អាហារ​បង្កើន​សាច់ដុំ​ដែល​បុរស​គួរ​ទទួល​ទាន​

អាហារ​បង្កើន​សាច់ដុំ​ដែល​បុរស​គួរ​ទទួល​ទាន​

​ការបង្កើត​សាច់ដុំ​ពោះ និង​ធ្វើអោយ​សាច់ដុំ​រឹង​ល្អ​បានចាប់ផ្តើម​មុនពេល​ដែល​អ្នក​ទៅ​ហាត់ប្រាណ​ក្នុង​ក្លិប​ទៅទៀត​។ ការលូតលាស់​របស់​សាច់ដុំ​ទាមទារ​អោយ​មាន​រូបមន្ត​គ្រឹះ​មួយ នោះ​គឺ​ការ​ទទួលទាន​ទឹក​អោយបាន​ច្រើន និង​ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ផ្តល់​ថាមពល​បាន​ត្រឹមត្រូវ បូករួម​នឹង​ការលើក​ទម្ងន់​សមស្រប​ផងដែរ​។ ការប្រើប្រាស់​រូបមន្ត​ត្រឹមត្រូវ​នឹង​ជួយ​ផ្តល់​ជា​ល្បឿន​ដល់​ការ​ហាត់ប្រាណ​, ជួសជុល​ជាលិការ​សាច់ដុំ និង​ធ្វើអោយ​រាងកាយ​មាន​ភាពរឹងមាំ​។

​ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​ជំនួយ​ដល់​ការបង្កើត​សាច់ដុំ​របស់​អ្នក​៖

  1. ​បន្លែ និង​ផ្លែឈើ គឺជា​មូលដ្ឋាន​របប​អាហារ​ដ៏​មាន​សុខភាព​បំផុត ព្រោះ​វា​នឹង​ផ្តល់អោយ​អ្នក​នូវ​ជាតិ​សរសៃ​, វីតាមីន​, ជាតិ​រ៉ែ និង​ទឹក​។ បន្លែ​ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​តូចៗ​ជាច្រើន​។
  2. ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ជួយ​ផ្តល់​នូវ​ជាតិ​ប្រូតេអ៊ីន​ដែល​មាន​គុណភាព​ខ្ពស់​, កាបូ​អ៊ី​ដ្រាត និង​វីតាមីន​សំខាន់ៗ​ដូចជា វីតាមីន D, ប៉ូ​តា​ស្យូម និង​កាលស្យូម​។ អ្នកឯកទេស​ខាង​អាហារូបត្ថម្ភ​កីឡា Christine Rosenbloom, PhD, RD និង Nacy Clark, RD បាន​ណែនាំ​ថា ទឹកដោះគោ​សូកូឡា​ក៏​ជា​ភេសជ្ជៈ​ដ៏​ល្អ​ក្រោយពី​ហាត់ប្រាណ​បង្កើន​សាច់ដុំ​រួច​ដែរ​។ បើសិន​ជា​អ្នក​មាន​បញ្ហា​ទទួលទាន​សារធាតុ Lactose  អ្នក​គួរតែ​ទទួលទាន​ទឹកដោះគោ​យ៉ា​អួ​វិញ​។
  3. ​សាច់​គ្មាន​ខ្លាញ់ គឺជា​ប្រភព​នៃ​ជាតិ​ប្រូតេអ៊ីន​, ជាតិ​ដែក និង​អាស៊ីតអាមីណេ​ដ៏​អស្ចារ្យ​។ ជាតិ​ដែក​គឺ​ប្រើ​សម្រាប់​ដឹកនាំ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​សាច់ដុំ​។ និយាយ​រួម​គឺ​សារធាតុ​ទាំងបី​នេះ​ជា​អ្នក​ជម្រុញ​អោយ​លូតលាស់​សាច់ដុំ​តែម្តង​។​
  4. ​សាច់​មាន់​ខ្មៅ ផ្តល់​ជាតិ​ដែក​ច្រើនជាង​សាច់​មាន់​ស ២៥​ភាគរយ និង​ជាតិ​ស័ង្គសី​រហូត​ដល់​ឯណោះ ដើម្បី​អោយ​ប្រព័ន្ធ​ភាពស៊ាំ​មាន​សុខភាព​ល្អ​។
  5. ​ស៊ុត ផ្ទុក​សារធាតុ​អាស៊ីតអាមីណេ​សំខាន់ៗ​ទាំងអស់​តែ​ម្តង​។ ក្នុង​មួយ​ថ្ងៃ​ទទួលទាន​ស៊ុត​មួយ​គ្រាប់​គឺ​គ្មាន​អ្វី​ជា​បញ្ហា​ទេ ប៉ុន្តែ​មិន​ត្រូវ​ចោល​ស៊ុត​ពណ៌​ស​ឡើយ ព្រោះ​ពាក់កណ្តាល​នៃ​ជាតិ​ប្រូតេអ៊ីន​គឺ​ស្ថិក្នុង​ស៊ុត​ពណ៌​ស​នេះ​ឯង ហើយ​វា​ក្នុងនោះ​មាន​សារធាតុ Lutein ដែល​ជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​តម្រូវការ​សុខភាព​ភ្នែក​។
  6. ​សណ្តែកដី ទាំង​ឆៅ​, លី​ង និង​មិន​ដាក់​អំបិល​សុទ្ធតែជា​ប្រភព​ប្រតេអ៊ីន​ដ៏​ល្អ​ទាំងអស់​។ ក្រៅពី​នេះ​សណ្តែកដី​ក៏​ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​, អង់​ទី​អុក​ស៊ីដង់​, ជាតិ​សរសៃ និង​ខ្លាញ់​ដែល​ផ្តល់​សុខភាព​។
  7. ​សណ្តែក និង​គ្រាប់​ធញ្ញជាតិ​គឺជា​អាហារ​ដែល​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ដ​ដ៏​ល្អ ហើយក៏​មាន​ប្រូតេអ៊ីន​មួយចំនួន​តូច​សម្រាប់​បង្កើន​ថាមពល និង​ជួសជុល​សាច់ដុំ​ផងដែរ​។ ជាតិ​សរសៃ​, វីតាមីន និង​អង់​ទី​អុក​ស៊ីដង់​សុទ្ធតែ​មាន​ក្នុង​អាហារ​ប្រភេទ​នេះ​។

ការ​កំណត់​ពេលវេលា​គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ការបង្កើត​សាច់ដុំ ព្រោះ​អ្នកត្រូវការ​ជាតិ​កាបូ​អ៊ី​ដ្រាត និង​ប្រូតេអ៊ីន​ដើម្បី​ហាត់​បង្កើន​កម្លាំង​សាច់ដុំ ហើយ​ក៏​ជួយ​អោយ​សាច់ដុំ​ឆាប់​វិល​មក​រក​សភាព​ធម្មតា​វិញ​ដែរ​។ គម្រោង​ដ៏​ល្អ​បំផុត​សម្រាប់​រឿងនេះ​គឺ​ការ​ញ៉ាំ​របប​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ទាំងពីរ​នេះ និង​ជាតិ​ខ្លាញ់​ដែល​ផ្តល់​សុខភាព​មួយចំនួន​តូច​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។