សម្តេច​ហ៊ុនសែន ទាមទារ​ឲ្យ​លោក​សមរង្ស៊ី សុំទោស​សម្តេច​ជា​សាធារណៈ​

ភ្នំពេញ: កាលពី​ល្ងាច​ថ្ងៃទី​២៥ តុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​បារាំង និង​និស្សិត​កម្ពុជា ជាង​មួយ​ពាន់​នាក់ ដែល​កំពុង​សិក្សា​នៅទីនេះ​។ ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាស​ទាមទារ​ឲ្យ​លោក​សមរង្ស៊ី ត្រូវតែ​សុំទោស​សម្តេច​ជា​សាធារណៈ​ចំពោះ​ទង្វើ និង​ពាក្យសម្តី​របស់លោក​សម​រង្ស៊ី កន្លងមក​។​

​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន បានសរសេរថា សម្តេច​តេ​ជោ តែងតែ​គោរព​ស្រឡាញ់​សិស្ស និស្សិត និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ទោះបី​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ទីណា​ក៏ដោយ​។ ទន្ទឹម​និង​នោះដែរ សម្តេច​តេ​ជោ បាន​ជួយឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​បារាំង​។

​ហ្វេ​ស​ប៊ុ​ក​ដដែល សរសេរ​បន្តថា សម្តេច​តេ​ជោ ក៏បាន​ប្រាប់​ប្អូន​ខ្មែរ​នៅ​បារាំង អំពី​គំនិត​និង​ផែន​ការមិន​ស្មោះត្រង់​របស់​បក្សប្រឆាំង​ដែលមាន​បំណង​ព្យាបាទ​មកលើ​សម្តេច​។ ចំពោះ​មេបក្ស​ប្រឆាំង សម រង្សី គឺត្រូវធ្វើ​ការ​សូមទោស​សម្តេច​តេ​ជោ ជា​សាធារណៈ​ចំពោះ​ទង្វើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​មកលើ​សម្តេច នោះ​ទើប​សង្ឃឹមថា ទំនាក់ទំនង​នយោបាយ អាចឈាន​មករក​ភាពប្រក្រតី​វិញ​បាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានការ​សោកស្តាយ​យ៉ាងខ្លាំង ដែល​បក្សប្រឆាំង​តែងតែ​បង្កអោយមាន​បាតុភាព​មិនល្អ​ជាច្រើន ជាពិសេស​បាតុកម្ម​ដែល​ធ្វើអោយ​បរទេស​មើលងាយ​ខ្មែរ ធ្វើអោយប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​។ ប៉ុន្តែ​បាតុកម្ម​ដែល​រៀបចំឡើង​ដោយ​ក្រុម​ជន​អគតិ​មួយចំនួន​នៅ​ទីក្រុង​ប៉ារីស កាលពី​ល្ងាចម្សិលមិញ គឺ​មិនមាន​ប៉ះពាល់​អ្វី​ដល់​គម្រោង​ជួបជុំ​បងប្អូន និង​និស្សិត​ខ្មែរ​ឡើយ​។

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា ទង្វើ​របស់​បក្សប្រឆាំង ទោះ​ដោយ​ចេញមុខ​ផ្ទាល់ ឬ​ដោយ​ប្រយោល រួមទាំង​ផលប៉ះពាល់​នានា ដែល​នឹង​កើតមានឡើង គឺ​បក្សប្រឆាំង​ខ្លួនឯង ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។ សម្តេច​តេ​ជោ មិន​អាចជួយ​ពួកគេ បាន​តទៅ​ទៀតឡើយ​។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុនសែន ខាងលើនេះ បានធ្វើឡើង ខណៈដែល​សម្តេចតេជោ កំពុងបំពេញទស្សនកិច្ច នៅប្រទេសបារាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា។

ក្នុងពេលជាមួយគ្នានេះ លោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏​កំពុង​ស្ថិត​នៅ​​ប្រទេស​បារាំង ផងដែរ​៕​

សម្តេច​ហ៊ុនសែន ទាមទារ​ឲ្យ​លោក​សមរង្ស៊ី សុំទោស​សម្តេច​ជា​សាធារណៈ​

សម្តេច​ហ៊ុនសែន ទាមទារ​ឲ្យ​លោក​សមរង្ស៊ី សុំទោស​សម្តេច​ជា​សាធារណៈ​

សម្តេច​ហ៊ុនសែន ទាមទារ​ឲ្យ​លោក​សមរង្ស៊ី សុំទោស​សម្តេច​ជា​សាធារណៈ​

សម្តេច​ហ៊ុនសែន ទាមទារ​ឲ្យ​លោក​សមរង្ស៊ី សុំទោស​សម្តេច​ជា​សាធារណៈ​
សម្តេចហ៊ុនសែន ជួបពលរដ្ឋ និងនិស្សិតខ្មែរ នៅប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ( រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន )