ក្រុម​ Kurds បញ្ចេញ​វីដេអូ​នៃ​ការ​រំដោះ​អ្នក​ទោសនៅ​​អ៊ីរ៉ាក់​

ក្រុម​ Kurds បញ្ចេញ​វីដេអូ​នៃ​ការ​រំដោះ​អ្នក​ទោសនៅ​​អ៊ីរ៉ាក់​

រូប​ភាព​នៃ​វីដេអូ​ដែល​ថត​តាម​រយៈ​ម៉ាស៊ីន​ថត​បំពាក់​នៅ​លើ​មួក បាន​បង្ហាញ​ពី​ក្រុម​ទាហាន​អាមេរិក​និង​កង​កម្លាំង​ពិសេស​អ៊ីរ៉ាក់​បាន​រំដោះ​ចំណាប់​ខ្មាំង​ចេញ​ពី​គុក​មួយ​ គ្រប់​គ្រង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ នៅ​ក្នុង​ទីក្រុង​ Huwija ចម្ងាយ​១៥​គីឡូម៉ែត្រ​ ភាគ​ខាង​លិច​នៃ​ទីក្រុង​ Kirkuk ប្រទេ​ស​អ៊ីរ៉ាក់​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​តុលា ឆ្នាំ​២០១៥។​

វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​តាម​តាម​ប្រព័ន្ធ​អ៊ីនធើណិត​កាល​ពី​ថ្ងៃអាទិត្យ​បង្ហាញ​ឱ្យ​ឃើញ​ការវាយ​ឆ្មក់​រួម​គ្នា​រវាង​ក្រុម​ទាហាន​ស.រ.អា.និង​ក្រុម​ peshmerga ទៅ​លើ​គុក​មួយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​សប្តាហ៍​មុន​ ដែល​បាន​រំដោះ​ចំណាប់​ខ្មាំង​៦៩​នាក់។

នៅ​ក្នុង​វីដេអូ​មាន​រយៈពេល​ពីរ​នាទី​ ដែល​ត្រូវ​បាន​ថត​ពី​ម៉ាស៊ីន​ថត​ដាក់​ភ្ជាប់​នៅ​លើ​មួក​មួយ​ និងត្រូវ​បានផ្សព្វផ្សាយ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​តំបន់​ Kurdistan ហៅ​កាត់​ថា​ KRSC គេ​ឃើញ​ក្រុម​កុម្ម៉ង់ដូ​ពាក់​ឯកសណ្ឋាន​មួយ​ចំនួន​ដឹកនាំ​ក្រុម​បុរស​មួយ​ក្រុម​យ៉ាង​លឿន​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ទៀត​នៅ​ពេល​មាន​ការបាញ់​កាំភ្លើង​ឥត​ឈប់​នៅ​ជិត​ទី​នោះ។​

គេ​បាន​ឮ​បុរស​មា្នក់​ស្រែក​ជា​ច្រើន​ដង​ជា​ភាសា​អារ៉ាប់​ថា​ «លឿនឡើង!» នៅ​ពេល​ដែល​ក្រុម​ទាហាន​បាន​នាំ​អ្នក​ទោស​រាប់​សិប​នាក់​ទៅ​កាន់​ទី​សុវត្ថិភាព​នៅ​ក្នុង​អគារ​មាន​កំផែង​ព័ទ្ធ​ជុំវិញ​នោះ។

វីដេអូនៃប្រតិបត្តិការ​រំដោះ​អ្នក​ទោស​ដោយ​ក្រុម​ទាហាន​ស.រ.អា.និង​ក្រុម​ peshmerga​

ក្រុម​សមាជិក​នៃ​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ចំណាប់​ខ្មាំង​ដែល​ត្រូវ​បាន​រំដោះ​ពី​គុក​នៅ​ Hawijah ខាង​លិច​ក្រុង​
ក្រុម​ប្រឹក្សា​ KRSC បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​២០​នាក់​ទៀត​បាន​បាត់បង់​ជីវិត​ក្នុង​ប្រតិបត្តិការ​នោះ។

ទាហាន​ស.រ.អា.ម្នាក់​គឺ​លោក​ពលបាល​ Joshua L. Wheeler បាន​ស្លាប់​នៅ​ក្នុង​ការវាយ​ឆ្មក់​នោះ​ ហើយ​លោក​ជា​ទាហាន​អាមេរិកាំង​ទី​មួយ​ ដែល​បាន​បូជា​ជីវិត​នៅ​នឹង​កន្លែង​ ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​ដឹកនាំ​ដោយ​ស.រ.អា.​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី៕