គ្រូ សំបូរ ល្បីល្បាញខាងទស្សន៍ទាយ និង ស្រោចទឹករំដោះគ្រោះ

Sanofi

​តាម​ការជួប​សម្ភាស​ដោ​យ​ផ្ទាល់​ជាមួយ​ប្រពន្ធ​របស់លោក​គ្រូដែលមាន​ឈ្មោះ ម៉ុម យ៉ា បានឱ្យដឹងថា សព្វថ្ងៃនេះ​គាត់​រស់នៅ​ក្នុងភូមិព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តាហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។ ប្តី​របស់គាត់​ដែល​ធ្វើជា​គ្រូ​នេះ​មានឈ្មោះ សំបូរ សព្វថ្ងៃ​គាត់​ធ្វើអាចារ្យនៅក្នុង​វត្ត​ត្រពាំង​ព្រលិត ។ បងស្រី យ៉ា បាន​បញ្ជាក់ថា ប្តី​របស់​គាត់មិនមែនទើបតែ​ល្បី​នៅពេលនេះ​ទេ ប្តី​របស់គាត់​ត្រូវបាន​ប្រជាជន​នៅក្នុង​ភូមិ​ស្រុកស្គាល់​តាំងពី​យូរយារ​ណាស់​មកហើយ ពោលគឺ​តាំងពី​គាត់​មិនទាន់​សឹក​មកម្លេះ ។

មិន​តែប៉ុណ្ណោះ ​ក្រៅពី​បួស​រៀនសិក្សា​ពី​ព្រះធម៌​ហើយ​នោះ គាត់​ក៏បាន​រៀន​ក្បួន​ហោរាទស្សន៍ទាយ​មើល​ពី​រាសី ចេះ​ទាំងរំ​ដោះ​គ្រោះកាច​ចង្រៃ​បាន​យ៉ាង​ស័ក្តិ​សិទ្ធិផងដែរ ។ ក្រៅពីនេះ​គាត់​ក៏​ធ្លាប់​ធ្វើជា​អាចារ្យវត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ផងដែរ ។ ហេតុ​ដូច្នេះ​ហើយទើប​ធ្វើ​ឱ្យគេ​ស្គាល់​គាត់​ច្រើន​រហូតដល់​សព្វថ្ងៃនេះ បើទោះបីជាគាត់​បាន​លាចាក​សិក្ខាបទ​មកជា​គ្រហស្ថហើយ​យ៉ាងណាក្តី ក៏​ប្រជាពុទ្ធបរិស័ទ​ដែល​បាន​ស្គាល់ និង រាប់អាន​គាត់​នៅតែ​តាម​មក​ពឹងពាក់​គាត់​ដដែល ។


បុរស​ម្នាក់​មាន​សម្បុរ​ខ្មៅ​បន្តិច រាង​ស្គម​ល្អិត ស្ថិតក្នុង​វ័យ​កណ្តាល  គាត់​គឺជាលោកគ្រូសំបូរ ដែល​កំពុង​មានការ​ម​មា​ញឹក​ក្នុង​កិច្ចការ​បែប​អប្បិយ​ជំនឿ​ ។ រាល់ថ្ងៃគាត់​ស្ទើរតែ​ពុំមាន​ពេលសម្រាក​ឡើយ នៅក្នុង​ផ្ទះ​របស់ គាត់មាន​មនុស្សម្នាចេញចូល​ជា​ហូរហែមិនសូវ​ដាច់​​ ។ អ្នក​ដែល​មករក​លោកគ្រូ​ទាំង​នោះ​មានតាំងពី​មន្ត្រី​តូចធំ ប៉ូលិស ទាហាន រហូតដល់​រាស្ត្រសាមញ្ញ ។ លើសពីនេះទៅទៀត​អ្នក​ដែល​មករក​លោកគ្រូ​ទាំងនោះ​មិនមែន​សុទ្ធតែជា​អ្នក​ក្នុង​ខេត្តកំពង់ធំ​នោះទេ តែអ្នកខ្លះ​មកពី​ទីក្រុង​ភ្នំពេញ កំពង់ចាម សៀមរាប បន្ទាយមានជ័យ និង ព្រះវិហារជាដើម ។ អ្នកខ្លះ​ស្កាត់​ពី​ចម្ងាយ​​ដើម្បី​មក​ឲ្យ​លោកគ្រូ​ជួយ​ដោះ​អំពើ​ផ្លូវ​ងងឹតរបស់គេ ។

អ្នក​ខ្លះទៀតមកឱ្យ​គាត់​ជួយ​ចារ​យ័ន្ត្រ ធ្វើ​ខ្សែ​គាថា ហើយ​សម្រាប់​អ្នក​ដែលមាន​ខ្សែ​គាថា​ក៏​ឧស្សាហ៍​យកមក​ឱ្យ​គាត់​ដាស់​គាថា​នោះ​ផងដែរ ដើម្បីឱ្យ​គាថា​នោះ​មាន​ឫទ្ធី​បារមី​កាន់តែខ្លាំង​ឡើងៗ ក្នុង​ការជួយ​ឱ្យ​ការរកស៊ី​របស់​ពួកគេ​សមប្រកបក្នុង​ការងារ​ជំនួញ​ផ្សេងៗ ។ ​​នៅពេល​ទស្សន៍ទាយ​ពី​រាសីមាន​ភ្ញៀវ​ខ្លះ​ត្រូវបាន​គ្រូទាយ​មើលទៅ​ឃើញ​ថា រាសី​ដាក់ខ្លាំង​អាច​នឹងមាន​គ្រោះកាច ឬ គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយ​ប្រការ​ណាមួយ ។ កាលបើ​មើលទៅ​ឃើញ​ដូច្នេះហើយ​គាត់​ត្រូវ​រៀបចំ​ពិធី​ស្រោច​ទឹក​រំដោះគ្រោះ​ចង្រៃភ្លាមៗ​តែម្តង ។ បើសិនជា​អ្នក​ដែលមាន​រាសី​ស្រុតចុះ​ខ្លាំង​មែនទែន​​គាត់ត្រូវតែរៀបចំ​ពិធី​កាត់​គ្រោះ​តែម្តង ដើម្បី​ស្រោចស្រង់​អាយុជីវិត។

ទាក់ទង​នឹង​ពិធីកាត់​គ្រោះ​នេះដែរ លោកគ្រូ សំបូរ បាន​បញ្ជាក់ថា ពិធី​ទាំងនេះគេ​មិនមែន​ចេះតែធ្វើនោះទេ ​ពោលគឺ​គេ​មាន​ក្បួនខ្នាត​​ត្រឹមត្រូវ​ច្បាស់លាស់​ណាស់ ​បើ​យើងមិនចេះ​រៀបចំ​ក្បួន​ទាំងនោះ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ យើង​ក៏​មិនអាច​ធ្វើ​ពិធី​នោះ​ឱ្យបានទទួលជោគជ័យ​ដែរ ។ កាលបើ​ធ្វើ​មិន​បានទទួល​ជោគជ័យ​នោះ​មានន័យថា គ្រោះ​នោះ​ទៀតសោត​ក៏​មិនអាច​បញ្ចៀស​បានដែរ ។ ដូច្នេះ​នាំឱ្យ​ខាត​តែ​ពេលវេលាប្រាក់កាស ​របស់​អ្នកជំងឺ​ឥតប្រយោជន៍ ។​ លោកគ្រូ​បាន​បន្ថែមទៀតថា សព្វថ្ងៃនេះមាន​គ្រូ​ច្រើនណាស់ដែល​ប្រព្រឹត្ត​មិនល្អ របៀបក្លែងក្លាយ បោកប្រាស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ។

ក្រៅពី​ចេះទស្សន៍ទាយ គាត់ក៏ចេះ​ក្បួន ចេះ​រៀបចំ​ពិធីបុណ្យ​ ធ្វើ​កិច្ច​ផ្សេងៗបាន ច្បាស់លាស់​ផងដែរ  ពោលគឺ​តាំងពី​កាល​នៅ​ជា​ព្រះសង្ឃ​មកម្ល៉េះ ។ ដូច្នេះ​ពេល​រៀបចំ​ពិធី​ទាំងនោះ​ហើយ គឺឧបទ្រពចង្រៃ​ក៏​វិនាស​ទៅតាម​ហ្នឹង​ដែរ ពោល​គឺអាច​បញ្ចៀស​ចេញពី​គ្រោះ​ដែលបៀតបៀន​ដល់​អាយុជីវិត​អ្នក​ដែលមាន​គ្រោះ​ទាំងនោះ​ ។​ មួយវិញទៀត ចំពោះ​ការ​ដោះ​អំពើអំពាន់​បែប​ផ្លូវ​ងងឹត គាត់​បាន​ប្រាប់ថា គាត់​ប្រើ​វិធី​ពីរគឺ​ទាំង​កាច និង​ ស្លូត ។ មុនដំបូង​គាត់​ប្រើ​វិធី​ចរចា (​ស្លូត​) វិធី​ផ្លូវ​ងងឹត ជួប​ជាមួយ​ខ្មោច ឬ អ្នក​ដែល​ដាក់​អំពើ​នោះ ។ ពេលខ្លះ​ខ្មោចព្រាយជា​អ្នក​ធ្វើឱ្យ​មនុស្ស​ឈឺ ដោយសារតែ​មិន​ពេញចិត្ត​នឹង​រឿង​អ្វីមួយ ឬក៏ចង់បាន​របស់​អ្វីមួយ ។


ក្រោយពី​ចរចា បើ​ត្រូវ​គ្នា​ ដូច​ខ្មោច​ចង់​បានជា​បុណ្យ​កុសល​ លោកគ្រូ​ក៏​ប្រាប់​ឱ្យ​សាច់ញាតិ​អ្នកជំងឺ​រៀបចំ​នំចំណី​មួយ​ស្ពក មាន​ទៀន ធូប ផ្កា​ភ្ញីជាដើម យកទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​ណាមួយ​ ហើយ​ឧទ្ទិស​កុសល​ឱ្យទៅ​ខ្មោច​ដែល​ចង់បាន​នោះ ។ ការរៀបចំ​នំចំណី​នេះគឺជា​ថ្នូរ​នឹង​ការដោះលែង ឬ លែង​បៀតបៀន​អ្នកជំងឺ ពោលគឺ​ត្រូវឱ្យ​អ្នកជំងឺ​នោះបាន​ជាសះស្បើយ​ជាធម្មតា​វិញ ។ បើសិនជា​ខ្មោច​នៅតែ​រឹងទទឹង លោក​នឹង​ប្រើ​ធម៌​ក្តៅ (​វិធី​កាច​) កម្ចាត់​ចេញ​តែម្តង ដើម្បីសង្គ្រោះជីវិត​អ្នកជំងឺ ។​


ទាក់ទង​នឹង​លោកគ្រូ​ដែល​​ល្បី​ថា ពូកែ​ខាង​ទស្សន៍ទាយ​នេះ​​អ្នកស្រុក​មួយចំនួន​នៅក្នុងភូមិ​ជាមួយ​លោកគ្រូ​បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​របស់​យើង​ថា អ្នកស្រុកនៅទីនេះ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ជាមួយ​លោកគ្រូ សំបូរ នេះឡើយ ។ អ្នក​ដែល​មករក​គាត់​ភាគច្រើន​ជា​អ្នក​មកពី​ចម្ងាយ និង អ្នក​នៅក្បែរៗ​ស្រុកភូមិ​នេះ​ខ្លះ​ដែរ ៕ ភោគ  តុលា


 

Related