​​អភិបាលខេត្ត​កំពង់ឆ្នាំង​ចុះ​ពិនិត្យ​​​​ការ​បំលាស់ទីតាំង​ថ្មី​របស់​ផ្ទះ​បណ្តែត​ទឹក​នៅ​ទន្លេ​ផ្សារ​ក្រោម​​

ខេត្តកំពង់ឆ្នាំង ​៖ លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ​តុលា ​​២០១៥ បាន​ចុះ​ពិនិត្យ​មើល​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ​ផ្សារ​ក្រោមនៅ​ក្នុង​ថ្ងៃ​បញ្ចប់​ឱ​សាន​វាទ​ថ្ងៃ​ទី​២៥ ​តុលា នៃ​ផែនការ​បំលាស់​​ទីតាំង​ថ្មី​របស់​ផ្ទះ​បណ្តែត​ទឹក និងបាន​ដាក់​ផែនការ​​​មួយ​ចំនួន​បន្ថែម​ទៀត​រៀបចំ​ច្រាំង​ទន្លេពី​ចំណុចដើម​ពោធិ៍ដល់​ថ្នល់​ដាច់ ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ឱ្យមានសោ​ភ័​ណភាព​ក្លាយទៅជា​តំបន់​ទេសចរណ៍​។

នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នេះ លោក​អភិបាលខេត្ត និង​ក្រុមការងារ​ចំរុះ​ខេត្ត​បាន​ជិះ​កាណូតពិនិត្យ​មើលស្ថានភាព​ផ្ទះ​បណ្តែត​ទឹក​ដែល​នៅ​សេសសល់​នៅ​តាម​ច្រាំង​ទន្លេ​ពី​ចុង​ភូមិ​កណ្តាលដល់​ចុងភូមិ​ចុង​កោះ​។ បន្ទាប់​មក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្តបាន​បើក​ការប្រជុំ​មួយជាមួយក្រុមការងារ​ចំរុះ​ខេត្តដែល​មាន​លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ចំរុះ​ខេត្ត រួម​ជាមួយ​ប្រធាន​មន្ទីរ​អង្គភាព​ពាក់​ព​ន្ធ័​មួយ​ចំនួន​ទៀត​ដើម្បី​ជំរុញ​ផែនការ​បំលាស់ទីតាំង​ផ្ទះទឹក​ថ្មី​ឱ្យទទួល​បាន​ជោគជ័យ​តាម​ផែនការកំណ​ត់ និង​បាន​ដាក់​ផែនការ​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្ត​បន្ត ដូច​ជាឱ្យ​គណៈកម្មការ​ចំរុះ​ខេត្ត ត្រូវធ្វើ​កា​ណែនាំ​អប់រំដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះបណ្តែតទឹក​ចំនួន១២​ខ្នង​ដែល​នៅ​សល់​ក្នុងភូមិ​កណ្តាល ត្រូវ​តែ​ធ្វើការ​អូស​ផ្ទះ​ទៅ​កាន់​ទីតាំង​ថ្មី​ចុង​ភូមិ​ចុង​កោះ ព្រោះឱ​សាន​វាទ​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​ទី​២៥ ​តុលា​នេះ​ហើយ​។

ចំណែក​ម្ចាស់រោង​លក់​ឈើ​ចំនួន​២២​រោង នៅ​តាម​ច្រាំង​ទន្លេ​ជាប់​កំពង់​ផែ​កាណូត​ដ ត្រូវ​កាត់​ដំបូល​រោង​ឈើ​របស់​ខ្លួន​ឱ្យអស់​នៅ​ត្រឹម​ថ្ងៃ​ទី​១០ ​វិច្ឆកា ហើយ​នៅ​ពេល​មន្ទីរ​សាធារណការ​ខេត្ត​ធ្វើ​ផ្លូវ​តាម​មាត់ទន្លេ​ក្នុងភូមិ​ចុង​កោះ​រួច គឺ​តម្រូវ​ឱ្យម្ចាស់​រោង​ឈើ​ទាំង​អស់នោះទៅ​រក​ទីតាំង​ថ្មី​លក់ដូរ​ឈើ​នៅ​ចុង​ភូមិ​ចុង​កោះ​វិញ​។

ដោយឡែក​តូប​លក់ដូរអី​វ៉ា​ន់ ​និង​ម្ហូបចំណី​ចំនួន​២៣​តូប នៅ​ជុំវិញ​ស្ថានីយ​ប្រេង និង​រោង​លក់កសិផលរបស់ប្រជាពលរដ្ឋមក​ពី​ចំការដែល​ធ្លាប់​ធ្វើ​នៅ​មាត់ទន្លេ​ពេល​ទឹក​ស្រកត្រូវ​រៀបចំ​ឱ្យ​ពួក​គាត់​ទៅ​លក់ដូរ​នៅ​ខាងជើងកំពង់​ផែ​យឿ​ត្រី​វិញ ចំពោះ​កំពង់​ផែ​កាណូត​ដរ និង​ផែ​យឿ​ត្រី នៅ​ពេល​ខេត្ត​ធ្វើ​ផ្លូវ​ថ្មី​រួច​ក៏​ត្រូវ​ផ្លាស់ប្តូរទីតាំង​ទៅ​នៅ​ចុង​ភូមិ​ចុង​កោះ​ទាំងអស់​វិញ​ដែរ​។​

របាំង​សាច់​អួន​ដាក់​លប​ចាប់​ត្រី​ដែល​មាននៅ​តាម​មាត់ទន្លេ​ក្នុ​ភូមិ​ចុង​កោះ ខ​ណ្ឌ​រដ្ឋបាល​ជលផល​ត្រូវ​ណែនាំ​អោយ​ប្រជាពលរដ្ឋ​រើរុះ​ចេញ​ដើម្បី​ឱ្យមានសោភ​ណ័ភាព​មាត់ទន្លេ​។ កន្លែង​បូមទឹក​របស់​រដ្ឋាករទឹក​ខេត្ត​ចំណុច​មុខ​ដើម​ពោធ៍ និង​ទីតាំង​គ្រឿងចក្រ​នៅ​ចំណុច​កំពង់​ផែ​កាណូត​ដរ​ត្រូវ​កែ​លំអ​​លាបថ្នាំ​ឱ្យ​ស្អាត ដើម្បី​ស្វាគមន៍​ការ​រៀបចំ​ពិធី​ជូនដំណើរ​កីឡាករ​អុំទូក​របស់​ខេត្ត​នៅ​ថ្ងៃ​ទី​២២ ​វិច្ឆិកា ទៅ​ចូលរួម​ពី​ធី​ប្រណាំងទូក​នៅ​ទីក្រុង​ភ្នំពេញ​។

​លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​គណៈកម្មការ​ចំរុះ​ខេត្ត ក៏​បានឱ្យដឹងដែរ​ថា  ចំពោះ​ផ្ទះ​បណ្តែត​ទឹក​សរុប​ចំនួន​១.៤៨៦​ខ្នង​ផ្ទះ មក​ដល់​ថ្ងៃ​ទី​២៥ ​តុលា​នេះ បាន​​ផ្លាស់​មក​ទីតាំង​ថ្មី​បាន​ចំនួន​៩៩​ភាគរយ​ហើយ  ចំណែក​នៅ​សល់​ចំនួន​១២​ខ្នង​ផ្ទះ​បាន​ធ្វើកិច្ចសន្យា​សុំ​ជួសជុល​ផ្ទះ​ដែល​ទ្រុឌទ្រោម​ឱ្យ​បាន​រឹង​មាំ​សិន នៅ​ថ្ងៃ​ទី​២៧ ​តុលា​នេះ​ពួក​គាត់​នឹង​អូស​ចេញទៅ​ទីតាំងថ្មីហើយ​៕