Lewis Hamilton ឈ្នះពានរង្វាន់ពិភពលោកជាលើកទី៣

ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Lewis Hamilton បាន​ឈ្នះ​ពាន​រង្វាន់​​ពិភព​លោក​ជា​លើក​ទី​៣​របស់​គេ​​ទាំង​ភាព​​រំភើប និង​រីក​រាយ​​កាល​ពី​​ថ្ងៃ​អាទិត្យ នៅពេល​ដែល​រូប​គេ​​​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រណាំង​​ដ៏​ស្វិត​ស្វាញ និង​ក្រោម​អាកាស​ធាតុ​សើម និង​ស្ងួត​ក្នុង​ព្រឹត្តិការណ៍ United States Grand Prix​។ កីឡាករ​សញ្ជាតិ​អង់​គ្លេស​វ័យ​៣០​ឆ្នាំ​រូប​នេះ ដែល​​បាន​ចាប់​ផ្តើម​ការ​ប្រណាំង​ពី​លេខ​រៀង​ទី​២នៅលើ​ទីលាន បាន​​ទៅ​ដល់​ទី​ផ្តាច់​ព្រ័ត្រ​ដោយ​នាំមុខ​ក្នុង​ថិរ​វេលា​២,៨៥០​វិនាទី​លើ​មិត្ត​រួម​ក្រុម Mercedes របស់​គេ​គឺ Nico Rosberg ដើម្បីកត់ត្រា​ជ័យ​ជម្នះ​ជា​លើក​ទី​១០​របស់​គេក្នុង​រដូ​វកាល​នេះ​។ បច្ចុប្បន្ន Hamilton មានពិន្ទុ​សរុប​ដែល​មិន​អាច​តាម​ទាន់​ដល់​ទៅ​៣២៧​ពិន្ទុ ដើម្បី​ធ្វើ​ឲ្យ​រូប​គេ​នាំ​មុខ​ដាច់​​ទាំង​ពី​លើ Rosberg ដែល​បាន​បញ្ចប់​ការ​ប្រណាំង​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេ​រិក​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ និង​ម្ចាស់​ជើង​ឯក​ពិភព​លោក​៤​សម័យកាល Sebastian Vettel របស់​ក្រុម Ferrari ដែល​បាន​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​។
1
2
ប៉ុន្តែ Hamilton បាន​ទទួល​ជ័យ​ជម្នះ​របស់​គេ​​ដោយ​សារ​តែ​ការ​​ប្រព្រឹត្តកំហុស​ពី​សំណាក់​កីឡាករ Rosberg នៅ​ជុំ​ទី​៤៩ ដែល​នៅពេលនោះ​រូប​គេ​​បាន​ធ្វើ​ឲ្យមាន​កំហុស​មួយ និង​​បាន​ជួប​បញ្ហានៅ​ផ្លូវ​បត់​ទី​១៥ ខណៈ​ដែល​កីឡាករ​ទាំង​ពីរ​​កំពុង​ប្រជែង​គ្នា​ដណ្តើម​​ការនាំ​មុខ​។ ការ​ប្រពឹត្ត​កំ​ហុស​នោះ​បាន​ធ្វើ​ឲ្យ Hamilton នាំ​មុខ ដណ្តើម​បាន​ជ័យ​ជម្នះ និង​​ឈ្នះពាន​ពិភព​លោក​​​ជា​លើក​ទី​៣​របស់​គេ​​តែម្តង​។ ខណៈ​ដែល​រូប​គេ​​ហាក់​ដូច​ជា​​យំ និង​​បាន​ព្យា​យាម​​គ្រប់​គ្រង​អារម្មណ៍​រំ​ជួល​ចិត្ត Hamilton ​បាន​និយាយ​តាមវិទ្យុ​ទាក់​ទង​​របស់​គេ​ថា៖ «វា​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​​បំផុតនៃ​ជីវិត​របស់​ខ្ញុំ​។ សូម​ថ្លែង​អំណរ​គុណ​ដល់​​​អ្នក​​ទាំង​អស់​គ្នា​ខ្លាំង​ណាស់​ ខ្ញុំ​ពិត​ជា​ដឹង​គុណ​ដល់​អ្នក​ទាំង​អស់​គ្នា​។ ចំពោះ​ក្រុម​គ្រួ​សារ​របស់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​។ អរ​គុណ​អ្នក​ទាំង​អស់​គ្នា​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia