ត​​ពាក់​ អាវ​ស៊ី​សុវត្ថិ​តែ​អត់​រឹប​ចង្កេះ ខោ​ហោប៉ៅ​បួន​ជើង​ខ្លី​ពណ៌​ខៀវ ពាក់​ស្បែក​ជើង​​ក្រវាត់​កែង និង ជិះ​កង់​ស្ព័រ​ពណ៌​ក្រហម​លាយ​ខ្មៅ ខ្ញុំ​ចាំ​ទៀត​ថា​គេ​រស់​នៅ​ជា​មួយ​មីង​ពូ​របស់​គេ ពេល​មេឃ​ភ្លៀង​ដឹង​តែ​សុំ​អ្នក​គ្រូ​ទៅ​ផ្ទះ​ដើម្បី​សារ​ខោ​អាវ​ដែល​ហាល​ចោល ហើយ​គេ​ជា​ក្មេង​ល្អ​ចេះ​គោរព​ ចាស់​ទុំ ត្រូវ​រ៉ូវ​ជា​មួយ​មិត្តភ័ក្ដិ​គ្រប់​គ្នា​ លើក​លែង​តែ​ខ្ញុំ​ថ្ងៃ​ណា​ក៏​ឈ្លោះ​គ្នា​ដែរ។
 

ឥឡូវ​នេះ​ខ្ញុំ​ក៏​ចង់​ជួប​គេ​ឱ្យ​បាន​ម្ដង​ដែរ ចង់​ប្រាប់​គេ​ថា សុំ​ទោស​ដែល​ហៅ​គេ​ អាក្រក់​ៗ សុទ្ធ​តែ «​អា​ជើង​ជាប់​គ្នា!» មិន​មែន​មើល​ងាយ​ទេ​ តែ​ប្រហែល​ជា​ពេល​នោះ​ខ្ញុំ​នៅ​ក្មេង​ មិន​ទាន់​ដឹង​អី។ ហើយ​ចង់​ដឹង​ថា​គេ​ នៅ​ចាំ​ខ្ញុំ​ដែរ​ឬ​អត់​ហ្ន? ឥឡូវ​គេ​រៀន​នៅ​ណា? ធ្វើ​អី? តាម​ខ្ញុំ​គិត​គេ​មិន​អន់​ទេ ពេល​នេះ​ស្រួល​មិន​ស្រួល​កំពុង​រៀន​អាហារូបករណ៍​ណា​មួយ​នៅ​ស្រុក​គេ​ផង​ក៏​មិន​ដឹង ព្រោះ​គេ​រៀន​ពូកែ​ដែរ​ទាំង​អង់គ្លេស​ទាំង​ខ្មែរ។

 

 

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ​ សុខឡេង​គឺ​ជា​មិត្ត​ម្នាក់​ដែល​ពូកែ​រករឿង​​បំផុត​ក្នុង ប្រវត្តិសាស្ត្រ​របស់​ខ្ញុំ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា​គេ​នៅ​ចាំ​ នាង​ភ្នែក​មៀម ម្នាក់​នេះ។ បើ​ចាំ​ហើយ​ពេល​ ការ​កុំ​ភ្លេច​ហៅ​ខ្ញុំ​ផង៕
 

អត្ថបទ៖ សុជី​ភ្នែក​មៀម​​

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖

 

លេខ​ទូរសព្ទ៖ ​017 557 688
អ៊ីមែល៖ [email protected]
លេខ​ទូរសព្ទ៖ ​099 588 880
អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!