ករណី​យោធា​ឆក់​ប្លន់​ដីធ្លី​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្រុក​វ៉ារិន ភ័យខ្លាច​យ៉ាងខ្លាំង​

ករណី​យោធា​កងពលតូច​លេខ​៤២​មួយចំនួន​ប្រើប្រាស់​អាវុធ​គំរាមកំហែង​ឆក់​ប្លន់​ដីធ្លី​ស្រែចម្ការ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយស និង​ឃុំ​វ៉ារិន ស្រុក​វ៉ារិន ខេត្តសៀមរាប កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ព្រោះ​ដីស្រែ​ចម្ការ​គឺជា​អាយុជីវិត​របស់​ពួកគាត់​។ ប្រជាកសិករ​រស់នៅក្នុង​ឃុំ​ស្វាយស និង​ឃុំ​វ៉ារិន បាន​អំពាវនាវ​ឲ្យ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ចាត់វិធានការ​ទប់ស្កាត់​ករណី​ទាហាន​គំរាមកំហែង​ពួកគាត់ ដើម្បី​ដណ្ដើមយក​ដីធ្លី​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តសៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​ផងដែរ​។

​តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​រងគ្រោះ​ជាច្រើន​គ្រួសារ​បាន​ឲ្យ​ដឹងថា តាំងពី​មុនពេល​បុណ្យ​ភ្ជុំបិណ្ឌ​មាន​យោធា​មួយចំនួន​ក្នុង​កងពលតូច​លេខ​៤២ បាន​ប្រើ​អាវុធ​គំរាមកំហែង​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី ដើម្បី​រំលោភ​យក​ដីស្រែ​ចម្ការ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ មាន​ប្រជាពលរដ្ឋ​ខ្លះ​បាននាំគ្នា​ទៅ​លះ​សំអាត​ត្រួយ​ដំឡូង​មី​ក្នុង​ចម្ការ​របស់​ពួកគាត់ ហើយ​ត្រូវ​ទាហាន​កងពលតូច​លេខ​៤២ ប្រើ​កាំភ្លើង​ទៅ​ហាមឃាត់​និង​បាញ់​គំរាម​យ៉ាង​កំរោល​។ ដូច្នេះ​នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ គួរ​ចាត់វិធានការ​ទៅលើ​ទាហាន​ទាំងនោះ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួកគេ​គំរាមកំហែង​និង​ប្រើ​អំណាច​កាំភ្លើង​ដណ្ដើមយក​ដី​ប្រជាពលរដ្ឋ​តទៅទៀត​។

តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​ឃុំ​ស្វាយស និង​ឃុំ​វ៉ារិន បាន​ឲ្យ​ដឹងថា ការដែល​ទាហាន​ខ្លះ​នៃ​កងពលតូច​លេខ​៤២ ប្រើ​អំណាច​ប្រដាប់អាវុធ​ទៅ​គំរាមកំហែង​ឆក់​ប្លន់​ដណ្ដើម​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ទន់ខ្សោយ គឺជា​អំពើ​រំលោភសិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដីចម្ការ​នៅ​ជិត​តំបន់​ភូមិ​តា​នៀល និង​ភូមិ​ច្រាប​ស្វា គឺមាន​ប្រជាពលរដ្ឋ​ឃុំ​ស្វាយស និង​ឃុំ​វ៉ារិន ជា​១០០​គ្រួសារ​ទៅកាន់​កាប់​ដី​ទំហំ​ប្រមាណ​៥០០​ហិកតា ដើម្បី​ដាំ​ដំណាំ​ចិញ្ចឹមជីវិត​ជាច្រើន​ឆ្នាំ​មកហើយ​។ ដូច្នេះ​ការដែល​ទាហាន​ទៅប្រើ​អំណាច​កាំភ្លើង​ទៅ​គំរាម​ដណ្ដើមយក​ដីស្រែ​ចម្ការ​ពី​ប្រជាពលរដ្ឋ គឺជា​រឿង​ដែល​មិនអាច​ទទួលយក​បានឡើយ ហើយ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ត្រូវ​ចាត់វិធានការ​ទៅលើ​ទាហាន​ទាំងនោះ​ជាបន្ទាន់​៕

208_101លោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ54ប្រជាពលរដ្ឋរងគ្រោះទៅសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប