បង្ក្រាប​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀនបាន៦នាក់

ខេត្តពោធិ៍សាត់ ៖ កម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ក្រុង​ពោធិ៍សាត់ ដឹកនាំ​ដោយ​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៦​នាក់​រួម​ជាមួយ​ថ្នាំ​ញៀន និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត នៅ​ក្នុង​សណ្ឋាគារ​ភ្នំ​ពេជ្រ ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​១ ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។

លោក​វរសេនីយ៍ទោ ឈ​ន រិ​ទ្ធិ៍ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​ច្បាស់​ការណ៍​ភ្លាម សមត្ថកិច្ច​យើង​បាន​សហការ​គ្នា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ព្រះរាជអាជ្ញា​រង ចុះ​ទៅ​ព័ទ្ធ​សណ្ឋាគារ​ភ្នំ​ពេជ្រ​ជា​បន្ទាន់ ។ ក្នុង​ប្រតិ​បត្តិការ​នោះ កម្លាំង​បាន​ចូល​ឆែកឆេរ​គ្រប់​បន្ទប់ រក​ឃើញ​មុខសញ្ញា​កំពុង​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៦​នាក់ ក្នុង​បន្ទប់​ចំនួន​៣​គឺ បន្ទប់​លេខ​១០៣, ១០៦ និង​៣០៥ រួម​ជាមួយ​ថ្នាំ​ញៀន និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ព្រមទាំង​បាន​នាំ​ខ្លួន​ក្រុម​ជន​ទាំងនោះ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ។ វត្ថុ​តាង​ដែល​ដកហូត​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន​៣​កញ្ចប់ ទម្ងន់​១៧​ក្រាម​, ទូរស័ព្ទ​៤​គ្រឿង​, ម៉ូតូ​២​គ្រឿង​, ប្រាក់ និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

លោក​វរសេនីយ៍ទោ ឈ​ន រិ​ទ្ធិ៍ បាន​បញ្ជាក់​ថា មុខសញ្ញា​ទាំង​៦​នាក់​នេះ សមត្ថកិច្ច​បាន​ធ្វើតេស្ត ឃើញ​ថា​មាន​ផ្ទុក​សារធាតុ​ញៀន​ទាំងអស់​គ្នា ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត ៕