បឹងកេត ជួបការខកចិត្ត តែ ក្រោន លត់ខេមបូឌានថាយហ្គឺរ ៤-១

ក្រុមបឹងកេតអង្គរ កំពុង​តែ​ប្រឈម​ទៅ​នឹង​ការ​បាត់​បង់​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៥ ខណៈ​ពួក​គេ​បានចាញ់​ក្រុម​ណាហ្គាវើល ៣-១ ក្នុង​ការ​ប្រកួត​ជើង​ទី​១វគ្គ​ខ្វែង​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ក្រុម​ភ្នំពេញ​ក្រោន បាន​លត់​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ៤-១ កាល​ពី​យប់​ថ្ងៃ​នោះ​ដែរ ដើម្បី​មាន​ឱកាស​កាន់​តែ​ច្រើន​ឡើង​ទៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ។

ការ​ចាញ់​ក្រុម​ណាហ្គាវើល លើក​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​បឹង​កេត ដែលមាន​ភារកិច្ច​មួយ​ទៀតត្រូវ​បំពេញ​ គឺ​ការ​​ចូល​រួម​ការប្រកួតវគ្គជម្រុះពាន Toyota Mekong Club Championship 2015 នៅ​ដើម​ខែ​វិច្ឆិកា តំណាងឲ្យកម្ពុជា​នោះ​ កាន់​តែ​មាន​សម្ពាធ​ខ្លាំង ខណៈ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា មិនព្រមលើក​ពេល​ការ​ប្រកួត​វគ្គ​ខ្វែង​នេះ តាម​សំណើរ​របស់​ក្លិប​បឹង​កេត​នោះ។
1
ការ​ធ្វើ​បែប​ព្រងើយ​កន្តើយ​​របស់​សហព័ន្ធ​នេះ​បាន​ធ្វើ​ឲ្យ​លោក បែ មករា អ្នក​ចាត់​ការទូទៅ​ក្រុម​បឹង​កេតអង្គរ មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង។ លោក​បាន​និយាយ​ក្រោយ​បឹង​កេត ចាញ់​ណាហ្គាវើល ថា៖​«ណាហ្គាវើល បាន​ត្រៀម​ខ្លួន​ល្អ ព្រោះ​ការ​ជួប​ក្រុម​ស្វាយ​រៀង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​នេះ​បាន​ដាក់​ជម្រើស​ទី​២​ឲ្យ​ចូល​លេង​ច្រើន ដើម្បី​ទុក​ពេល​ឲ្យកីឡាករ​ជម្រើស​ទី​១បាន​សម្រាក ត្រៀម​ការ​ប្រកួត​ខ្វែង​នេះ។ ផ្ទុយ​ទៅ​វិញ​​ក្រុម​បឹង​កេត បាន​ប្រកួត​ដណ្តើម​​យក​លេខ​១​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន យ៉ាង​លំបាក ដែល​ធ្វើ​ឲ្យ​កីឡាករ​ល្អៗ​របស់​យើង​​បាក់​កម្លាំង និង​អ្នក​ខ្លះ​មាន​របួស​ផងដែរ ហើយ​ការ​ចាញ់​ណាហ្គាវើល នៅ​ថ្ងៃ​នេះ​ ក៏​​ដោយ​សារ​​ការ​ប្រមូលអារម្មណ៍​មិន​បាន​ល្អ និង​បញ្ហា​របួស​កីឡា​ករ​នេះ​ដែរ»។

លោក​បាន​បញ្ជាក់​ថា៖​«បើ​សិនជា​សហព័ន្ធ មិន​ព្រម​លើក​ពេល​ការ​ប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម​ណាហ្គាវើល តាម​សំណើរ​របស់​ក្លិប ដែល​បាន​ដាក់​ជូន​តាំង​ពី​ថ្ងៃ​សុក្រ​នោះ ខ្ញុំ​គិត​ថា ​ការ​ចេញ​ទៅ​ប្រកួត​ពាន Toyota Mekong តំណាង​ឲ្យ​កម្ពុជា នា​ថ្ងៃ​ទី​១ ខែវិច្ឆិកា ខាង​មុខ​នេះ បឹង​កេត អាច​នឹង​ទទួល​បាន​លទ្ធ​ផល​អាក្រក់​ជាង​ការ​ចាញ់​ណាហ្គាវើល លើក​នេះ​ទៅ​ទៀត ព្រោះ​យើង​មិន​អាច​ត្រៀម​ខ្លួនបាន​ល្អ ជាមួយ​ការប្រកួត​​ជាប់ៗ​គ្នា​បែប​នេះ​​នោះ​ទេ»។
2
សម្រាប់​ការ​ប្រកួត​នៅ​ស្តាត​ចាស់ កាល​ពី​ម្សិល​មិញ​នោះ ក្រុម​ណាហ្គាវើល បានប្រើពេល​ត្រឹម​៤៥​នាទី ក្នុង​តង់ទី​១ ដើម្បី​យក​ឈ្នះ​លើ​ក្រុម​បឹង​កេត ៣-១ លើក​នេះ ដោយគ្រាប់បាល់ទី១របស់បានដោយខ្សែប្រយុទ្ធ Barry នៅនាទីទី១៣ ប្រាក់ ចាន់រតនា នាទីទី៣៥ និង​​គ្រាប់​បាល់​ទី​៣​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ ឃឹម បូរី នៅនាទីទី៤០ រីឯ​១គ្រាប់របស់បឹងកេត រកបានដោយខ្សែប្រយុទ្ធ Esoh Paul Omaogba នៅនាទីទី៥០។

ប៉ុន្តែ​​ក្រុម​ភ្នំពេញក្រោន ​បាន​ប្រើ​កីឡដ្ឋាន​RSN របស់​ខ្លួន ដើម្បី​យក​ឈ្នះ​លើ​​ក្រុម​ខេមបូឌានថាយហ្គឺរ ៤-១។ ​កីឡាករធ្លាប់លេងក្នុងឈុតយុវជន សូ ដាវីដ ដែលទើបដាក់ឲ្យចូលលេងក្នុងឈុតធំ ​ជា​អ្នក​គ្រាប់​បាល់​បើក​ឆាក​ឲ្យ​ភ្នំពេញ​​ក្រោន នៅនាទីទី៣៣ មុនពេល Privat ​វាយ​បក​បាន​១​គ្រាប់​វិញ​ជួយ​ឲ្យ​ខេមបូឌាន​ថាយហ្គឺរ តាមស្មើនៅនាទីទី៤៩ ប៉ុន្តែការ​រក​បាន​ម្នាក់​១​គ្រាប់​ទៀត​របស់ ធារី ចន្ថាប៊ីន នៅទីទី៥៣ ខ្សែការពារ Odion Obadin នៅនាទីទី​៨៥ និង វ៉ា សុខថន នៅ​នាទីទី៩០+២ បានជួយ​ឲ្យ​ភ្នំពេញ​ក្រោន ឈ្នះ​ខេមបូឌាន​ថាយ​ហ្គឺរ ៤-១ លើក​នេះ ។

ការ​​ឈ្នះ​​លើក​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ភ្នំពេញក្រោន​មាន​ប្រៀប​លើ​ក្រុម​ខេម​បូឌាន​ថាយ​ហ្គឺរ​យ៉ាង​ខ្លាំង ក្នុង​ការប្រជែង​យក​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័​ត្រ ដើម្បី​ការពារពានរង្វាន់ខ្លួន ជាថ្មីម្តងទៀត ព្រោះ​នៅ​ពេល​នេះ ភ្នំពេញ​ក្រោន មាន​គ្រាប់​បាល់​ចំណេញ​លើស​​ ខេមបូឌាន​ថាយហ្គឺរ​រហូត​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ មុន​ពេល​ក្រុម​ទាំង​២​ត្រូវ​ប្រកួត​ជើង​ទី​២ ដើម្បី​កាត់​សេចក្តី​នៅ​ថ្ងៃ​ពុធ៕